(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងលោក ដាតូ អ៉ីរីវ៉ាន់ ពើហ៉ើន យូស៊ូហ៍ (Dato Erywan Pehin Yusof) រដ្ឋមន្ត្រីការបរទេសទី២ នៃព្រុយណេដារ៉ូស្សាឡាម បានជួបប្រជុំតាមប្រព័ន្ធវីដេអូ ដើម្បីពិភាក្សាអំពីបញ្ហានានាពាក់ព័ន្ធទៅនឹងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន លើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលនឹងប្រព្រឹត្តទៅនាពេលខាងមុខ។
ក្នុងជំនួបនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២ រដ្ឋមន្ត្រីទាំងពីរ ក៏ពិភាក្សាអំពីការធ្វើឱ្យកាន់តែស៉ីជម្រៅបន្ថែមទៀត នូវចំណងមិត្តភាពទ្វេភាគី ខណៈពេលដែលប្រទេសទាំងពីរកំពុងប្រារព្ធខួបលើកទី៣០ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា និងព្រុយណេដារ៉ូស្សាឡាម។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន បញ្ជាក់ទៀតថា រដ្ឋមន្ត្រីការបរទេសទី២ នៃព្រុយណេដារ៉ូស្សាឡាម បានរំឭកឡើងវិញនូវការគាំទ្រយ៉ាងពេញទំហឹងរបស់ប្រទេសព្រុយណេដារ៉ូស្សាឡាម ចំពោះភាពជាប្រធានអាស៊ានរបស់កម្ពុជា នៅក្នុងការដឹកនាំអាស៊ានឆ្លងកាត់បញ្ហាប្រឈមធំៗជាច្រើនរបស់ពិភពលោក នាពេលបច្ចុប្បន្ននេះ។ លោកបានចែករំលែកទស្សនៈ អំពីមធ្យោបាយដើម្បីពង្រឹងភាពជាដៃគូសន្ទនារវាងអាស៊ាន និងចក្រភពអង់គ្លេស និងនូវែលសេឡង់ ដែលព្រុយណេដារ៉ូស្សាឡាមកំពុងដើរតួនាទី ជាប្រទេសសម្របសម្រួលរបស់អាស៊ាន។
រដ្ឋមន្ត្រីការបរទេសទី២ នៃព្រុយណេដារ៉ូស្សាឡាម ក៏បានសម្ដែងនូវលើកទឹកចិត្តយ៉ាងមុតមាំចំពោះកិច្ចខិតខំប្រឹងប្រែងឥតឈប់ឈររបស់លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក្នុងឋានៈជាប្រេសិតពិសេសរបស់ប្រធានអាស៊ានស្ដីពីមីយ៉ាន់ម៉ា និងបានចែករំលែកទស្សនៈ និងគំនិតរបស់លោកអំពីរបៀបដែលអាស៊ានអាចជំរុញបន្ថែមទៀតនូវការអនុវត្តការព្រមព្រៀងជាឯកច្ឆន្ទ ៥ចំណុចរបស់មេដឹកនាំអាស៊ាន។
ជាការឆ្លើយតប លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានថ្លែងអំណរគុណរដ្ឋមន្ត្រីការបរទេសទី២ នៃព្រុយណេដារ៉ូស្សាឡាម ចំពោះការគាំទ្ររបស់ព្រុយណេដល់កម្ពុជា និងបានចែករំលែកទស្សនៈរបស់លោកលើបញ្ហាពហុភាគីផ្សេងៗ និងកិច្ចសហប្រតិបត្តិការដែលមានផលប្រយោជន៍រួមគ្នា។ ភាគីទាំងពីរ បានបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការពហុភាគី ដើម្បីបុព្វហេតុនៃសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងតំបន់ និងក្រៅតំបន់។
រដ្ឋមន្ត្រីទាំងពីរក៏បានពិភាក្សាផងដែរអំពីទំនាក់ទំនងទ្វេភាគី និងបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងមិត្តភាពដ៏ជិតស្និទ្ធរវាងប្រទេសទាំងពីរក្នុងរយៈពេលបីទសវត្សរ៍កន្លងមកនេះ ដែលត្រូវបានពង្រឹងជាបន្តបន្ទាប់នៅលើវិស័យជាច្រើន ដើម្បីផលប្រយោជន៍ទៅវិញទៅមករបស់ប្រជាជន និងប្រជាជាតិទាំងពីរ៕