(កោះកុង)៖ ប្រជាពលរដ្ឋរស់នៅ ក្រុងខេមរភូមិន្ទជាច្រើននាក់ បាននាំគ្នារិះគន់ដល់អាជ្ញាធរក្រុង និងអាជ្ញាធរមូលដ្ឋានថា បានអនុញ្ញាតឲ្យមានការសង់តូបបើកអាជីវកម្ម នៅលើដីអូរ ដែលនាំឲ្យមាន​ការបង្ហូរទឹកកង្វក់ និងកាកសំណល់ចូលទឹកសមុទ្រ។ នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៦នេះ បន្ទាប់ពីប្រជាពលរដ្ឋនៅក្នុងសង្កាត់ស្មាច់មានជ័យ និងសង្កាត់ដងទង់ បានរិះគន់យ៉ាងខ្លាំង ចំពោះ​អាជីវ​កម្ម​ជុសជុលម៉ូតូត្រូវបានអនុញ្ញាតឲ្យសាងសង់នៅលើដីអូរ ដោយហូរចាក់ទឹកកង្វក់ និងកាកសំណល់ចូលទៅសមុទ្រ ខាងអាជ្ញាធរក្រុង និងមន្រ្តីជំនាញ បានចុះទៅធ្វើកិច្ច​សន្យាជាមួយ​ម្ចាស់អាជីវ​កម្ម ដោយឱ្យបើកដំណើរការជាបណ្ណោះអាសន្ន មិនឱ្យចាក់គ្រឹះរឹងមាំនោះទេ ហើយនៅពេលដែលរដ្ឋត្រូវការ គឺត្រូវរុះរើចេញភ្លាម។

ប្រជាពលរដ្ឋ បានឱ្យដឹងថា កន្លែងអាជីវកម្មនេះ ត្រូវបានក្រុមអាជ្ញាធរ​ក្រុង និងសមត្ថកិច្ចជំនាញចុះ ធ្វើការហាមឃាត់២ដង ដោយមិនឱ្យមានតូបជួសជុលម៉ូតូ ព្រោះទីជាផ្លូវទឹកក្រោយ។ កន្លងមក អាជ្ញាធរក្រុង និងសមត្ថកិច្ចជំនាញ បានបើកវេទិការផ្សព្វផ្សាយ ដល់ប្រជាពលរដ្ឋដែលមានទីលំនៅ តាមមាត់ព្រែ ឬអូរ មិនត្រូវយកដីអូរធ្វើជាកម្មសិទ្ធឡើយ។ បើតាមប្រជាពលរដ្ឋ និងមន្ដ្រីរាជការគ្រប់​លំដាប់ថ្នាក់ បានខ្សឹបខ្សៀវគ្នាថា សាលាក្រុង ចៅសង្កាត់ និងជំនាញ ដែលមិនគួរចេញលិខិតឱ្យម្ចាស់អាជីកម្ម ឈ្មោះ ផាត វីរៈ ប្រពន្ធឈ្មោះ ស្រី អូន សាងសង់លើដីអូរនេះទេ ព្រោះវាធ្វើប៉ះពាល់ ដល់ប្រជាពលរដ្ឋនៅពេលមានភ្លៀងធ្លាក់។ ប្រជាពលរដ្ឋបានបន្ដថា នេះទង្វើដ៏អាក្រក់មួយ ហាមឃាត់ម្តងហើយបែរជា ចេញលិខិតឱ្យធ្វើវិញ នេះបើមិនបានលាភសក្ការៈពីម្ចាស់សំណង់ ប្រហែលមិន​អាច​ធ្វើបានឡើយ។ លោក រស់ វីរ៉ាវុធ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបកស្រាយថា លោកគ្មានសមត្ថភាពធ្វើការហាមឃាត់ទេ ចំពោះបញ្ហានេះទេ ព្រោះអាជ្ញាធរសង្កាត់ និងក្រុង ជាម្ចាស់ទឹកម្ចាស់ដី ដែលចេញលិខិតឱ្យ ហើយលោកមិនហ៊ានលូកដៃទេ។

លោក ប៉ែន ប៊ុនឈួយ អភិបាលរងក្រុងខេមរភូមិន្ទ បានបន្ថែមថា «អាជ្ញាធរទៅពិនិត្យលើភាពជាក់ស្តែង របស់ម្ចាស់​សំណង់ ទើបអនុញ្ញាតឲ្យគាត់សាងសង់ខឿនទប់ទំហំ ២.៥០ម៉ែត្រ x ១០ម៉ែត្រ ព្រោះមើលឃើញភាពជាក់ស្តែង​អាជ្ញាធរក្រុងគ្មាន​លុយរៀបចំទេ ហើយណាមួយ យើងពិបាក និងរុះរើណាស់ ខាងលើៗគេធ្វើយូរហើយដូច្នេះមានតែអនុញ្ញាតឲ្យគាត់ធ្វើទៅ»។ លោកបានបន្តថា សាលាក្រុងអនុញ្ញាតឱ្យធ្វើបណ្តោះអាសន្ន មិនឱ្យមានគ្រឹះរឹងមាំទេ បើរដ្ឋត្រូវការថ្ងៃណាត្រូវយកមកធ្វើសម្បតិ្តរដ្ឋវិញ៕