(ភ្នំពេញ)៖ នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២នេះ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជាប្រធាននៃកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន និងកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍សេដ្ឋកិច្ចអាស៊ានឆ្នាំ២០២២ បានអនុញ្ញាតឱ្យលោកសាស្រ្តាចារ្យ HIDETOSHI NISHIMURA ប្រធានវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់អាស៊ាន និងអាស៊ីបូព៌ា និងសហការី (ERIA) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួងពាណិជ្ជកម្ម។
មុននឹងចាប់ផ្តើមពិភាក្សាការងារ លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតជូនចំពោះគ្រួសារលោក ស៊ីនហ្សូ អាបេ ប្រជាជនជប៉ុន និងរដ្ឋាភិបាលជប៉ុន ចំពោះមរណភាពរបស់អតីតនាយករដ្ឋមន្ត្រី ស៊ីនហ្សូ អាបេ ដែលលោកបានចូលរួមចំណែកយ៉ាងច្រើនក្នុងការអភិវឌ្ឍន៍ប្រទេសកម្ពុជា និងជំរុញទំនាក់ទំនងទ្វេភាគីកម្ពុជា-ជប៉ុន។
ក្នុងជំនួបនេះ លោករដ្ឋមន្ត្រី បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោកសាស្រ្តាចារ្យ និងសហការី ក្នុងដំណើរទស្សនកិច្ចមកកម្ពុជា និងបានវាយតម្លៃខ្ពស់លើកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងក្រសួងពាណិជ្ជកម្ម និងវិទ្យាស្ថាន ERIA ជាពិសេសការគាំទ្រឥតឈប់ឈររបស់វិទ្យាស្ថាន ERIA ក្នុងការអភិវឌ្ឍធនធានមនុស្ស និងវិស័យពាណិជ្ជកម្ម ដើម្បីពង្រឹងសមត្ថភាពមន្ត្រីរាជរដ្ឋាភិបាលកម្ពុជាពាក់ព័ន្ធ តាមរយៈការរៀបចំសិក្ខាសាលា និងការបណ្តុះបណ្តាលផ្សេងៗ បើទោះបីជាមានបញ្ហាប្រឈមបណ្តាលមកពីជំងឺរាតត្បាត COVID-19 ក៏ដោយ។
ឆ្លៀតក្នុងឱកាសនោះ លោក ប៉ាន សូរស័ក្តិ បានជម្រាបជូនគណៈប្រតិភូវិទ្យាស្ថាន ERIA អំពីវឌ្ឍនភាពនៃការអនុវត្តសមិទ្ធផលសេដ្ឋកិច្ចជាអាទិភាពរបស់កម្ពុជា ក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២ និងបានថ្លែងអំណរគុណដល់វិទ្យាស្ថាន ERIA ដែលបានផ្តល់ការសហការគាំទ្រកន្លងមក។ ជាពិសេសការរៀបចំសៀវភៅស្តីពី «ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (អាសិប)៖ ផលប៉ះពាល់ បញ្ហាប្រឈម និងការរីកចម្រើននាពេលអនាគតនៃអាស៊ីបូព៌ានិងអាស៊ាន» ជាមួយវិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវពាណិជ្ជកម្ម (TTRI ) នៃក្រសួងពាណិជ្ជកម្ម។
លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានបង្ហាញការប្តេជ្ញាចិត្តសហការជិតស្និទ្ធជាមួយវិទ្យាស្ថាន ERIA និងសង្ឃឹមយ៉ាងមុតមាំថាវិទ្យាស្ថាន ERIA នឹងបន្តដើរតួនាទីយ៉ាងសំខាន់របស់ខ្លួនក្នុងការជួយដល់រដ្ឋសមាជិកអាស៊ាន ជាពិសេសប្រទេសអភិវឌ្ឍន៍តិចតួច ដូចជាប្រទេសកម្ពុជា ដើម្បីធានាឱ្យមានការចូលរួមប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលនៅក្នុងក្របខ័ណ្ឌអាស៊ាន។
