(ព្រះវិហារ)៖ លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានក្រើនរំលឹកដល់មន្ដ្រីក្រោមឱវាទរបស់ខ្លួន មិនត្រូវធូររលុងក្នុងការផ្ដល់ប័ណ្ណបើកបរនោះទេ ពិសេសអ្នកដែលមិនមានមុខមកប្រឡង តែអាចទទួលបានប័ណ្ណបើកបរ។

ក្នុងកិច្ចប្រជុំឆ្លងរបាយការណ៍លទ្ធផលការងារខែកក្កដា និងលើកទិសដៅអនុវត្ត សម្រាប់ខែសីហា របស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី២១ ខែកក្កដាឆ្នាំ២០២២ លោក សំ លាងទ្រី ក៏បានដាក់បទបញ្ជាមិនឲ្យរថយន្តដឹកទំនិញធុនធ្ងន់ទាំងអស់ដែលបើកឆ្លងកាត់ស្ថានីយ៍ថ្លឹងរថយន្ត ដាច់ខាតត្រូវចូលថ្លឹងទាំងអស់ដោយគ្មានការយោគយល់នោះទេ ចំពោះមន្ត្រីដែលប្រព្រឹត្តល្មើសត្រូវទទួលខុសត្រូវដោយខ្លួនឯង។

លោកបន្ដទៀតថា មួយរយៈកាលកន្លងមកនេះ លោកលេចឮព័ត៌មានមិនល្អមួយចំនួនរបស់មន្ត្រីនៅក្នុងមន្ទីរសាធារណការ ប៉ុន្តែព័ត៌មាននោះមិនមានមូលដ្ឋានពិតប្រាកដនោះទេ គ្រាន់តែគេដើរនិយាយ និងបង្ហោះក្នុងគ្រុបតាមតេឡេក្រាម អាចក្នុងន័យមូលបង្កាច់ និងបង្ខូចឈ្មោះមន្ត្រីយើងក៏ថាបាន។

ប៉ុន្តែទោះជាយ៉ាងណា ក្នុងនាមមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ពិសេសដោយអនុវត្តតាមការណែនាំពីលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោក សំ លាងទ្រី បានហាមដាច់ខាតដល់មន្ត្រី ពិសេសមន្ត្រីជំនាញតាមការិយាល័យមួយចំនួន ពាក់នឹងការផ្តល់បណ្ណបើកបរ បើគ្មានមុខមកប្រឡងទេ គឺហាមផ្តល់ប័ណ្ណបើកបរឲ្យជាដាច់ខាត។

ពាក់ព័ន្ធនឹងរថយន្តដឹកទំនិញធុនធ្ងន់ដែលបើកបរឆ្លងកាត់ជញ្ជីង ដាច់ខាតត្រូវតែចូលថ្លឹង ចំពោះមន្ត្រីដែលប្រព្រឹត្តត្រូវទទួលខុសត្រូវដោយខ្លួនឯង ចំពោះអ្នកថា អ្នកដើរនិយាយត្រូវមានភ័ស្តតាងផង តើឡានដឹកអី លេខប៉ុន្មាន ដឹកថ្ងៃណា ម៉ោងប៉ុន្មាន កុំចេះតែមានមាត់និយាយដោយគ្មានមូលដ្ឋាន គ្មានភស្តុតាងច្បាស់លាស់។

លោក សំ លាងទ្រី ក៏បានថ្លែងណែនាំដល់មន្ត្រីទាំងអស់ត្រូវយកចិត្តទុកដាក់បម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យបានល្អ ឲ្យបានរហ័ស និងត្រូវមកបំពេញការងារឲ្យទាន់ពេលវេលា មិនថាមន្ត្រីដែលនៅក្នុងមន្ទីរសាធារណការទេ មន្ត្រីជួរមុខនៅច្រកចេញចូលតែមួយដែលទាក់ទិនជាមួយមន្ត្រីសាធារណការក៏ដូច្នេះដែរ ត្រូវតែរហ័ស។ ជាមួយគ្នានេះ លោកក៏ប្រាប់មន្ត្រីទាំងអស់ត្រូវចូលរួមគោរពទង់ជាតិឲ្យបានគ្រប់ៗគ្នារៀងរាល់ព្រឹកថ្ងៃច័ន្ទ និងត្រូវធ្វើពលកម្មសម្អាតបរិវេណមន្ទីរ និងនៅតាមការិយាល័យនានា ១ម៉ោងរៀងរាល់ល្ងាចថ្ងៃសុក្រ៕