(ភ្នំពេញ)៖ លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល តំណាងលោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានទទួលជួបពិភាក្សាការងារជាមួយប្រភូ និងក្រុមកាងារសម្របសម្រួល និងតំណាងអង្គការ Global Life Sharing របស់កូរ៉េខាងត្បូង ដែលដឹកនាំដោយលោក សុខ សំណាង ជំនួយការសម្តេច សាយ ឈុំ, លោក ជា ធីរិទ្ធ ជំនួយការសម្តេចតេជោនាយករដ្ឋមន្រ្តី និងលោក Kim Jin Ho តំណាងអង្គការ Global Life Sharing ប្រចាំនៅប្រទេសកម្ពុជា។
ក្នុងជំនួបនេះ បានផ្តោតសំខាន់លើការពិភាក្សាពីគម្រោងផ្តល់ជំនួយរបស់អង្គការ Global Life Sharing ក្នុងការបង្កើតមជ្ឈមណ្ឌលស្តារកាយសម្បទាសម្តេចតេជោ ហ៊ុន សែន នៅក្នុងបរិវេណមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ដែលកំពុងតែមានក្នុងតម្រូវការខ្លាំងផ្នែកស្តារកាយសម្បទានេះ។ គម្រោងផ្តល់ជំនួយនេះ រួមមានការសាងសង់អគារ សម្ភារបច្ចេកទេស និងការបណ្តុះបណ្តាលធនធានមនុស្ស។
លោកស្រីវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានថ្លែងថា ក្នុងនាមក្រសួងសុខាភិបាលកម្ពុជា លោកស្រីមានសេចក្តីត្រេកអរ និងស្វាគមន៍ចំពោះអង្គការ Global Life Sharing ដែលមានគ្រោងផ្តល់ជំនួយ ដល់កម្ពុជាក្នុងការបង្កើតនូវមជ្ឈមណ្ឌលស្តារកាយសម្បទាសម្តេចតេជោ ហ៊ុន សែន។ លោកស្រី ចាត់ទុកគម្រោងនេះថា មានសារសំខាន់បំផុតសម្រាប់ជួយប្រជាជនកម្ពុជា និងក្នុងការអភិវឌ្ឍវិស័យសុខាភិបាលនៅក្នុងប្រទេសកម្ពុជា ហើយក្រសួងសុខាភិបាលត្រៀមខ្លួនជានិច្ចដើម្បីសហការជាមួយអង្គការ Global Life Sharing ក្នុងការអនុវត្តគម្រោងនេះឲ្យបានជោគជ័យ។
លោកវេជ្ជបណ្ឌិត ងី ម៉េង ប្រធានមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានអរគុណចំពោះក្រុមការងារសម្របសម្រួល និងអង្គការ Global Life Sharing ដែលបានជ្រើសរើសមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នៅក្នុងគម្រោងផ្តល់ជំនួយ បង្កើតមជ្ឈមណ្ឌលស្តារកាយសម្បទាសម្តេចតេជោ ហ៊ុន សែន ឡើង ព្រោះបច្ចុប្បន្ននេះ ប្រជាពលរដ្ឋដែលមកទទួលសេវាកម្មនេះ នៅក្នុងមន្ទីរពេទ្យមានការកើនឡើងខ្ពស់ ស្របពេលដែលអគារបច្ចុប្បន្ន ដែលទទួលការព្យាបាល ស្តារកាយសម្បទា មានទំហំតូចចង្អៀតខ្លាំង និងមិនសូវមានសម្ភារទំនើប មិនសមស្របនឹងតម្រូវការ។ លោក ងី ម៉េង បន្តថា ប្រជាពលរដ្ឋដែលមកទទួលសេវាកម្មនេះនៅក្នុងមន្ទីរពេទ្យខ្មែរ-សូវៀត ភាគច្រើនសុទ្ធតែប្រជាជនក្រីក្រ។
នៅក្នុងជំនួបនោះដែរ លោក Kim Jin Ho តំណាងអង្គការ Global Life Sharing ប្រចាំនៅប្រទេសកម្ពុជា បានបង្ហាញនូវការសប្បាយចិត្ត និងអរគុណចំពោះក្រសួងសុខាភិបាល ដែលបានផ្តល់ឱកាសដល់ក្រុមការងារ ចូលជួបពិភាក្សា និងគាំទ្រចំពោះគម្រោងផ្តល់ជំនួយរបស់អង្គការ Global Life Sharing ក្នុងការបង្កើតមជ្ឈមណ្ឌលស្តារកាយសម្បទាសម្តេចតេជោ ហ៊ុន សែន។ លោក Kim Jin Ho សន្យានឹងនាំយកនូវអ្វីដែលបានពិភាក្សាគ្នា នៅក្នុងកិច្ចប្រជុំ ដើម្បីដាក់ជូនទៅស្នាក់ការកណ្តាលរបស់អង្គការ Global Life Sharing នៅក្នុងប្រទេសកូរ៉េខាងត្បូង។ លោក សង្ឃឹមថា គម្រោងនឹងចេញជារូបរាងតាមការចង់បានរបស់កម្ពុជា។
សូមបញ្ជាក់ថា នៅដើមខែសីហា ឆ្នាំ២០២២ ខាងមុខនេះ លោក Kim Jung Nam នាយកផ្នែកសហប្រតិបត្តិការ នៃអង្គការ Global Life Sharing នឹងអញ្ជើញមកបំពេញទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជា ដោយគ្រោងនឹងជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេច សាយ ឈុំ ប្រធានព្រឹទ្ធភាកម្ពុជា និងមានការចុះហត្ថលេខាលើការផ្តល់ជំនួយរបស់ពេល ៥ឆ្នាំ ដល់ព្រឹទ្ធកម្ពុជា ក្នុងទំហំទឹកប្រាក់ ១០លានដុល្លារផងដែរ។ ជាមួយគ្នានេះ ក្នុងពេលបំពេញទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជាលោក Kim Jung Nam ក៏នឹងបញ្ជាក់ពីគម្រោងផ្តល់ជំនួយនៃការបង្កើតមជ្ឈមណ្ឌលស្តារកាយសម្បទាសម្តេចតេជោ ហ៊ុន សែន ផងដែរ៕