(ភ្នំពេញ)៖ ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំផ្សព្វផ្សាយ និងកំណត់អាទិភាព ស្តីពីនិរន្តរភាពរបស់កម្ពុជា ក្នុងការឆ្លើយតបនឹងជំងឺគ្រុនចាញ់ ដែលប្រព្រឹត្តទៅសណ្ឋាគារភ្នំពេញ នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២២នេះ រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង បានបង្ហាញពីភាពវិជ្ជមាន ក្នុងការលុបបំបាត់ជំងឺគ្រុនចាញ់គ្រប់ប្រភេទ មុនកាលកំណត់ឆ្នាំ២០២៥។
រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បានថ្លែងថា «យើងនឹងប្ដេជ្ញាចិត្ដធ្វើឱ្យបានក្នុងការលុបបំបាត់ការចម្លងជំងឺគ្រុនចាញ់ គ្រប់ប្រភេទមុនកាលកំណត់ ឆ្នាំ២០២៥ ព្រោះយើងបានដឹងជាស្រេចថា តំបន់ណាដែលមានហានិភ័យខ្ពស់។ ដូច្នេះយើងនឹងសម្រុកកម្លាំងទៅតំបន់នោះ ដើម្បីទម្លាក់ការឈឺឱ្យបានកាន់តែលឿន។ បច្ចុប្បន្ននេះ ខេត្ដចំនួន២១ ដែលប្រឈម និងខេត្ដចំនួន២ប៉ុណ្ណោះ ដែលមានហានិភ័យខ្ពស់នៃជំងឺគ្រុនចាញ់ គឺខេត្ដកំពង់ស្ពឺ និងស្ទឹងត្រែង»។
រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បានបន្ដថា «យើងមានប្រព័ន្ធគ្រប់គ្រងជំងឺគ្រុនចាញ់បានល្អហើយ ដូច្នេះអ្វីដែលយើងត្រូវបន្ដធ្វើឱ្យកាន់តែល្អបន្ថែមទៀតនោះ គឺការលើកទឹកចិត្ដដល់អ្នកស្ម័គ្រចិត្ដកំចាត់គ្រុនចាញ់ នៅតាមមូលដ្ឋាន នៅតាមភូមិឃុំ ខណៈដែលអ្នកស្ម័គ្រចិត្ដភូមិ កំពុងធ្វើការងារនេះបានយ៉ាងល្អរួចមកហើយ តែយើងត្រូវលើកទឹកចិត្ដដល់គាត់បន្ថែមទៀត ដោយជួយឧបត្ថម្ភគាំទ្រ មិនមែនតែថវិកានោះទេ គឺទាំងស្មារតី និងផ្ដល់មធ្យោបាយសម្រាប់ធ្វើរោគវិនិច្ឆ័យ ឱសថ មុង សម្ភារមួយចំនួន ដើម្បីឱ្យពួកគាត់ធ្វើការងារនេះជាមួយអ្នកចូលព្រៃ ហើយយើងនឹងធ្វើការងារនេះបន្ថែមទៀត ជាមួយផ្នែកពាក់ព័ន្ធដទៃ ដូចជាក្រសួងបរិស្ថាន និងក្រសួងទេសចរណ៍ជាដើម»។
រដ្ឋមន្ដ្រីបានបញ្ជាក់ថា ប្រទេសកម្ពុជា មានផែនការលុបបំបាត់ជំងឺគ្រុនចាញ់គ្រប់ទម្រង់នៅឆ្នាំ២០២៥ ក្រោមការផ្តួចផ្តើមផ្ទាល់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា។
តាមការបញ្ជាក់របស់លោកវេជ្ជបណ្ឌិត ហ៊ុយ រ៉េកុល ប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុញចាញ់ ប៉ារ៉ាស៊ីតសាស្ត្រ និងបាណកសាស្ត្រ បានឲ្យដឹងថា តាមរយៈនៃការប្រតិបត្តិអន្តរាគមន៍តាមផែនការយុទ្ធសាស្រ្តជាតិលុបបំបាត់ជំងឺគ្រុនចាញ់ឆ្នាំ២០១១-២០២៥ ព្រមជាមួយកិច្ចសហការគាំទ្រពីសំណាក់ដៃគូ និងម្ចាស់ជំនួយ គឺលទ្ធផលទទួលបានជាវិជ្ជមានលើការកាត់បន្ថយចំនួនករណីពីជាង ១០០,០០០ នៅឆ្នាំ២០១០មក នៅត្រឹមតែតិចជាង ១០,០០០ នៅឆ្នាំ២០២១ និងគ្មានករណីស្លាប់រយៈពេល៤ឆ្នាំចុងក្រោយ ពីឆ្នាំ២០១៨មក។
