(ស្វាយរៀង)៖ លោក សុច ពិសី អភិបាលស្រុកកំពង់រោទិ៍ នៅព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០២២ បានដាក់ឱ្យដំណើការរថយន្តដឹកសំរាមម៉ាក isuzu ១គ្រឿង ដែលទទួលបានពីក្រសួងបរិស្ថាន តាមរយៈគម្រោង ៣សេវា ៣គាំទ្រ (៣ស៣គ) ដើម្បីការរស់នៅស្អាត ភូមិឋានស្អាត របស់ក្រសួងបរិស្ថាន។

ពិធីទទួលរថយន្តដឹកសំរាមនេះមានការចូលរួមពីលោក ពេញ ទិត្ថារ៉ា, លោកអភិបាលរងស្រុក និងមន្ត្រីរាជការជុំវិញស្រុកផងដែរ។

លោក សុច ពិសី បានថ្លែងថា ការប្រគល់រថយន្តពីក្រសួងបរិស្ថានដល់រដ្ឋបាលស្រុកកំពង់រោទិ៍នេះ គឺសម្រាប់ផ្តល់សេវាសម្អាត ប្រមូល និងដឹកជញ្ជូនសំរាមសំណល់រឹងនៅតាមទីប្រជុំជនស្រុក ក្នុងគោលបំណងធ្វើឲ្យប្រសើរឡើងនូវការ គ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជនស្រុក ប្រកបដោយប្រសិទ្ធិភាព តម្លាភាព សំដៅធានាបាននូវសោភ័ណភាព កិច្ចគាំពារសុខភាពសាធារណៈ និងបរិស្ថាន។

ជាមួយគ្នានេះអភិបាលស្រុកកំពង់រោទិ៍ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រសួងបរិស្ថាន និងឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជាដែលបានផ្តល់រថយន្តដឹកសំរាមនេះជូនរដ្ឋបាលស្រុកក្នុងការប្រមូល និងដឹកជញ្ជូនសំរាមសំណល់រឹងនៅក្នុងទីប្រជុំជនស្រុកកំពង់រោទិ៍ទាំងមូល។

លោកក៏បានអរគុណលោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង ដែលបានដឹកនាំ ចង្អុលបង្ហាញ និងមន្ទីរបរិស្ថានខេត្ត ដែលបានចូលរួមសហការជាមួយនឹងអាជ្ញាធរស្រុក ដែលធ្វើឲ្យរដ្ឋបាលស្រុកទទួលបាននូវរថយន្ត ដឹកសំរាមមួយនេះ ដើម្បីចូលរួមចំណែកនៅក្នុងការសំអាតបរិស្ថាននៅក្នុងទីប្រជុំជនស្រុកទាំងមូលឱ្យបានល្អប្រសើរស្របតាមអនុក្រឹត្យលេខ១១៣ ស្តីពីការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន និងគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា។

គួរបញ្ជាក់ថា រថយន្តដឹកសំរាមនេះ នឹងចូលរួមគាំទ្រផ្តល់សេវាប្រមូល សម្អាត ដឹកជញ្ជូនសំរាម សំណល់រឹងនៅក្នុងមូលដ្ឋាន ដែលពង្រីកសេវាប្រមូលដោយខ្លួនឯង ឱ្យស្អាត ឱ្យអស់ទាន់ពេល និងធានានិរន្តរភាព និងធ្វើភាពជាម្ចាស់ក្នុងការគ្រប់គ្រងសំរាមសំណល់រឹង ដោយរៀបចំធ្វើការប្រមូល សម្អាត ដឹកជញ្ជូន ទុកដាក់ កែច្នៃ និងទាញយកធនធានពីសំរាម ព្រមទាំងចូលរួមអនុវត្តគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព របស់រាជរដ្ឋាភិបាលឱ្យកាន់តែមានប្រសិទ្ធភាពផងដែរ៕