(ប៉ារីស)៖ លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា បានដឹកនាំសហការីចូលរួមប្រជុំស្តីពីការបូកសរុបការងារ និងទិសដៅការងាររបស់គណៈកម្មាធិការអាយស៊ីស៊ី-អង្គររយៈពេល៣០ឆ្នាំ និងការពិភាក្សាទស្សនវិស័យរយៈពេល១០ឆ្នាំខាងមុខទៀត (២០២៣-២០៣៣) នាទីក្រុងប៉ារីស ប្រទេសបារាំង។
អង្គប្រជុំនោះមានការចូលរួមពីលោក ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា លោក បុង សុវត្ថិ ឯកអគ្គរាជទូត ប្រតិភូអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការយូណេស្កូ និងភាគីពាក់ព័ន្ធសំខាន់មួយចំនួនទៀត ដូចជា ភាគីបារាំងដឹកនាំដោយលោក Matthieu PEYRAUD តំណាងក្រសួងការបទេសបារាំង លោក Bruno FAVEL លោកស្រី Francine d'ORGEVAL តំណាងក្រសួងវប្បធម៌បារាំង ភាគីជប៉ុនដឹកនាំដោយលោក MIZUTANI Toshihiko លេខាទីមួយ ប្រតិភូអចិន្ត្រៃយ៍នៃប្រទេសជប៉ុនប្រចាំអង្គការយូណេស្កូ លោកស្រី Nao HAYASHI តំណាងអង្គការយូណេស្កូទីក្រុងប៉ារីស។ រីឯតំណាងគណៈកម្មាធិការអាយស៊ីស៊ី-អង្គរមានការចូលរួមដោយលោកសាស្ត្រាចារ្យ Azedine BESCHAOUCH លេខាធិការវិទ្យាសាស្ត្រអចិន្ត្រៃយ៍នៃគណៈកម្មាធិការអាយស៊ីស៊ី-អង្គរ និងលោកសាស្ត្រាចារ្យ Mounir BOUCHENAKI អ្នកជំនាញចំពោះកិច្ចសម្រាប់ការអភិរក្សនៃគណៈកម្មាធិការអាយស៊ីស៊ី-អង្គរ។
គួរបញ្ជាក់ថា នៅក្នុងសម័យប្រជុំពេញអង្គលើកទី២៨នៃគណៈកម្មាធិការអាយស៊ីស៊ី-អង្គរ នាទីស្នាក់ការអាជ្ញាធរជាតិអប្សរា នៅខេត្តសៀមរាប សហប្រធាននៃគណៈកម្មាធិការនេះគឺប្រទេសបារាំងនិងជប៉ុនបានប្រកាសយ៉ាងឱឡារិកអំពីការបន្តបេសកកម្មជ្រោមជ្រែងចំនួន១០ឆ្នាំបន្តទៀតដល់កម្ពុជាក្នុងកិច្ចការអភិរក្សនិងអភិវឌ្ឍប្រកបដោយចីរភាពរមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ៕