លោកបន្ដថា ជោគជ័យទាំងនេះ បានមកពីការកត្តាគួបផ្សំបន្ថែមជាច្រើនក្នុងការប្រយុទ្ធនឹងជំងឺគ្រុនចាញ់ រួមមាន៖ ការព្យាបាលដោយប្រើការបញ្ចូលគ្នានូវឱសថអាតេមីស៊ីនីនជាមូលដ្ឋាន (ACT) ការពង្រីកទូទាំងប្រទេសនូវការព្យាបាលផ្តាច់ជំងឺគ្រុនចាញ់បង្កដោយផ្លាស់ស្មូឌ្យូមវីវ៉ាក់ ការអនុវត្តន៍ការស្រាវជ្រាវតាមដានជំងឺ ភាពជាម្ចាស់កាន់តែខ្ពស់របស់សហគមន៍លើមុងជ្រលក់ថ្នាំ ការបង្កើតប្រព័ន្ធដ៏រឹងមាំនៃអ្នកធ្វើការតាមភូមិ និងអ្នកធ្វើការគ្រុនចាញ់ចល័តលើការធ្វើរោគវិនិច្ឆ័យរហ័ស និងសេវាព្យាបាលភ្លាមៗទាន់ពេលវេលា ជូនដល់សហគមន៍ដែលមានហានិភ័យទាំងអស់ ប្រព័ន្ធតាមដានជំងឺដែលរឹងមាំ និងការវិនិយោគលើការពង្រឹងប្រព័ន្ធសុខាភិបាលជាច្រើនទៀត។
លោកវេជ្ជបណ្ឌិតបន្តថា បច្ចុប្បន្ននេះ យើងឈានជិតដល់ការលុបបំបាត់ហើយ ប៉ុន្តែផ្លូវសម្រាប់កម្ពុជាឆ្ពោះទៅដល់ការលុបបំបាត់មិនមែនជាប្រការងាយស្រួលឡើយ។ ការប្រឈមនឹងបញ្ហាស៊ាំឱសថប្រឆាំងនឹងមេរោគគ្រុនចាញ់ និងការផ្តល់សេវាជូនសហគន៍ និងប្រជាជនដាច់ស្រយ៉ាលពិបាកចូលទៅដល់ គឺនៅតែមាននៅឡើយ។
ទន្ទឹមនឹងគ្នានៃបញ្ហាប្រឈមទាំងនេះ មជ្ឈមណ្ឌលជាតិប្រយុទ្ធនិងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្រ្ត និងបាណកសាស្រ្ត នៅតែប្តេជ្ញាចិត្តដោយព្យាយាមបំផុតបន្តធ្វើការជាមួយដៃគូរ រាជរដ្ឋាភិបាលរបស់យើង ដៃគូរសហគមន៍អន្តរជាតិ និងសង្គមស៊ីវិល ក្នុងការកសាងកម្មវិធីលុបបំបាត់មួយដែលមានភាពជោគជ័យ។
សព្វថ្ងៃនេះ ក្រោមការចង្អុលបង្ហាញពីលោកសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួង សុខាភិបាល មជ្ឈមណ្ឌលជាតិបានមានក្របខ័ណ្ឌសកម្មភាពលុបបំបាត់ជំងឺគ្រុនចាញ់ (MEAF) មួយលំអិតដ៏ល្អសម្រាប់ឈានទៅលុបបំបាត់ជំងឺគ្រុនចាញ់ ហើយត្រូវបានគាំទ្រដោយដៃគូជាច្រើន ទាំងបណ្តាញរាជរដ្ឋាភិបាល សង្គមស៊ីវិល និងអង្គការអន្តរជាតិ ដែលភាគច្រើនកំពុងមានវត្តមាននៅទីនេះ។
មជ្ឈមណ្ឌលជាតិ ក៏សូមថ្លែងអំណរគុណផងដែរចំពោះ អង្គការសុខភាពពិភពលោក WHO, UNOPS, RSC, CHAI, URC, CRS, MC និងដៃគូជាតិ អន្តរជាតិ និងសង្គមស៊ីវិលផ្សេងៗទៀត ដែលបានបន្តគាំទ្រទាំងផ្នែកបច្ចេកទេស និងកម្មវិធី។
លោកសង្ឃឹមយ៉ាងមុតមាំថា ការបន្តកិច្ចខិតខំប្រឹងប្រែង មានការទទួលខុសត្រូវខ្ពស់ និងចូលរួមគាំទ្រពេញលេញ គឺយើងនឹងសំរេចបានជោគជ័យ លើទិសដៅលុបបំបាត់ការចម្លងជំងឺគ្រុនចាញ់ ដោយមេរោគហ្វាល់ស៊ីប៉ារ៉ូមនៅឆ្នាំ២០២៣ និងគ្មានការចម្លងជំងឺគ្រុនចាញ់គ្រប់ប្រភេទនៅឆ្នាំ២០២៥៕