(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ (គ.អ.ទ.ស.) បានផ្ដល់នូវអនុសាសន៍គន្លឹះចំនួន១១ចំណុច ក្នុងការអនុវត្ត ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។

ការផ្ដល់នូវអនុសាសន៍គន្លឹះ របស់ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ធ្វើឡើងក្នុងពិធីផ្សព្វផ្សាយសមាសភាព និងយន្តការអនុវត្តចំណុះ ឲ្យគណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ អមជាមួយការប្រកាសផែនការសកម្មភាព ឆ្នាំ២០២២-២០២៣ នៅសណ្ឋាគារសុខាសៀមរាប ខេត្តសៀមរាប នាថ្ងៃទី១ ខែសីហា ឆ្នាំ២០២២។

ពិធីនេះក៏មានចូលរួមដោយផ្ទាល់ ពីសំណាក់លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ត្រៃយ៍នៃ គ.អ.ទ.ស. ព្រមទាំងការចូលរួមតាមរយៈវីដេអូ Zoom ពីសំណាក់លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងលោក សាយ សំអាល រដ្ឋមន្ត្រីក្រសួងបរិស្ថាន ជាអនុប្រធាននៃ គ.អ.ទ.ស.។

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ជឿជាក់យ៉ាងមុតមាំថា ការដាក់ចេញនូវយន្តការអនុវត្តរបស់ គណៈកម្មការនេះនឹងជំរុញការអនុវត្ត «ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២១-២០៣៥» ឲ្យបានសម្រេចជោគជ័យ ប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព ដោយតម្រូវឲ្យមានការចូលរួម ប្រកបដោយស្មារតីម្ចាស់ការ បុរេសកម្ម និងការទទួលខុសត្រូវខ្ពស់ ពីក្រសួង-ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ អាជ្ញាធរមូលដ្ឋាន ផ្នែកឯកជន សហគមន៍មូលដ្ឋាន និងភាគីពាក់ព័ន្ធ។

ក្នុងនាមប្រធាននៃគណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានផ្ដល់នូវអនុសាសន៍គន្លឹះ ដូចខាងក្រោម៖

ទី១៖ ក្រសួង-ស្ថាប័នពាក់ព័ន្ធ ចំណុះឲ្យយន្តការនៃគណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍ សៀមរាប-អង្គរ ត្រូវចូលរួមអនុវត្តប្រកប ដោយស្មារតីទទួលខុសត្រូវខ្ពស់ តាមអនុសាសន៍ដឹកនាំរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី នាឱកាស ពិធីបិទសន្និបាតបូកសរុបការងារទេសចរណ៍ការបូក សរុបផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩

ទី២៖ បន្តអភិវឌ្ឍកំពង់ផែចុងឃ្នាស ឲ្យស្របតាមស្តង់ដាកំពង់ផែទេសចរណ៍ និងត្រូវសិក្សារៀបចំប្លង់និងផែនការអភិវឌ្ឍន៍កំពង់ផែចុងឃ្នាស សម្រាប់រយៈពេលខ្លី មធ្យម និងវែង

ទី៣៖ ក្រសួងទេសចរណ៍ត្រូវសិក្សា, កំណត់ទីតាំង, និងអភិវឌ្ឍតំបន់ទេសចរណ៍សៀមរាបថ្មី

ទី៤៖ គណៈប្រតិបត្តិត្រូវរៀបចំគម្រោងថវិកា ដើម្បីអនុវត្តការងារសម្រាប់ ឆ្នាំ២០២២-២០២៣ ដើម្បីជូនក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពិនិត្យ និងសម្រេច

ទី៥៖ អនុគណៈកម្មការទាំង៥ ដែលទើបត្រូវបានបង្កើតឡើង ត្រូវរៀបចំកម្មវិធីការងាររបស់ខ្លួន និងសហការជាមួយលេខាធិការដ្ឋាន ដើម្បីអនុវត្តផែនការសកម្មភាពរបស់ គណៈកម្មការគ្រប់គ្រង និង
អភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ

ទី៦៖ លេខាធិការដ្ឋានត្រូវរៀបចំវគ្គបណ្តុះបណ្តាលអំពី «ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២១-២០៣៥» ដល់ភាគីពាក់ព័ន្ធ ពិសេសអង្គភាពគ្រប់គ្រងគោលដៅទេសចរណ៍ដោយឡែក,
អាជ្ញាធរមូលដ្ឋាន, ផ្នែកឯកជន, និងសហគមន៍ពាក់ព័ន្ធ