ជាការឆ្លើយតបលោកសាស្រ្តាចារ្យ HIDETOSHI NISHIMURA បានសម្តែងគាវរកិច្ចនិងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្តមរដ្ឋមន្រ្តី ដែលមានសមានចិត្តរំលែកទុក្ខជាមួយគ្រួសារ ប្រជាជន និងរាជរដ្ឋាភិបាលជប៉ុន ចំពោះការបាត់បង់លោកអតីតនាយករដ្ឋមន្ត្រី ស៊ីនហ្សូ អាបេ ដែលជាស្ថាបនិកមួយរបស់វិទ្យាស្ថាន ERIA។
លោកសាស្រ្តាចារ្យ ក៏បានជម្រាបជូនលោករដ្ឋមន្ត្រី អំពីប្រវត្តិនៃការបង្កើតវិទ្យាស្ថាន ERIA និងការចូលរួមចំណែករបស់វិទ្យាស្ថានក្នុងពេលកម្ពុជាធ្វើជាប្រធានអាស៊ានឆ្នាំ២០១២ ក៏ដូចជាឆ្នាំ២០២២នេះ។ ក្នុងនោះវិទ្យាស្ថាន ERIA បាននឹងកំពុងអនុវត្តគម្រោងចំនួន១៧ ក្រោមសសរស្តម្ភសហគមន៍សេដ្ឋកិច្ចអាស៊ាន ដើម្បីគាំទ្រដល់កម្ពុជាក្នុងនាមជាម្ចាស់ផ្ទះសម្រាប់ឆ្នាំ២០២២ ដូចជាការសិក្សាស្តីពីផែនការអភិវឌ្ឍអាស៊ីគ្រប់ជ្រុងជ្រោយ ៣.០ ដែលផ្តោតសំខាន់លើសមាហរណកម្មសេដ្ឋកិច្ច នវានុវត្តន៍ បរិយាប័ន្ន និងចីរភាពក្នុងតំបន់។
ឆ្លៀតក្នុងឱកាសនោះដែរ លោកសាស្រ្តាចារ្យ ក៏បានស្នើសុំឱ្យមានការគាំទ្រពីលោករដ្ឋមន្ត្រីពាណិជ្ជកម្ម ក្នុងនាមជាប្រធាននៃកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន ដើម្បីជំរុញការអនុវត្តគម្រោងទាំងអស់របស់វិទ្យាស្ថានឱ្យទទួលបានជោគជ័យតាមការគ្រោងទុក។
ក្នុងជំនួបនេះភាគីទាំងពីរ បានបង្ហាញពីការប្តេជ្ញាចិត្តធ្វើការយ៉ាងជិតស្និទ្ធជាមួយគ្នា ដើម្បីអនុវត្តនូវគំនិតផ្តួចផ្តើម និងគម្រោងនានាទាំងក្របខ័ណ្ឌទ្វេភាគី និងក្នុងតំបន់ ដើម្បីពង្រឹងទំនាក់ទំនង និងជំរុញកិច្ចសហប្រតិបត្តិការ ឱ្យកានតែស៊ីជម្រៅបន្ថែមទៀត។
គួរជម្រាបផងដែរថា វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់អាស៊ាន និងអាស៊ីបូព៌ា (ERIA) គឺជាអង្គការអន្តរជាតិមួយដែលត្រូវបានបង្កើតឡើងដោយកិច្ចព្រមព្រៀងជាផ្លូវការក្នុងចំណោមប្រមុខរដ្ឋាភិបាលចំនួន១៦ នៅក្នុងកិច្ចប្រជុំកំពូលអាស៊ីបូព៌ាលើក ទី៣ នៅប្រទេសសិង្ហបុរី នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០០៧។ វិទ្យស្ថាន ERIA ធ្វើការយ៉ាងជិតស្និទ្ធជាមួយលេខាធិការដ្ឋានអាស៊ាន ក៏ដូចជាអ្នកសិក្សាស្រាវជ្រាវនានា ក្នុងការវិភាគ និងផ្តល់អនុសាសន៍គោលនយោបាយ ជាដើម ដើម្បីគាំទ្រដល់ដំណើរការសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់ក្នុងចំណោមប្រទេសសមាជិកអាស៊ាន។ វិទ្យាស្ថាន ERIA ក៏បានចូលរួមយ៉ាងសកម្មក្នុងការកសាងសមត្ថភាព និងការស្រាវជ្រាវនៅក្នុងប្រទេសអភិវឌ្ឍន៍តិចតួច ផងដែរ៕