(ភ្នំពេញ)៖ លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល នារសៀលថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២២នេះ បានទទួលជួបពិភាក្សាការងារជាមួយ លោក Tai Susumu កុងស៊ុលកិតិ្តយសនៃកម្ពុជាប្រចាំទីក្រុង Sendai ប្រទេសជប៉ុន នៅទីស្តីការក្រសួងសុខាភិបាល ដោយមានការចូលរួមពីលោក Kazuo Ito ជំនួយការកុងស៊ុលកិតិ្តយសនៃកម្ពុជា ប្រចាំទីក្រុង Sendai , លោក លឹម ជាវុត្ថា អគ្គនាយកអង្គភាពព័ត៌មាន Fresh News រួមទាំងមានការចូលរួមពីមន្ត្រីជំនាញពាក់ព័ន្ធ ជាច្រើនរូបទៀតផងដែរ។

ជាកិច្ចចាប់ផ្តេីម លោក Tai Susumu ក៏បាននាំយកអំណោយជាបរិក្ខាពេទ្យមួយចំនួនរួមមាន៖ ឧបករណ៍ធ្វើតេស្ដរកកូវីដ១៩ថ្មី សម្រាប់មនុស្ស ៦០០នាក់ និងក្រដាសពិសោធន៍ ទឹកនោម សម្រាប់មនុស្ស ៣,៦០០នាក់ របស់ក្រុមហ៊ុន Siemens Healthcare ផ្តល់ជូនដល់ក្រសួងសុខាភិបាល ដើម្បីទុកប្រើប្រាស់សម្រាប់ជួយដល់ប្រជាពលរដ្ឋផងដែរ។

លោករដ្ឋមន្ត្រី ម៉ម ប៊ុនហេង ក៏បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់លោកកុងស៊ុលកិតិ្តយសនៃកម្ពុជា ប្រចាំទីក្រុង Sendai ប្រទេសជប៉ុន និងគណៈប្រតិភូ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជានាពេលនេះ។

ជាមួយគ្នានោះលោករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណដល់ក្រុមហ៊ុន Siemens Healthcare តាមរយៈលោកកុងស៊ុលកិតិ្តយសនៃកម្ពុជា ប្រចាំទីក្រុង Sendai ដែលបានឧបត្ថម្ភសម្ភាវេជ្ជសាស្ត្រ ដើម្បីជួយដល់ប្រជាជនកម្ពុជាផងដែរ។

បន្ថែមពីនេះលោក Tai Susumu ក៏បានជម្រាបជូនលោករដ្ឋមន្ត្រី ម៉ម ប៊ុនហេង ពីបំណងរបស់ក្រុមហ៊ុន Siemens Healthcare Co.,Ltd ដែលចង់ធ្វើការ វិនិយោគលើការសាងសង់បើកមន្ទីរពេទ្យ ដែលមានលក្ខណៈស្តង់ដារអន្តរជាតិមកបើកនៅក្នុងប្រទេសកម្ពុជាផងដែរ ខណៈដែលបច្ចុប្បន្នក្រុមហ៊ុនក៏បានបើកដំណើរការ មន្ទីរពេទ្យស្តង់ដារដូចនេះ នៅក្នុងប្រទេសថៃ និងប្រទេសវៀតណាមរួចហើយដែរ។

ជាការឆ្លើយតបលោករដ្ឋមន្ត្រី ម៉ម ប៊ុនហេង ក៏សម្តែងនូវការស្វាគមន៍ និងគាំទ្រឱ្យក្រុមហ៊ុន Siemens Healthcare មកបើកក្នុងប្រទេសកម្ពុជា ក្នុងពេលឆាប់ៗនេះ ដោយសារប្រទេសកម្ពុជា កំពុងតែត្រូវការមន្ទីរពេទ្យដែលមានលក្ខណៈស្តង់ដារដូចនេះ ដើម្បីធ្វើការព្យាបាលជូនប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាពខ្ពស់។

លោករដ្ឋមន្ត្រី បានអះអាងដែរ ថា សម្រាប់មន្ទីរពេទ្យ រួមទាំងសម្ភារវេជ្ជសាស្ត្រទាំងអស់ ដែលមកពីប្រទេសជប៉ុន គឺសុទ្ធតែរបស់ដែលមានគុណភាពខ្ពស់ មានស្តង់ដារអន្តរជាតិ និងមានការទទួល ស្គាល់ខ្ពស់ ដែលអាចជឿទុកចិត្តបានផងដែរ។

ជាកិច្ចបញ្ចប់លោកកុងស៊ុលកិតិ្តយសនៃកម្ពុជា ប្រចាំទីក្រុង Sendai ក៏បានថ្លែងអំណរគុណចំពោះលោករដ្ឋមន្ត្រី ម៉ម ប៊ុនហេង ដែលបានអនុញ្ញាតឱ្យលោក និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនាពេលនេះ និងបានសន្យាជាមួយលោករដ្ឋមន្ត្រី នាំយកដំណឹងល្អប្រាប់ដល់ថ្នាក់ដឹកនាំក្រុមហ៊ុន Siemens Healthcare ពីការគាំទ្ររបស់លោករដ្ឋមន្ត្រី ឱ្យមកបើកដំណើរការមន្ទីរពេទ្យស្តងដារអន្តរជាតិនៅកម្ពុជាផងដែរ៕