(ព្រះសីហនុ)៖ ចាប់ពីម៉ោង៥ល្ងាចថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២នេះ កំណាត់ផ្លូវជាតិលេខ ត្រង់ចំណុចស្ពានសំរោង ស្ថិតក្នុងស្រុកកំពង់សីលា ខេត្តព្រះសីហនុ ត្រូវបានអាជ្ញាធរបិទចរាចរណ៍ជាបណ្ដោះអាសន្ន ដោយសារជំនន់ទឹកភ្លៀងជន់ខ្លាំង រហូតលិចផ្លូវជាតិ។ នេះបើតាមសេចក្ដីជូនដំណឹង របស់រដ្ឋបាលខេត្ដព្រះសីហនុ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន។

រដ្ឋបាលខេត្តព្រះសីហនុ បានបញ្ជាក់យ៉ាងដូច្នេះថា «សូមធ្វើការផ្អាកចរាចរបណ្តោះអាសន្នចំពោះយានយន្តគ្រប់ប្រភេទ ត្រង់ចំណុចគីឡូម៉ែត្រ លេខ១១៥-១១៦ ស្ថិតក្នុងភូមិស្ទឹងសំរោង ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ចាប់ពីម៉ោង ១៧៖០០នាទីល្ងាច ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២នេះតទៅ រហូតដល់មានការជូនដំណឹងជាថ្មី»

រដ្ឋបាលខេត្តព្រះសីហនុ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋដែលត្រូវធ្វើដំណើរតាមផ្លូវជាតិលេខ៤ ពិសេសត្រង់ចំណុចខាងលើ សូមរកផ្លូវវាងជាបណ្ដោះអាសន្នសិន ដើម្បីជៀសវាងនូវគ្រោះថ្នាក់ដែលអាចកើតឡើង ដោយប្រការណាមួយ។

ជាមួយគ្នានេះ កម្លាំងសមត្ថកិច្ចក៏បានត្រៀមជួយសង្គ្រោះប្រជាពលរដ្ឋដែលកំពុងទទួលរងគ្រោះ ដោយសារស្ថានភាពគ្រោះទឹកជំនន់បង្កឲ្យមានផលប៉ះពាល់ដល់ការរស់នៅ និងដំណាំរបស់ប្រជាពលរដ្ឋ នៅក្នុងភូមិក្រាំងអាត់ (ចំណុចក្រាំងអាត់ចាស់) ឃុំកំពង់សីលា ស្រុកកំពង់សីលានេះផងដែរ។

ជាមួយបញ្ហាប្រឈមដែលកំពុងកើតឡើងនេះ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ក៏បានដឹកនាំកម្លាំងប្រដាប់អាវុធ អាជ្ញាធរពាក់ព័ន្ធ ចុះពិនិត្យទីតាំងជាក់ស្ដែងផងដែរ ដើម្បីងាយស្រួលក្នុងការអន្ដរាគមន៍ជួយសង្គ្រោះនៅពេលមានហេតុការណ៍អ្វីកើតឡើង៕