(កំពង់ឆ្នាំង)៖ ដីព្រៃជើងភ្នំតាសូ ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាង ភ្នំកង្រីទូកមាស ដែលគ្រប់គ្រងដោយមន្ត្រីបរិស្ថាន ក្នុងឃុំដារ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ត្រូវបានគេចូលឈូសឆាយយកធ្វើជាកម្មសិទ្ធិអស់ជាច្រើនហិកតា ដែលករណីនេះអាជ្ញាធរ និងមន្ត្រីបរិស្ថានខ្លះមិនបានដឹង។

លោក ឈឿន វុធ អនុប្រធានមន្ទីរបរិស្ថានខេត្តកំពង់ឆ្នាំង និងជាប្រធានតំបន់ប្រើប្រាស់ច្រើនយ៉ាងភ្នំកង្រី ទូកមាស បានប្រាប់បណ្ដាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០២២ថា ដីនៅតំបន់ជើងភ្នំតាសូ ក្នុងដែនប្រើប្រាស់ច្រើនយ៉ាងភ្នំកង្រីទូកមាស ខាងលើនេះ គឺត្រៀមនឹងកាត់ឆ្វៀលជូនប្រជាពលរដ្ឋ តែមិនទាន់ធ្លាក់អនុក្រឹត្យនៅឡើយទេ ពេលឈ្មួញបានឮដូច្នេះក៏បាននាំគ្នាចូលឈូសឆាយទន្ទ្រានយកធ្វើជាកម្មសិទ្ធិដោយមិន ទាន់មានច្បាប់នៅឡើយ។

លោកបន្តថា ដោយមើលឃើញភាពអនាធិបតេយ្យចូលឈូសឆាយទន្ទ្រានយកដីជើងភ្នំក្នុងតំបន់ប្រើប្រាស់ច្រើន យ៉ាងយកធ្វើជាកម្មសិទ្ធិដោយគ្មានច្បាប់ទម្លាប់បែបនេះ ទើបមន្ត្រីរបស់លោក បានយកស្លាកទៅបោះតាម ដើមឈើធំៗដោយហាមមិនឲ្យចូលមកបង្កបង្កើនផលលើដីដែលបានឈូសឆាយនោះសិន និងហាមមិនឲ្យមាន ការកាប់ព្រៃជាបន្តទៀត ដោយរង់ចាំមានច្បាប់កាត់ឆ្វៀលសិន។

ជុំវិញករណីខាងលើនេះ លោក ថៃ ភុន មេឃុំដារ បានប្រាប់តាមទូរស័ព្ទថា ករណីបើមានការឈូសឆាយដីជើងភ្នំតាសូ លោកមិនបានដឹងទេ ដោយសារតែលោកមានជំងឺ។ លោកថា ចាំលោកឱ្យគេឌុបលោកទៅមើល។

ពលរដ្ឋនៅតំបន់នោះបានឲ្យដឹងដែរថា ការឈូសឆាយដីព្រៃនៅតំបន់ជើងភ្នំតាសូនេះ គឺទើបតែធ្វើសកម្មភាពថ្មីៗនេះទេ គឺក្រោយពីសម្ដេចបានប្រកាសហាមមិនឲ្យមានការកាប់ទន្រ្ទានព្រៃឈើគ្រប់តំបន់ហាមឃាត់ ជាពិសេសគឺព្រៃលិចទឹកត្រូវនាំគ្នាថែរក្សាឲ្យបានគង់វង្ស ចំណែកភ្នំតាសូនេះ ស្ថិតនៅចំកណ្តាលស្រុកភូមិប្រជាពលរដ្ឋ៕