(ភ្នំពេញ)៖ លោកស្រី លី ណារ៉េត អ្នកឯកទេសសុខភាពជាន់ខ្ពស់របស់ធនាគារពិភពលោក បានសម្តែងនូវការអបអរសាទរចំពោះរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងសុខាភិបាល ក្នុងការរៀបចំគម្រោងលើកកម្ពស់គុណភាព និងសមធម៌សុខាភិបាល ដំណាក់កាលទី២ ប្រកបដោយជោគជ័យ។
ការថ្លែងបែបនេះ របស់លោកស្រី ក្នុងឱកាសចូលរួមក្នុងសិក្ខាសាលាស្ដីពី ការរៀបចំផែនការប្រតិបត្តិប្រចាំឆ្នាំរបស់ គម្រោងលើកកម្ពស់គុណភាព និងសមធម៌សុខាភិបាល ដំណាក់កាលទី២ (H-EQIP 2) មានការចូលរួមពី តំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តំណាងធនាគារពិភាពលោក និងដៃគូពាក់ព័ន្ធដូចជា អូស្រ្តាលី អាល្លឺម៉ង់ កូរ៉េ និង Global Financing Facility (GFF) ព្រមទាំងមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត-រាជធានី ទាំង២៥ ក្រោមអធិបតីភាពលោកស្រីវេជ្ជបណ្ឌិត យក់ សម្បត្ដិ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជានាយកគម្រោងលើកកម្ពស់គុណភាព និងសមធម៌សុខាភិបាលដំណាក់កាលទី២ នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២។
លោកស្រីតំណាងធនាគារពិភពលោកបានគូសបញ្ជាក់ថា គម្រោងលើកកម្ពស់គុណភាព និងសមធម៌សុខាភិបាល ដំណាក់កាលទី២ មានរយៈពេលប្រាំឆ្នាំ និងមានសុពលភាពនុវត្តន៍ចាប់ពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២២ តទៅ។ សេវាពិនិត្យរកនិងព្យាបាលជំងឺមិនឆ្លង និងត្រូវពង្រីកក្នុងវិសាលភាពទូទាំងប្រទេស ហើយសេវាពិនិត្យរក និងព្យាបាលការរលាកមុនដំណាក់កាលមហារីកមាត់ស្បូន នឹងត្រូវពង្រីកបន្ថែម ចំនួន ៥០០មណ្ឌលសុខភាព និង៦០មន្ទីរពេទ្យបង្អែក។
លោកស្រីតំណាងធនាគារពិភពលោក ក៏បានថ្លែងអំណរគុណដល់លោកស្រីវេជ្ជបណ្ឌិត យក់ សម្បត្ដិ នាយកគម្រោងលើកកម្ពស់គុណភាព និងសមធម៌សុខាភិបាលដំណាក់កាលទី២ ដែលបានចំណាយពេលវេលាអញ្ជើញជាអធិបតីក្នុងសិក្ខាសាលានាថ្ងៃនេះ និងបានថ្លែងអំណរគុណក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួងសុខាភិបាល ដែលតែងតែសហការសម្របសម្រួលអនុវត្តគម្រោងបានទទួលជោគជ័យ។
ក្នុងឱកាសនោះ លោកស្រីវេជ្ជបណ្ឌិត យក់ សម្បត្ដិ ក៏បានថ្លែងអំណរគុណដល់ធនាគារពិភពលោក និងដៃគូទាំងអស់ ដែលបានចូលរួមចំណែកលើកកម្ពស់សេវាសុខាភិបាលនៅកម្ពុជា។
លោកវេជ្ជបណ្ឌិតបានគូសបញ្ជាក់ថា សិក្ខាសាលារយៈពេល២ថ្ងៃនេះ ផ្តល់ឱកាសឱ្យអ្នកចូលរួមទាំងអស់ ក្នុងការពិនិត្យ និងរៀបចំផែនការប្រតិបត្តិសម្រាប់រយៈពេល ១៨ខែដំបូង របស់គម្រោងលើកកម្ពស់គុណភាព និងសមធម៌សុខាភិបាល ដំណាក់កាលទី២។ ដើម្បីរៀបចំផែនការឱ្យសម្រេចបានទៅតាមគោលដៅកំណត់ អង្គភាពប្រតិបត្តិនីមួយៗ ត្រូវកំណត់អាទិភាពចំនួន៤គឺ៖
១៖ លើកកម្ពស់ការប្រើប្រាស់មូលនិធិសមធម៌ និងការគាំពារហិរញ្ញវត្ថុ ដែលនឹងគាំទ្រចក្ខុវិស័យរបស់ រាជរដ្ឋាភិបាលក្នុងការឈានឆ្ពោះទៅសម្រេចបានការគ្របដណ្តប់សុខភាពជាសកល នៅកម្ពុជានាឆ្នាំ២០៣០
២៖ ពង្រឹងគុណភាព និងសមត្ថភាពផ្តល់សេវាសុខាភិបាល ព្រមទាំងពង្រីកការផ្តល់សេវាជំងឺមិនឆ្លង និងការចូលរួមរបស់សហគមន៍។
៣៖ ការត្រួតពិនិត្យតាមដាន និងគ្រប់គ្រងសមភាពជែនឌ័រ និងសង្គម
៤៖ ការឆ្លើយតបបន្ទាន់នឹងគ្រោះអាសន្ន ដែលនឹងផ្តល់ការឆ្លើយតបបានទាន់ពេលវេលា និងមានប្រសិទ្ធភាពនៅពេលមានគ្រោះអាសន្ន ។
លោកស្រីរដ្ឋលេខាធិការបានគូសរំលេចថា គម្រោងលើកកម្ពស់គុណភាព និងសមធម៌សុខាភិបាលដំណាក់កាលទី១ បានទទួលលទ្ធផលគួរជាទីមោទនៈ ដែលអាចយកជាមេរៀនបទពិសោធន៍ សម្រាប់ការអនុវត្តគម្រោងដំណាក់កាលទី២។
លោកស្រីរដ្ឋលេខាធិការ បានលើកទឹកចិត្តសិក្ខាកាមទាំងអស់ចែករំលែកនូវបទពិសោធន៍ល្អៗសម្រាប់ជាធាតុចូលបន្ថែម ព្រមទាំងរៀបចំផែនការប្រតិបត្តិសម្រាប់រយៈពេល ១៨ខែដំបូង ដើម្បីធានាការអនុវត្តគម្រោងប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល។
លោកស្រីរដ្ឋលេខាធិការក៏បានថ្លែងអំណរគុណ និងកោតសរសើរ ដល់មន្រ្តីសុខាភិបាលគ្រប់លំដាប់ថ្នាក់ អាជ្ញាធរមូលដ្ឋាន និងដៃគូអភិវឌ្ឍន៍ទាំងអស់ ដែលបានចូលរួមចំណែកក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ នៅកម្ពុជា ក្នុងរយៈពេលជាង២ឆ្នាំកន្លងមកនេះ ដែលជោគជ័យនេះកើតឡើង ពីការដឹកនាំដ៏ឈ្លាសវៃប្រកប ដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ជាអគ្គមេបញ្ជការដឹកនាំចង្អុលបង្ហាញផ្ទាល់៕