ទី៧៖ អនុគណៈកម្មការផ្សព្វផ្សាយ និងទាក់ទាញទេសចរណ៍ នៃគណៈប្រតិបត្តិ ត្រូវពិភាក្សា និងសហការជាមួយរដ្ឋបាលខេត្ត និងវិស័យឯកជនក្នុងខេត្តសៀមរាប ដើម្បីរៀបចំជាបន្ទាន់ នូវយុទ្ធសាស្ត្រ
ផ្សព្វផ្សាយ សម្រាប់គោលដៅទេសចរណ៍ខេត្តសៀមរាបដោយឡែកមួយ ឲ្យបានរហ័សស្របតាមមាតិចង្អុលផ្លូវដែលបានកំណត់ក្នុង ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២១-២០៣៥។

ទី៨៖ បន្តពង្រឹងលក្ខណសម្បត្តិរបស់ខេត្តសៀមរាប ក្នុងការទាក់ទាញ និងទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិ តាមរយៈ៖

* ការបន្តពង្រឹងការអនុវត្តវិធានសុវត្ថិភាព និងនីតិវិធីប្រតិបត្តិស្តង់ដារអប្បបរមា (SOP) តាមគន្លងប្រក្រតីភាពថ្មី, ជំរុញពិពិធកម្មគោលដៅ, ផលិតផល និងសេវាកម្មទេសចរណ៍ថ្មីៗ
នៅក្នុងតំបន់អាទិភាពទាំង ៦, និងជំរុញការផ្សព្វផ្សាយតាមប្រព័ន្ធឌីជីថល,
* ការពន្លឿនការសាងសង់ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ដើម្បីបង្កើនសមត្ថភាពផ្ទុក សម្រាប់អ្នកដំណើរតាមផ្លូវអាកាសមកកាន់ខេត្តសៀមរាប,
* លើកទឹកចិត្តដល់ការបន្តខិតខំអភិវឌ្ឍក្រុងសៀមរាប និងតំបន់អាទិភាពទាំងអស់ជា «ក្រុងទេសចរណ៍ឆ្លាត» និង «គោលដៅទេសចរណ៍ឆ្លាត» និង
* រដ្ឋបាលខេត្តសៀមរាប ត្រូវរៀបចំសណ្តាប់ធ្នាប់, សម្អាត និងថែរក្សាអនាម័យ ក្នុងក្រុង, ទីប្រជុំជន និងតាមគោលដៅទេសចរណ៍ ឲ្យបានល្អប្រសើរ ។

ទី៩៖ បន្តពង្រឹងគុណភាព និងវិសាលភាពសេវាទូរស័ព្ទ និងអ៊ីនធឺណិត នៅខេត្តសៀមរាប ពិសេសនៅតាមតំបន់អាទិភាព និងគោលដៅទេសចរណ៍ដាច់ស្រយាល ដើម្បីជំរុញរំហូរទេសចរជាតិ
និងទាក់ទាញទេសចរអន្តរជាតិបន្ថែម

ទី១០៖ គ្រឹះស្ថានអង្គរ ត្រូវបន្តសិក្សា និងដាក់ចេញគោលនយោបាយសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ដែលមានភាពទាក់ទាញ សម្រាប់ភ្ញៀវទេសចរអន្តរជាតិ

ទី១១៖ គណៈប្រតិបត្តិ ត្រូវសិក្សាជាមួយភាគីពាក់ព័ន្ធ ដើម្បីរៀបចំ និងដាក់ចេញកញ្ចប់ទស្សនកិច្ចពិសេស ដែលមានការសម្រួលថ្លៃ និងបដិសណ្ឋារកិច្ចល្អ ឆ្ពោះទៅការប្រារព្ធយុទ្ធនាការ «ទស្សនាកម្ពុជាឆ្នាំ២០២៣» (Visit Cambodia Year 2023)។

ជារួមយន្តការអនុវត្តន គណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាបអង្គរ នេះនឹងក្លាយជាមូលដ្ឋានដ៍សំខាន់ សំដៅធានាដល់ការសម្រេចឲ្យបានជោគជ័យប្រកបដោយប្រសិទ្ធភាព និងស័ក្ដិសិទ្ធិភាពនូវការអនុវត្ត «ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២១-២០៣៥» សំដៅចូលរួមស្ដារអនាគតវិស័យទេសចរណ៍កម្ពុជា ឆ្ពោះទៅរកភាពរីកចម្រើនរុងរឿងនៃ «កម្ពុជា៖ព្រះរាជាណាចក្រអច្ឆរិយៈ»