(ភ្នំពេញ)៖ លោក ឈាង វុន តំណាងរាស្រ្តគណបក្សប្រជាជនកម្ពុជា មណ្ឌលបាត់ដំបង បានសម្តែងការសោកស្តាយ ចំពោះលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ ដែលមិនព្រមចូលខ្លួនបំភ្លឺ តាមការកោះហៅរបស់តុលាការ រហូតឈានដល់ការតាមចាប់ខ្លួន លើករណីបទល្មើសព្រហ្មទណ្ឌជាក់ស្តែង។ លោកថា បើលោក កឹម សុខា ព្រមទៅតាមការកោះ ហៅរបស់តុលាការនោះ នឹងគ្មានការតាមចាប់ខ្លួនឡើយ។ លោក ឈាង វុន បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានបែបនេះ នៅក្រោយបញ្ចប់កិច្ចប្រជុំ គណៈកម្មការអចិន្រ្តៃយ៍រដ្ឋសភា នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៦នេះ។

លោក ឈាង វុន បានប្រាប់អ្នកសារព័ត៌មានឲ្យដឹងថា «ខ្ញុំមានការសោកស្តាយណាស់ ក្នុងនាមជាតំណាងរាស្រ្តដូចគ្នា គួរតែឯកឧត្តម កឹម សុខា ចូលទៅឆ្លើយជាសាក្សី ពីព្រោះគេអញ្ចើញគាត់ជាសាក្សីទេ ហើយខ្ញុំគិតថា នៅពេលនេះ បើគាត់ចូលវាគ្មានបញ្ហាអីកើតឡើងទេ ពីព្រោះអ្វីដែលតុលាការចោទប្រកាន់លោក វាគ្មានរឿងត្រូវចាប់ចងនោះទេ អត់មានសោះម៉ង អត់មានទឡ្ហីករណ៍ចាប់គាត់បានទេ»។

សូមជំរាបថា នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៦នេះ លោក យ៉េត ចិរយា ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានផ្ញើលិខិតជូនសម្តេច ហេង សំរិន ប្រធានរដ្ឋសភានៃកម្ពុជា ដើម្បីរាយការណ៍អំពីការចោទប្រកាន់លោក កឹម សុខា តំណាងរាស្រ្តមណ្ឌល ខេត្តកំពង់ចាម ពីបទ «បដិសេធ ក្នុងការចូលខ្លួន» ក្នុងនាមជាសាក្សី តាមការកោះហៅ របស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ​ ពិនិត្យឃើញថា ការប្រព្រឹត្តរបស់លោក កឹម សុខា ដែលមិនបានចូលខ្លួនមកបំភ្លឺ តាមការកោះហៅរបស់តំណាងអយ្យការទាំងពីរលើកនេះ គឺជាបទល្មើសតាមមាត្រា ៥៣៨ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា។ មាត្រា៥៣៨ បានចែងថា៖ «រាល់បុគ្គលណាដែលត្រូវបានកោះហៅ ឱ្យចូលមកឆ្លើយ ជាសាក្សីនៅ មុខអយ្យការ ឬចៅក្រមស៊ើបសួរ ឬមុខតុលាការព្រហ្មទណ្ឌ ហើយមិនព្រមចូលខ្លួន តាមដីកាកោះហៅនោះ ដោយគ្មានមូលហេតុសមស្រប​ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១ខែ ទៅ៦ ខែ និងពិន័យ ជាប្រាក់ពី ១សែនរៀល ទៅ១លានរៀល»