(ភ្នំពេញ)៖ ថ្នាក់ដឹកនាំ សមាជិក សមាជិកា ទីប្រឹក្សាបច្ចេកទេស និងមន្ត្រីរាជការនៃក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះ ការធ្វើវិសោធនកម្មលើកទី១០នៃរដ្ឋធម្មនុញ្ញកម្ពុជា។

តាមរយៈញត្តិគាំទ្រ ក្រុមប្រឹក្សា សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ បានគូសបញ្ជាក់ថា ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០នេះ ជាការបំពេញភាពចន្លោះប្រហោងនៃច្បាប់ ដោយពុំបាន ប៉ះពាល់ដល់គោលការណ៍គ្រឹះនៃរដ្ឋធម្មនុញ្ញ ដូចជារបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ ព្រមទាំងរបបប្រជាធិបតេយ្យ សេរីពហុបក្ស ហើយក៏ពុំបានធ្វើឡើងនៅក្នុងប្រទេសកំពុងស្ថិតនៅក្នុងភាពអាសន្នឡើយ។ បន្ថែមពីនេះទៀត ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០នេះ ដើម្បីធានាឱ្យស្ថាប័នកំពូលរបស់ជាតិអាចដំណើរការទៅដោយរលូន មិនជាប់គាំង ធានាបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយគ្រប់កាលៈទេសៈ និងបន្តការអភិវឌ្ឍលើគ្រប់វិស័យ ប្រកបដោយនិរន្តរភាព ដែលជាគោលបំណងរបស់ប្រជាពលរដ្ឋកម្ពុជាទាំងអស់។

ថ្នាក់ដឹកនាំ សមាជិក សមាជិកា ទីប្រឹក្សាបច្ចេកទេស និងមន្ត្រីរាជការនៃក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ប្រកាសគាំទ្រយ៉ាងឱឡារិកចំពោះ ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ លើកទី១០ និងប្តេជ្ញាគាំទ្ររាជរដ្ឋាភិបាលកម្ពុជានៅគ្រប់កាលៈទេសៈ ក្នុងការថែរក្សាការពារសុខសន្តិភាព ស្ថិរភាពនយោបាយ ការអភិវឌ្ឍលើគ្រប់វិស័យទាំងអស់ជាបន្តបន្ទាប់បន្ថែមទៀត និងសុខក្សេមក្សាន្ដរបស់ ប្រជាពលរដ្ឋកម្ពុជាទាំងមូល៕