(កំពង់ស្ពឺ)៖ ថ្ងៃទី១ ខែសីហា ឆ្នាំ២០២២ អនុគណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ថ្នាក់ខេត្ត ដឹកនាំដោយលោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ ជាមួយមន្ទីរសុខាភិបាលខេត្ត បានដឹកនាំក្រុមការងារចាក់វ៉ាក់សាំងកូវីដ-១៩ ទៅចាក់ជូនព្រះសង្ឃ និងលោកយាយលោកតាពុកម៉ែមាមីងបងប្អូនកូនក្មួយចៅៗ ដែលមានអាយុចាប់ពី៣ឆ្នាំឡើងទៅ ដែលរស់នៅលើឧទ្យានជាតិព្រះកុសុមៈគិរីរម្យ ស្ថិតក្នុងស្រុកភ្នំស្រួច។

ឆ្លៀតក្នុងឱកាសនោះលោក វ៉ី សំណាង បានអំពាវនាវដល់ពុកម៉ែមាមីងបងប្អូនកូនក្មួយដែលមានមុខរបរ ប្រកបការងាររកទទួលទាននៅលើភ្នំគិរីរម្យទាំងអស់ សូមនាំគ្នាមកទទួលយកការចាក់វ៉ាក់សាំងឲ្យបានគ្រប់ៗគ្នា មិនថាថ្ងៃនេះឬថ្ងៃស្អែកក្រុមការងាររងចាំទទួលព័ត៌មានសម្រាប់ចាក់ជូនបន្តផងដែរ។

លោកអភិបាលខេត្តបានឲ្យដឹងថា ក្រុមការងារបានបង្ខិតសេវាជូនពួកគាត់ដល់លំនៅដ្ឋានផ្ទាល់ ជាក់ស្តែងបានអញ្ជើញគាត់មកចាក់វ៉ាក់សាំងកូវីដ បានចំនួន៤០៨ នាក់ ក្នុងនោះអ្នកចាក់ដូសទី១ ចំនួន៥៣នាក់ ដូសទី២ ចំនួន ១៦នាក់ ដូសទី៣ ចំនួន១៨២នាក់ ដូសទី៤ ចំនួន៧៧នាក់ ដូសទី៥ ចំនួន៨៩នាក់៕