(ភ្នំពេញ)៖ មន្រ្តីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ បានថ្លែងប្រាប់អង្គភាព Fresh News នៅមុននេះថា «គិតត្រឹមវេលាម៉ោង៨៖០០នាទីយប់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៦នេះ លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ កំពុងស្ថិតនៅក្នុងទីស្នាក់ការគណបក្សនៅឡើយទេ គឺមិនទាន់ចេញទៅណាឡើយ»

មន្រ្តីរូបនេះ ក៏មិនហ៊ានទាន់ដឹងច្បាស់ថា​ តើលោក កឹម សុខា នឹងត្រូវចាប់ខ្លួន ឬមួយយ៉ាងណានោះទេ ដោយរង់ចាំតាមដានសភាពការណ៍តទៅទៀត។ នៅល្ងាចមិញនេះ លោក អេង ឆៃអ៊ាង មន្រ្តីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ បា​នថ្លែងថា គណបក្សសង្គ្រោះជាតិ មិនទាន់មានប្រតិកម្មអ្វីនោះទេ គឺនៅរក្សាស្ថានភាពស្ងៀមស្ងាត់ មិនដូចព័ត៌មានលើកឡើងថា CNRP បានធ្វើលិខិត អន្តរាគមន៍ទៅសម្តេចក្រឡាហោម, លោក កឹម សុខា ប្រគល់ខ្លួនឲ្យសមត្ថកិច្ចចាប់ និងព័ត៌មានអំពីការផ្ទេរការគ្រប់គ្រងឲ្យលោក ប៉ុល ហំម ដឹកនាំគណបក្ស។ 

សូមជំរាបថា នៅវេលាម៉ោងប្រមាណជាង១២ថ្ងៃត្រង់ គណបក្សសង្គ្រោះជាតិបានចេញសេចក្តីប្រកាសព័ត៌មានថា «កម្លាំងសមត្ថកិច្ចបានឃាត់ រថយន្តរបស់លោក កឹម សុខា នៅតាមបណ្តោយ​មហាវិថីព្រះនរោត្តម នៅវេលាម៉ោង១១៖៣០នាទីព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៦នេះ»។ នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានថ្លែងប្រាប់ Fresh News ឲ្យដឹងថា ពុំមានការឃាត់ខ្លួនលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិនោះទេ៕