(ភ្នំពេញ)៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានអំពាវនាវដល់សាធារណជន ដែលជាម្ចាស់យានយន្តគ្រប់ប្រភេទ រួមទាំងក្រុមហ៊ុនដឹកជញ្ជូនផងដែរ សូមមេត្តាកុំឆ្លៀតឱកាសប្រើប្រាស់ការប្រមូលផ្ដុំក្នុងរូបភាពណាមួយ ដើម្បីស្នើសុំ ឬទាមទារឱ្យមានការលើកលែងលើលក្ខខណ្ឌណាមួយពាក់ព័ន្ធនឹងការកែច្នៃយានយន្តខុសលក្ខណៈបច្ចេកទេស។

តាមរយៈសេចក្ដីជូនដំណឹងនៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២២នេះ ក្រសួងសាធារណការ និងដឹកជញ្ជូន បានអះអាងថា ការកែច្នៃយានយន្ដខុលក្ខណៈបច្ចេកទេស ធ្វើឱ្យប៉ះពាល់ដល់បញ្ហាសុវត្ថិភាពយានយន្ត បង្កឱ្យមានកកស្ទះចរាចរណ៍ និងគ្រោះថ្នាក់ចរាចរណ៍នៅតាមដងផ្លូវ ព្រមទាំងធ្វើឱ្យផ្លូវថ្នល់របស់យើងឆាប់ខូចមុនអាយុកាលកំណត់។

ជាមួយគ្នានេះ ក្រសួងសាធារណការ និងដឹកជញ្ជូន សូមថ្លែងអំណរគុណដល់ប្រជាពលរដ្ឋ ដែលជាម្ចាស់យានយន្តគ្រប់ប្រភេទ ដែលបានចូលរួមសហការអនុវត្តតាមសេចក្ដីណែនាំ និងបំពេញលក្ខខណ្ឌផ្សេងៗ របស់ក្រសួងនាពេលកន្លងមក។

ក្រសួងក៏នៅតែសង្ឃឹមជឿជាក់ថា ប្រជាពលរដ្ឋទាំងអស់ នឹងនៅតែប្រកាន់ស្មារតីបន្តការចូលរួមសហការលើកកម្ពស់សុវត្ថិភាពចរាចរណ៍នៅកម្ពុជា ដោយរក្សាបាននូវសណ្តាប់ធ្នាប់សាធារណៈ មិនត្រូវធ្វើការប្រមូលផ្តុំប្តឹងតវ៉ា ដែលអាចបង្កឱ្យមានការកកស្ទះចរាចរណ៍ និងគ្រោះថ្នាក់ចរាចរណ៍ដល់អាយុជីវិត ធ្វើឱ្យប៉ះពាល់ដល់ពេលវេលា ផលប្រយោជន៍ និងការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋផ្សេងៗទៀត។

ការចេញសេចក្ដីជូនដំណឹងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ធ្វើឡើងបន្ទាប់ពីប៉ុន្មានថ្ងៃនេះ មានករណីប្រមូលផ្ដុំគ្នាតវ៉ាពីសំណាក់ម្ចាស់រថយន្ដធុនធំចង្កូតស្ដាំ ដើម្បីសុំការអនុគ្រោះពីរាជរដ្ឋាភិបាលពាក់ព័ន្ធការកែចង្កូតមកឆ្វេង ហើយតម្រូវឲ្យបង់ពន្ធ ដោយពួកគាត់ស្នើសុំត្រឹមតែបង់ពន្ធ ដោយមិនបាច់កែចង្កូត ដើម្បីជៀសវាងការចំណាយថវិកាច្រើន។ សំណើនេះត្រូវបានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ឯកភាពសម្រេចផ្ដល់ការអនុគ្រោះ។

ប៉ុន្ដែស្រាប់តែនៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២២ ក៏លេចចេញជារូបភាពនៃការតវ៉ាផ្សេងទៀត ពីសំណាក់ម្ចាស់រថយន្ដធុនធំ ដែលបានកែចង្កូតមកឆ្វេង និងបង់ពន្ធរួច សុំកុំឲ្យរាជរដ្ឋាភិបាលសម្រេចបែបនេះទៅវិញ។ សកម្មភាពតវ៉ានេះ បានកើតឡើងនៅតាមបណ្ដោយផ្លូវជាតិលេខ៤ ម្ដុំផ្សារថ្នល់ទទឹង ព្រំប្រទល់ខេត្តកណ្ដាល និងខេត្តកំពង់ស្ពឺ ដែលនាំឲ្យមានការកកស្ទះចរាចរណ៍ រំខាន់ដល់ប្រជាពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវ។

លុះប៉ុន្មានម៉ោងក្រោយមក ក្រុមម្ចាស់រថយន្ដធុនធំទាំងអស់នោះ បានរំសាយគ្នាវិញ បន្ទាប់ពីពួកគាត់បានដាក់ញត្តិជូនអាជ្ញាធររួចរាល់៕