(ព្រះសីហនុ)៖ ដើម្បីថែរក្សាទីក្រុងឲ្យមានភាពស្រស់ស្អាត និងអនាម័យជាទីក្រុងទេសចរណ៍ អាជ្ញាធរក្រុងព្រះសីហនុ បានចុះផ្សព្វផ្សាយណែនាំពីការរៀបចំសណ្ដាប់ធ្នាប់ បរិស្ថាន អនាម័យឆ្នេរសមុទ្រ ដោយបានប្រាប់អ្នកលក់ដូរ ចល័តតាមឆ្នេរសមុទ្រ និងដងផ្លូវឱ្យបញ្ឈប់ការដាក់តុ កៅអី និងដាក់ចង្ក្រានដាំស្លរម្ហូបអាហារនៅលើឆ្នេរ ត្រឹមថ្ងៃទី៧ នៃខែកក្កដា ឆ្នាំ២០២២។

នៅក្រុងព្រះសីហនុ ថ្ងៃទី០៦ ខែកក្កដានេះ លោក អ៊ី សុខឡេង អភិបាលក្រុងព្រះសីហនុ ប្រាប់ឱ្យដឹងថា «ការផ្សព្វផ្សាយណែនាំឱ្យអ្នកលក់ដូរចល័តនៅតាមឆ្នេរសមុទ្រនេះមានរយៈពេលគ្រប់គ្រាន់ហើយ គឺចាប់ផ្ដើមពីថ្ងៃទី២២ ខែមិថុនា រហូតថ្ងៃទី៧ ខែកក្ដដា ឆ្នាំ២០២២ គឺសង្កេតឃើញថា បងប្អូនប្រជាពលរដ្ឋ ដែលជាអ្នកលក់ដូរចល័តនៅលើឆ្នេរសមុទ្រមានការចូលរួមសហការនូវការណែនាំប្រមាណ ៩០ភាគរយ ប៉ុន្ដែនៅពេលយប់មានការ កើនឡើងច្រើនវិញ»

តែទោះជាយ៉ាងណាក្ដី បើតាមលោក សុខឡេង រដ្ឋបាលក្រុងព្រះសីហនុ នឹងចាត់វិធានការរដ្ឋបាលនៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២២នេះ ហើយដោយមិនបណ្ដោយឱ្យពួកគាត់ ដាក់ចងតង់ ដាក់តុ កៅអី និងដាក់ចង្ក្រានជើងឆ្នាំង ដាំស្លរលក់ដូរ លើឆ្នេរធ្វើឱ្យប៉ះពាល់បរិស្ថាន បាត់បងសោភ័ណភាពទីក្រុង សណ្ដាប់ធ្នាប់ អនាម័យឆ្នេរសមុទ្រទៀតទេ ព្រោះឆ្នេរសុទ្រគឺជាឆ្នេរសាធារណៈសម្រាប់ប្រជាពលរដ្ឋ សាធារណជន ភ្ញៀវទេសចរ មកលេងលម្ហែកម្សាន្ដដោយសេរី។

ពាក់ព័ន្ធនឹងករណីខាងលើនេះ តំណាងក្រុមអ្នកលក់ដូរតាមឆ្នេរនៅឆ្នេរអូរឈើទាល សុំមិនបញ្ចេញអត្ថសញ្ញាណ បានបង្ហើបឱ្យដឹងថា ពួកគាត់គាំទ្រចំពោះការរៀបចំសណ្ដាប់ធ្នាប់ បរិស្ថាន អនាម័យឆ្នេររបស់អាជ្ញាធរ តែវាពិបាកសម្រាប់ពួកគាត់ ដែលរកស៊ីបានបន្ដិចបន្ដូចគ្រាន់ដោះស្រាយជីវភាពរស់នៅប្រចាំថ្ងៃ បើអាជ្ញាធរតម្រូវអញ្ចឹង ពួកគាត់នឹងផ្អាកបន្ដិចសិនចាំស្ងាត់លក់វិញ ឬសុខចិត្ដលក់ដូរកញ្ឆក់កន្ដៀតព្រោះមិនដឹង រកអ្វីហើយគ្មានកន្លែងលក់ដូ រដ្ឋបាលក្រុង មិនទាន់បានបញ្ជាក់ពីដំណោះស្រាយរកកន្លែងលក់ដូរឱ្យពួកគាត់បានប្រកបរបរចិញ្ចឹមជីវិតប្រចាំថ្ងៃយ៉ាងណា នៅឡើយទេ។

គួររំឭកផងដែរថា ដើម្បីថែរក្សាបរិស្ថាន អនាម័យ និងសោភ័ណភាពឆ្នេរ រដ្ឋបាលក្រុង បានធ្វើការផ្សព្វផ្សាយណែនាំបងប្អូន អ្នកលក់ដូរចល័តនៅតាមឆ្នេរសមុទ្រ (មិនមានសេចក្ដីជូនដំណឹងជាផ្លូវការ ឬជាលាយល័ក្ខអក្សរណាមួយឡើយ គ្រាន់តែជា ការផ្សព្វផ្សាយតាមវិទ្យុ ឬចាក់ផ្សាយតាមអាឃោសនស័ព្ទ) ឱ្យបញ្ឈប់ការដាក់តុ កៅអី និងដាក់ចង្ក្រានដាំស្លរម្ហូបអាហារ នៅ លើឆ្នេរ ចាប់តាំងពីថ្ងៃទី២២ ខែមិថុនា ដល់ត្រឹមថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២២។ ករណីនៅតែបន្តលក់ និងមិនស្តាប់ តាមការណែនាំរបស់អាជ្ញាធរ និងសហការជាមួយមន្ទីរពាក់ព័ន្ធ ចុះអនុវត្តវិធានការរដ្ឋបាល ចាប់យកសម្ភារទាំងអស់នោះ និងមិនប្រគល់ជូនវិញទេ៕