(រតនគិរី)៖ ដើម្បីបញ្ជ្រាបការយល់ដឹងពីច្បាប់ចរាចរណ៍ផ្លូវគោក ឲ្យកាន់តែជ្រួតជ្រៀបបន្ថែមទៀតនោះ ព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២នេះ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តរតនគិរី សហការជាមួយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត បានបើកវគ្គបណ្ដុះបណ្ដាលស្ដីពី «សុវត្ថិភាពចរាចរណ៍ផ្លូវគោក» ជូនដល់សមាជិក សមាជិកា ស.ស.យ.ក ខេត្ត ចំនួន១០០នាក់។

វគ្គបណ្តុះបណ្តាលដ៏មានសារៈសំខាន់នេះ ប្រារព្ធធ្វើឡើងនៅសាលប្រជុំអគារ A សាលាខេត្ត ក្រោមអធិបតីភាពលោក ញ៉ែម សំអឿន អភិបាលខេត្ត និងជាប្រធានស.ស.យ.ក ខេត្តរតនគិរី។

ថ្លែងក្នុងឱកាសនោះ លោក ញ៉ែម សំអឿន បានបញ្ជាក់ថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី សមិទ្ធផលជាតិសំខាន់ៗនានា ត្រូវបានស្ថាបនាកសាងឡើង ក្នុងនោះហេដ្ឋារចនាសម្ព័ន្ធផ្លូវ ស្ពាន ក៏ត្រូវបានកសាងយ៉ាងប្រទាក់ក្រឡា តភ្ជាប់ពីតំបន់មួយទៅតំបន់មួយ ពីទីក្រុង រហូតដល់ ជនបទដាច់ស្រយ៉ាល ក្នុងគោលបំណងដើម្បីផ្ដល់ភាពងាយស្រួលដល់ការធ្វើចរាចរណ៍ និងដឹកជញ្ជូន។

ប៉ុន្តជាមួយនឹងភាពងាយស្រួលខាងលើនេះ ក៏មានអ្នកបើកបរ និងអ្នកប្រើប្រាស់ផ្លូវមួយចំនួន ដែលមិនបានចូលរួមគោរព ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកឲ្យបានត្រឹមត្រូវ ខ្វះការគោរពសិទ្ធិគ្នា បង្កឲ្យមានភាពអនាធិបតេយ្យដូចជា បើកបរក្នុងល្បឿនលឿន ហួសច្បាប់បានកំណត់, បើកបរក្នុងស្ថានភាពស្រវឹង, បើកបរប្រណាំងប្រជែង, បើកបរមិនគោរពស្លាកសញ្ញា គំនូសសញ្ញា និងភ្លើងសញ្ញាចរាចរណ៍។

លោកបន្តថា ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅក្នុងប្រទេសកម្ពុជា គឺតម្រូវឲ្យប្រជាពលរដ្ឋទាំងអស់ទូទាំងប្រទេស មានការចូលរួមទាំងអស់គ្នា ក្នុងការបើកបរយានយន្តត្រូវគោរពទៅតាមល្បឿនកំណត់ ដោយច្បាប់ចរាចរណ៍ ព្រោះល្បឿនជាមូលហេតុចំបងដែលបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍ ហើយមុននឹងចេញដំណើរបើកបរតាមដងផ្លូវសាធារណៈ ត្រូវពាក់ខ្សែក្រវ៉ាត់ និងពាក់មួកសុវត្តិភាពរាល់ពេលធ្វើដំណើរតាមដងផ្លូវ។

ដូចេ្នះវគ្គបណ្ដុះបណ្ដាលនេះ មានសារៈសំខាន់ណាស់ សម្រាប់យុវជន ស.ស.យ.ក ដោយបានផ្ដល់នូវព័ត៌មាន និងចំណេះដឹង ពីផលប្រឈមនៃការបើកបរហួសល្បឿនកំណត់ ពាក់ព័ន្ធបញ្ញតិ្តច្បាប់ចរាចរណ៍ និងឆ្លើយតបនឹងកាលៈទេសៈដែលរាជរដ្ឋាភិបាលកម្ពុជា ខំប្រឹងកំពុងពុះពារយ៉ាងសកម្ម ក្នុងការទប់ស្កាត់លុបបំបាត់គ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា។

លោក ញ៉ែម សំអឿន ក៏បានដាស់តឿនដល់យុវជនទាំងអស់ ដែលជាទំពាំងស្នងឫស្សីរបស់ប្រទេសជាតិ ត្រូវធ្វើជាគំរូក្នុងការគោរពច្បាប់ចរាចរណ៍ផ្លូវគោក ដែលផ្តើមពីច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ចាប់ពីពេលនេះទៅ ព្រោះថាសកម្មភាពរបស់យុវជន ស.ស.យ.កខេត្ត គឺជាគំរូដល់ល្អក្នុងការគោរព និងអនុវត្តច្បាប់ ហើយបានបង្ហាញយ៉ាងច្បាស់អំពីឥរិយាបថ និងស្មារតីទទួលខុសត្រូវយ៉ាងជាក់ស្តែងរបស់យុវជនផងដែរ។ នាឱកាសនោះលោកក៏បានចែក និងពាក់មួកសុវត្ថិភាពជូនដល់អ្នកចូលរួមផងដែរ៕