(សិង្ហបុរី)៖ ធនាគារជាតិនៃកម្ពុជា និងធនាគារកណ្ដាលបារាំង បានចុះអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការ លើការលើកកម្ពស់ការអភិវឌ្ឍន៍ សមត្ថភាពធនធានមនុស្ស និងការពង្រឹងប្រព័ន្ធហិរញ្ញវត្ថុ។
ការចុះអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការ ធ្វើឡើងក្រោមការចូលរួមពីលោក ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា និងលោក François Villeroy de Galhau ទេសាភិបាលធនាគារកណ្តាលបារាំង នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ ក្នុងប្រទេសសិង្ហបុរី។
ការចុះហត្ថលេខាលើអនុស្សរណៈនេះ ត្រូវបានធ្វើឡើងដោយផ្អែកលើការអនុវត្ត ប្រកបដោយជោគជ័យនូវអនុស្សរណៈ ដែលធនាគារកណ្តាលទាំងពីរ បានចុះចាប់តាំងពីឆ្នាំ២០០៦កន្លងមក។
អនុស្សរណៈថ្មីនេះ មានគោលបំណងលើកកម្ពស់ ការអភិវឌ្ឍសមត្ថភាពធនធានមនុស្ស និងការពង្រឹងប្រព័ន្ធហិរញ្ញវត្ថុបន្ថែមទៀត។ អនុស្សរណៈនេះ ក៏នឹងជួយលើកកម្ពស់កិច្ចសហប្រតិបត្តិការ ជាលក្ខណៈអន្តរជាតិ និងការផ្លាស់ប្តូរបទពិសោធន៍ទៅវិញទៅមក សំដៅបម្រើដល់ផលប្រយោជន៍ នៃធនាគារកណ្តាលទាំងពីរ។
លោក ជា ចាន់តូ បានថ្លែងឲ្យដឹងថា «ធនាគារជាតិនៃកម្ពុជា និងធនាគារកណ្តាលបារាំង បានបង្កើតទំនាក់ទំនងទ្វេភាគីយ៉ាងរឹងមាំ លើភាពជាដៃគូដ៏យូរអង្វែង និងគួរឱ្យទុកចិត្ត ហើយខ្ញុំជឿជាក់យ៉ាងមុតមាំថា ការចុះហត្ថលេខាលើអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការថ្មីនេះ នឹងពង្រឹងកិច្ចសហប្រតិបត្តិការបច្ចេកទេស ឱ្យកាន់តែគ្រប់ជ្រុងជ្រោយបន្ថែមទៀត ដើម្បីផ្តល់ប្រយោជន៍ដល់ភាគីទាំងពីរ»។
លោកបានបន្ដថា ពិតជាមានសេចក្តីសោមនស្សរីករាយចំពោះវត្តមាននៃការិយាល័យតំណាង របស់ធនាគារកណ្តាលបារាំងប្រចាំតំបន់អាស៊ី ដែលនឹងសម្រួលដល់ការអនុវត្តអនុស្សរណៈនេះ ឱ្យទទួលបានផ្លែផ្កាស្របតាមគោលដៅដែលរំពឹងទុក»។
លោក François Villeroy de Galhau បានថ្លែងថា «ការចុះហត្ថលេខាលើអនុស្សរណៈ នៃកិច្ចសហប្រតិបត្តិការរវាងធនាគារកណ្តាលបារាំង និងធនាគារជាតិនៃកម្ពុជានាពេលនេះគឺជាសមិទ្ធផលថ្មីមួយ ក្នុងការពង្រីកទំនាក់ទំនងឱ្យកាន់តែទូលំទូលាយ និងយូរអង្វែងរវាងធនាគារកណ្តាលទាំងពីរ។ ខ្ញុំជឿជាក់ថា ការិយាល័យតំណាងរបស់ធនាគារកណ្តាលបារាំងនៅអាស៊ី នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញឱ្យការអនុវត្តលើអនុស្សរណៈ នៃកិច្ចសហប្រតិបត្តិការនេះ កាន់តែមានភាពពេញលេញ សម្រាប់ជាប្រយោជន៍ដល់ធនាគារកណ្តាលទាំងពីរ»៕