(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២២ នៅទីស្តីការអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ បានរៀបចំពិធីចុះអនុស្សរណៈយោគយល់រវាង និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ និង សាកលវិទ្យាល័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងគោលបំណងបង្កើតទំនាក់ទំនង និង កិច្ចសហប្រតិបត្តិការរយៈពេលវែង ដោយឈរលើមូលដ្ឋានរួម គឺការចូលរួមអភិវឌ្ឍធនធានមនុស្ស ក្នុងវិស័យអចលនវត្ថុនៅកម្ពុជា។

ពិធីចុះអនុស្សរណៈយោគយល់នេះ ប្រព្រឹត្តទៅក្រោមការដឹកនាំរបស់លោក ជូ វណ្ណៈ អគ្គនាយកនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ និង បណ្ឌិត ជួន រតនៈ សាកលវិទ្យាធិការសាកលវិទ្យាល័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អមដោយថ្នាក់ដឹកនាំ និង សហការី សាស្ត្រាស្រចារ្យ និស្សិត និង តំណាងក្រុមហ៊ុនផ្តល់សេវាពាក់ព័ន្ធអាជីវកម្មអចលនវត្ថុ។

បណ្ឌិតសាកលវិទ្យាធិការ បានលើកឡើងថា អនុស្សរណៈនៃការយោគយល់គ្នានេះ សាកលវិទ្យាល័យលទ្ធភាពកាន់តែច្រើនក្នុងការចូលរួមចំណែកពង្រឹង និង ពង្រីកវិស័យអចលនវត្ថុ សំដៅចូលរួមអភិវឌ្ឍ សង្គម-សេដ្ឋកិច្ចកម្ពុជា តាមរយៈការបង្កើតធនធានមនុស្សដែលមានជំនាញវិជ្ជាជីវៈក្នុងវិស័យអចលនវត្ថុកាន់តែច្រើន ឆ្លើយតបទៅនឹងតម្រូវការការងារជាក់ស្តែង ទាំងបច្ចុប្បន្ន និង អនាគត។

ក្នុងពិធីនោះដែរ លោកអគ្គនាយកនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ បានលើកឡើងថា អត្ថប្រយោជន៍នៃការចុះអនុស្សរណៈយោគយល់នាពេលនេះ នឹងផ្តល់ឱកាសឲ្យភាគីទាំងពីរ អាចធ្វើការជាមួយគ្នាកាន់តែជិតស្និទ្ធបន្ថែមទៀត ក្នុងការលើកកម្ពស់ចំណេះដឹង និង ការរៀបចំកម្មវិធីបណ្តុះបណ្តាលកសាង និង អភិវឌ្ឍសមត្ថភាពធនធានមនុស្សក្នុងវិស័យអចលនវត្ថុឱ្យកាន់តែប្រសើរឡើង។

តាមរយៈអនុស្សរណៈនេះ និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ មានតួនាទីចូលរួមពង្រឹងគុណភាពបណ្តុះបណ្តាលរបស់សាកលវិទ្យាល័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ លើជំនាញពាក់ព័ន្ធអចលនវត្ថុ តាមរយៈការបំពេញមុខងារត្រួតពិនិត្យ និង ទទួលស្គាល់កម្មវិធីបណ្តុះបណ្តាល វិញ្ញាបនបត្រវិជ្ជាជីវៈ និង លិខិតបញ្ជាក់ការសិក្សាចេញដោយសាកលវិទ្យាល័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

ជាគ្នាមួយនេះ សាកលវិទ្យាល័យត្រូវរៀបចំ បង្កើត និង ធ្វើបច្ចុប្បន្នភាពកម្មវិធីបណ្តុះបណ្តាល តាមការចាំបាច់ ស្របតាមតម្រូវការ និង ការប្រែប្រួលនៃទីផ្សារការងារពាក់ព័ន្ធអចលនវត្ថុនៅកម្ពុជា ។

ក្នុងពិធីនោះ បណ្ឌិតសាកលវិទ្យាលធិការ ក៏បានជូនដំណឹងពីការបើកថ្នាក់សិក្សាថ្មី ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០២២ នេះតទៅ សម្រាប់សិស្ស និស្សិត បុគ្គលិក មន្ត្រីរាជការ និង សាធារណជន ដែលមានបំណងចង់សិក្សាវិជ្ជាជីវៈលើជំនាញ ១៖ ភ្នាក់ងារអចលនវត្ថុ ២៖ អ្នកវាយតម្លៃអចលនវត្ថុ និង ៣៖ អ្នកគ្រប់គ្រងអចលនវត្ថុ ។

វគ្គបណ្តុះបណ្តាលនេះ នឹងផ្តល់វិញ្ញាបនបត្រទទទួលស្គាល់ជាផ្លូវការ ដោយនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ ចំពោះសិក្ខាកាមដែលប្រឡងបញ្ចប់វគ្គបណ្តុះបណ្តាលដោយជោគជ័យផងដែរ៕