(បាត់ដំបង)៖ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានបើកវគ្គបណ្ដុះបណ្ដាលស្តីពី «ការគ្រប់គ្រងករណីក្នុងការវិលត្រឡប់ និងការធ្វើសមាហរណកម្ម» ជូនដល់មន្ត្រីរាជការនៅខេត្តបាត់ដំបង រយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២ នាសណ្ឋាគារ ក្លាស់ស៊ី & ស្ប៉ា។

ពិធីនេះបានធ្វើឡើងក្រោមវត្តមាន លោក ញ៉ឹក វណ្ណារ៉ា រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា តំណាងលោករដ្ឋមន្ត្រី វង សូត និងមានការចូលរួមពីលោកស្រី កែវ ដាណា អភិបាលរងខេត្តបាត់ដំបង, លោក គង់ សូភណារ៉ា ទីប្រឹក្សាក្រសួង ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា, លោក ពុំ បូរ៉ាត ទីប្រឹក្សាក្រសួង ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា, លោកវរសេនីយ៍ទោ ម៉ី វឌ្ឍនា នាយកដ្ឋានប្រឆាំងអំពើជួញដូរមនុស្ស និងការពារអនីតិជននៃក្រសួងមហាផ្ទៃ, លោក អ៊ុ ផ្លាកទីន ប្រធានសមាគន៍ EMDR, លោក ភួង សិទ្ធ ប្រធានមន្ទីរ សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តបាត់ដំបង និងអ្នកពាក់ព័ន្ធមួយចំនួនផងដែរ។

ក្នុងនាមតំណាងឯកឧត្តមរដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លោក ញ៉ឹក សុវណ្ណារ៉ា បានលើកឡើងថា ឆ្នាំ២០២០ និង២០២១នេះ ពិភពលោកប្រឈមខ្លាំងទៅនឹងការដោះស្រាយបញ្ហាជាច្រើន ដែលជាផលប៉ះពាល់សកល មានទាំងសង្គ្រាម សេដ្ឋកិច្ចរបស់មហាអំណាចពិភពលោក ទាំងការរាតត្បាតជម្ងឺដ៏កាចសាហាវកូវីដ១៩ គ្រោះធម្មជាតិ ដែលសុទ្ធតែជាកត្តាជំរុញឱ្យសេដ្ឋកិច្ចពិភពលោកកាន់តែដុនដាប រួមទាំងសេដ្ឋកិច្ចមហាអំណាចខ្លួនឯងផង។

ជាមួយគ្នានេះដែរ លោកបានបន្តថា ទន្ទឹមនឹងផលប៉ះពាល់នេះ ភាពក្រីក្របានគ្របដណ្តប់នៅទូទាំងសាកលលោក ដែលជាសញ្ញាមិនល្អ សម្រាប់សុខុមាលភាព និងសុវត្ថិភាពរបស់មនុស្សដែលជាប្រជាជននៃប្រទេសនីមួយៗ រួមទាំងក្រុមជនទុច្ចរិតឆ្លៀតឱកាសប្រព្រឹត្តអំពើជួញដូរមនុស្ស អំពើធ្វើអាជីវកម្មលើមនុស្ស ដើម្បីកេងចំណេញពីស្ថានភាព ប្រឈមរបស់ប្រជាពលរដ្ឋ និងប្រទេសជាតិក្នុងគ្រាជួបការលំបាកនេះ។

មន្ត្រីជាន់ខ្ពស់រូបនេះ បានថ្លែងថា៖ «យើងពិតជាបានខំប្រឹងជម្នះឧបសគ្គទាំងឡាយ ដោយបានធ្វើការងារយ៉ាងសកម្មភាពព្រមៗគ្នា ដើម្បីដោះស្រាយភាពប្រឈមតាមការណែនាំរបស់រាជរដ្ឋាភិបាល ដែលសកម្មភាពខ្លះ ត្រូវមានការខ្វះចន្លោះឆកល្វែង ឬមើលរំលង ដោយផ្អែកទៅលើការតម្រង់ទិសនៃបញ្ហាថ្មីៗ និងការកាត់បន្ថយចំណាយទៅលើសកម្មភាពដែលមិនចាំបាច់»

