(ព្រះវិហារ)៖ ក្រុមការងារការិយាល័យលូទឹក និងស្ថានីយ៍ចម្រោះទឹកកខ្វក់ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២នេះ បានចុះស្តារ សម្អាត ធូលី និងសំរាម ក្នុងលូអ៊ុយ តាមបណ្តោយផ្លូវជាតិលេខ៦២ គីឡូម៉ែត្រ 212+000 ចំណុចរង្វង់មូលស្រអែម ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដើម្បីបញ្ជៀសការលិចលង់តាមផ្លូវនារដូវវស្សានេះ។

បើតាមលោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានបញ្ជាក់ប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តព្រះវិហារ ថា «រយៈពេលប៉ុន្មានថ្ងៃនេះ មេឃបានចាប់ផ្តើមធ្លាក់ភ្លៀងរហូត ជាហេតុបណ្តាលឱ្យមានទឹកហូរនាំធូលី និងសំរាមធ្លាក់ចូលលូទឹករបស់យើង បណ្តាលឱ្យលូមួយចំនួនមានការកកស្ទះ មិនអាចឱ្យទឹកហូរបានទាន់ពេលវេលា ធ្វើឱ្យកន្លែងខ្លះមានការដក់ទឹករយៈពេលយូរ រំខានដល់ការប្រកបមុខរបរ និងការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ»។

ជាមួយគ្នានេះដែរ លោកបានបន្តថា ដោយពិនិត្យឃើញស្ថានភាពជាក់ស្តែងដែលផ្តើមចេញពីកត្តាធម្មជាតិ លោកក៏បានណែនាំដល់ក្រុមការងារការិយាល័យលូទឹក និងស្ថានីយ៍ចម្រោះទឹកកខ្វក់ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ចុះកាយសម្អាត ធូលី និងសំម តាមលូអ៊ុយ នៅទីប្រជុំជនរង្វង់មូលឃុំស្រអែម ដើម្បីបញ្ជៀសការលិចលង់ផ្លូវនារដូវវស្សាដែលបណ្តាលមកពីស្ទះលូ។

លោក សំ លាងទ្រី ក៏បានបញ្ជាក់ផងដែរថា ស្របពេលដែលរដូវវស្សាចូលមកដល់ សកម្មភាពការងាររបស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តហាក់មានការកើនឡើងទ្វេរដង ដូចជាសកម្មភាពជួសជុល ថែទាំផ្លូវថ្នល់ សកម្មភាពលូទឹក សកម្មភាពកាត់សម្អាតរុក្ខាជាតិសងខាងផ្លូវ.....ជាដើម។

លោកថារដូវវស្សា ផ្លូវក៏ឆាប់ខូចដូចជាមាន៖ ក្រលុក សំបុកមាន់ លូក៏ចាប់ផ្តើមស្ទះ រក្ខាជាតិក៏ចាប់ផ្តើមលូតលាស់ ប៉ុន្តែដោយអនុវត្តតាមការណែនាំពីលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងលោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ មន្ទីរបានយកចិត្តទុកដាក់ខ្ពស់ធ្វើការជួសជុល ថែទាំជាប្រចាំ ធ្វើយ៉ាងណាមិនឱ្យរំខានដល់ការធ្វើដំណើរ និងការរស់នៅរបស់ប្រជាពលរដ្ឋនោះទេ។

ជាមួយគ្នានេះដែរ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋដែលរស់នៅដងផ្លូវជាតិសំខាន់ៗ សូមចូលរួមថែរក្សាអនាម័យ បរិស្ថានឱ្យបានល្អ ដោយត្រូវវេចខ្ចប់ ទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ចៀសវាងទុកដាក់សម្រាមពាសវាលពាសកាល ជាពិសេសទុកដាក់តាមមាត់លូបង្ហូរទឹកជាដើម៕