(ព្រះសីហនុ)៖ នាពេលថ្មីៗ ដីនៅក្នុងសហគមន៍ស្ថិតក្នុងភូមិ១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ក្នុងតំបន់ព្រែក៣ជាតំបន់ដីព្រៃលិចទឹក ហើយក៏ជាជម្រកដ៏សំខាន់សម្រាប់មច្ឆាជាតិផងនោះ ត្រូវប្រជាពលរដ្ឋផ្ទុះការតវ៉ាយ៉ាងខ្លាំង ដោយមានករណីជនខិលខូចលួចចាក់ដីលុប ធ្វើជាកម្មសិទ្ធិឯកជន ដែលករណីនេះមានផលប៉ះពាល់ធ្វើឲ្យងាប់ត្រីជាបន្តបន្ទាប់ ដែលប្រជាពលរដ្ឋចិញ្ចឹមនៅក្បែរនេះ។

មិនយូរប៉ុន្មានពេលទទួលបានព័ត៌មាននេះភ្លាមៗ លោកអភិបាលស្រុកស្ទឹងហាវ បានចាត់ឲ្យក្រុមការងារចម្រុះថ្នាក់ស្រុក ចុះទៅពិនិត្យដល់ទីតាំងផ្ទាល់ ដែលដឹកនាំដោយលោក អ៊ុង ឆាលី អភិបាលរងស្រុក និងជាប្រធានក្រុមការងារ ក៏រកឃើញថាការចាក់លុបដីព្រៃលិចទឹកទាំងនេះមិនមានច្បាប់អនុញ្ញាតពីអាជ្ញាធរពាក់ព័ន្ធនោះឡើយ។

ជុំវិញករណីនេះ លោក គីម ហាក់ មេភូមិ១ ឃុំទំនប់រលក និងជាប្រធានសហគមន៍ បានលើកឡើងថា ចំពោះទីតាំងដែលបានចាក់ដីខាងលើ និងសកម្មភាពចាក់ដីទាំងនេះចំនួនពីរថ្ងៃមកហើយ ដោយបានជួលគ្រឿងចក្រ និងទិញដីពីក្មួយរបស់គាត់ ហើយចំពោះឯកសារពាក់ព័ន្ធកំពុងសុំច្បាប់អនុញ្ញាតពីអាជ្ញាធរ ក៏ប៉ុន្តែជាក់ស្ដែងបានចាក់ដីលុបស្ទើរតែរួចរាល់។

ដោយឡែក មន្ត្រីជំនាញរដ្ឋបាលជលផលលោក ជឹម ចំរើន នាយសង្កាត់រដ្ឋបាលជលផលបានលើកឡើងថា ចំពោះសកម្មភាពខាងលើនេះ គឺពុំមានច្បាប់អនុញ្ញាតនោះទេដោយតម្រូវឲ្យអនុវត្តតាមនីតិវិធី។

ដោយបានព័ត៌មានពីក្រុមការងារចម្រុះថ្នាក់ស្រុកចុះទៅពិនិត្យដល់ទីតាំងផ្ទាល់នោះរួចហើយ លោក អ៊ុង ឆាលី អភិបាលរងស្រុក និងជាប្រធានក្រុមការងារ បានពិភាក្សាជាមួយមន្ត្រីជំនាញជលផល ក៏ដូចជាការសំណូមពរពីប្រជាពលរដ្ឋផងនោះ ក្រុមការងារបានសម្រេចឲ្យខាងគ្រឿងចក្រផ្អាក និងបញ្ឈប់សកម្មភាពចាក់ដីលុបព្រៃលិចទឹកនេះបន្តទៀត និងតម្រូវឲ្យកាយដីដែលបានចាក់រួចនោះចេញវិញ តែនៅពេលផុតរដូវវស្សា៕