លោក ញ៉ឹក សុវណ្ណរ៉ា បានបញ្ជាក់ថា តែទោះបីជាយ៉ាងនេះក្តី បញ្ហាសន្តិសុខមនុស្ស សន្តិសុខសង្គម មិនអាចបណ្តែតបណ្តោយឱ្យក្លាយជាភាពច្របូកច្របល់ដោយផ្តេកផ្តួលទៅលើធនធានថវិកាបានទេ ពោលគឺត្រូវបង្កើនការយកចិត្ត ទុកដាក់ប្រកបដោយឆន្ទៈមោះមុត ដើម្បីរក្សាស្ថេរភាពនៃសុវត្ថិភាពសង្គម និងពង្រឹងកិច្ចការពារ ទប់ស្កាត់ការឆ្លៀតឱកាសគ្រប់រូបភាព។ ទោះបីក្រសួងសម្រេចបានសមិទ្ធផលជាច្រើនយ៉ាងណាក៏ដោយ ក៏កិច្ចការពារ និងការផ្តល់សេវាដល់ជនរងគ្រោះដោយអំពើជួញដូរមនុស្ស នៅមិនទាន់ឆ្លើយតបបានទាំងស្រុងនៅឡើយទេជាពិសេសការផ្តល់សេវាគាំទ្រសម្រាប់ជនរងគ្រោះនៅមានកម្រិត។

វគ្គបណ្តុះបណ្តាលស្ដីពី ការគ្រប់គ្រងករណីក្នុងការវិលត្រលប់ និងសមាហរណកម្ម ដែលមានរយៈពេល៣ថ្ងៃនេះ ពិតជាមានសារៈសំខាន់ណាស់សម្រាប់មន្ត្រីថ្នាក់ក្រោមជាតិ និងអ្នកពាក់ព័ន្ធដែលជាមន្ត្រីជួរមុខរួមមាន៖ មន្ត្រីមន្ទីរសង្គមកិច្ចខេត្ត មន្រ្តីកិច្ចការនារី មន្រ្តីការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មន្រ្តីមជ្ឈមណ្ឌលការងារខេត្ត មន្ត្រី គ.ក.ន.ក មន្រ្តីសង្គមកិច្ចការិយាល័យថ្នាក់ស្រុក និងអង្គការដែលធ្វើការពាក់ព័ន្ធនឹងការងារជួយជនរងគ្រោះដោយអំពើជួញដូរមនុស្សក្នុងការវិលត្រឡប់ និងសមាហរណកម្ម។

វគ្គបណ្ដុះបណ្ដាលនេះ រៀបចំឡើងក្នុងគោលបំណង ជយពង្រឹងការវាយតម្លៃឱ្យបានកាន់តែប្រសើរឡើងអំពីភាពងាយរងគ្រោះហានិភ័យស្ថានភាពគ្រួសារ និងជំនាញផ្សេងៗ របស់អ្នកវិលត្រឡប់សំដៅបង្កើតកម្មវិធីសមាហរណកម្មប្រកបដោយ និរន្តរភាពដែលមានការគាំទ្រផ្នែកសេដ្ឋកិច្ចសង្គម ចិត្តសង្គមព្រមទាំងលើកកម្ពស់ និងបង្កើនប្រសិទ្ធភាពនៃការអនុវត្តការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ដើម្បីបម្រើឧត្តមប្រយោជន៍ជនរងគ្រោះ។

ដើម្បីរួមចំណែកដល់ការវិលត្រឡប់ប្រកបដោយនិរន្តរភាពនៃពលករទេសន្តរប្រវេសន៍ និងអ្នករស់រានមាន ជីវិតនៅក្នុងតំបន់គោលដៅ សូមលើកទឹកចិត្តស្នើដល់លោក លោកស្រីទាំងអស់គ្នារួមចំណែកយ៉ាងសកម្មក្នុងការសិក្សា និងចែករំលែកចំណេះដឹង និងបទពិសោធន៍ផ្ទាល់ខ្លួនកន្លងមក អំពីការគ្រប់គ្រងករណីក្នុងការវិលត្រលប់ និងការធ្វើសមាហរណកម្ម សំដៅធានាបានការវិលត្រលប់ប្រកបដោយសុវត្ថិភាព និងនិរន្តរភាពសម្រាប់ពលករ ទេសន្តរប្រវេសន៍កម្ពុជាទូទាំងប្រទេស។

បន្ថែមពីនេះ លោក ញ៉ឹក សុវណ្ណារ៉ា សង្ឃឹមយ៉ាងមុតមាំថា លោក លោកស្រីនឹងចូលរួមសហការជាមួយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក៏ដូចជាអង្គការ IOM ក្នុងការអនុវត្តកម្មវិធីបណ្តុះបណ្តាលនេះប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល ខ្ពស់ និងបន្ទាប់ពីវគ្គបណ្ដុះបណ្ដាលនេះនឹងត្រូវខិតខំធ្វើយ៉ាងណាដើម្បីគ្រប់គ្រងករណីក្នុងការវិលត្រលប់ និងការធ្វើសមាហរណកម្មជនរងគ្រោះប្រកបដោយសុវត្ថិភាព និងមានប្រសិទ្ធភាពទៅក្នុងក្រុមគ្រួសារ និងសហគមន៍ដើម្បីទទួលបានសេវាសមស្រប និងទទួលបាននូវសេចក្តីថ្លៃថ្នូរ សុខុមាលភាព និងសិទ្ធិរបស់ពួកគាត់៕