(ព្រះសីហនុ)៖ កំណាត់ផ្លូវជាតិលេខ៤ ត្រង់ចំណុចស្ពានសំរោង ចន្លោះគីឡូម៉ែត្រលេខ១១៥-១១៦ ស្ថិតនៅភូមិស្ទឹងច្រាល ឃុំអូរបាក់រទះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ប្រឈមនឹងការបិទចរាចរណ៍ជាបណ្ដោះអាសន្នដោយសារជំនន់ទឹកភ្លៀង និងទឹកធ្លាក់មកពីភ្នំគិរីរម្យ ធ្វើឲ្យទឹកជិតឡើងលិចលើផ្លូវជាតិ។

អភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងថា គិតត្រឹមវេលាម៉ោង១ថ្ងៃត្រង់ ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២នេះ កម្ពស់ទឹកនៅចំណុចស្ពានសំរោង បានហក់ឡើងដល់កម្ពស់ ៥.៤ម៉ែត្រ ខណៈកម្ពស់ ៦.២ម៉ែត្រ នឹងលិចលើផ្លូវជាតិតែម្ដង។

លោកអភិបាលខេត្តបានបន្ដទៀតថា ក្នុងករណីទឹកនៅបន្ដជន់ឡើងហើយលិចលើផ្លូវជាតិនោះ អាជ្ញាធរនឹងត្រូវបង្ខំចិត្តបិទចរាចរណ៍ត្រង់ចំណុចនេះជាបណ្ដោះអាសន្នតែម្ដង។ បន្ថែមពីនេះ លោក គួច ចំរើន ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋនៅតំបន់ខាងលើ ទាំងអ្នកដែលត្រូវធ្វើដំណើរឆ្លងកាត់ ត្រូវតែបង្កើននូវការប្រុងប្រយ័ត្នបន្ថែមទៀត ជាមួយនឹងស្ថានភាពលិចលង់នៅពេលនេះ។

សូមជម្រាបថា កាលពីព្រឹកមិញនេះ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ ក៏បានចុះពិនិត្យស្ថានភាពកម្ពស់ទឹកនៅស្ពានស្ទឹងសំរោង ផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ១១៥-១១៦ ស្ថិតនៅភូមិស្ទឹងច្រាល ឃុំអូរបាក់រទះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ និងតាមភូមិសាស្រ្តផ្សេងៗដែលងាយរងការជនលិចផងដែរ។

សូមជម្រាបថា ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២នេះ បានចេញសេចក្តីជូនដំណឹងស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា ដោយបញ្ជាក់ថា ចាប់ពីថ្ងៃនេះដល់ថ្ងៃទី១៤ ខែកក្កដា កម្ពុជានឹងមានភ្លៀងធ្លាក់រាយប៉ាយ លាយឡំផ្គររន្ទះ និងខ្យល់កន្ត្រាក់ ពិសេសតំបន់មាត់សមុទ្រភ្លៀងខ្លាំង ខ្យល់ខ្លាំង និងរលកសមុទ្រខ្ពស់ៗ សូមប្រុងប្រយ័ត្នខ្ពស់។

ក្រសួងបានបញ្ជាក់ថា បន្ទាប់ពីបានធ្វើការតាមដាន ការវិវត្តស្ថានភាពអាកាសធាតុ ជាបន្តបន្ទាប់បានបង្ហាញឲ្យឃើញថា ដោយទទួលរងនូវឥទ្ធិពល ពីប្រព័ន្ធសម្ពាធទាប ITCZ ដែលអូសបន្លាយពីប្រទេសថៃភ្ជាប់ទៅនឹងសម្ពាធទាបសកម្មមួយ នៅលើសមុទ្រចិនខាងត្បូង រួមជាមួយ និងមូសុងនិរតីបក់ខ្លាំង មកលើតំបន់មាត់សមុទ្រ និងភាគខាងក្រោមកម្ពុជាផងនោះ បានធ្វើឲ្យបណ្តាខេត្ត និងរាជធានី នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយ លាយឡំ ដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។

ក្រសួងបន្តថា «ក្នុងនោះនៅថ្ងៃទី១១-១៤ ខែកក្កដា តំបន់មាត់សមុទ្រនឹងអាចមានភ្លៀងធ្លាក់ច្រើនជាប់បន្ត ដែលអាចធ្វើឲ្យ ផ្នែកមួយចំនួននៅក្នុងភូមិសាស្ត្រ រវាងខេត្តកោះកុង និងខេត្តព្រះសីហនុ អាចជួបប្រទះនៅជំនន់ទឹកភ្លៀង។ ទន្ទឹមនោះនៅលើផ្ទៃសមុទ្រនឹងមានភ្លៀងខ្លាំង ខ្យល់ខ្លាំង និងរលកសមុទ្រខ្ពស់ៗ»