(ភ្នំពេញ)៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានសមាគមមិត្តភាពកម្ពុជា-វៀតណាម និងលោកស្រី ង្វៀន ធីថាញ់ Nguyen Thi Thanh សមាជិកគណៈកម្មាធិការមជ្ឈឹម នៃបក្សកុម្មុយនិស្តវៀតណាម ជាសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា ជាប្រធានគណៈកម្មការទទួលបន្ទុកការងាររដ្ឋសភា និងជាអនុប្រធានគណៈចាត់តាំងមជ្ឈឹម បានអញ្ជើញចុះហត្ថលេខាលើ អនុស្សរណៈនៃការយោគយល់គ្នាស្តីពី កិច្ចសហការការងារដំណាក់កាលឆ្នាំ២០២២-២០២៧ រវាងសមាគមមិត្តភាពកម្ពុជា-វៀណាម និងសមាគមមិត្តភាពរវាងវៀតណាម-កម្ពុជា នៅសណ្ឋាគារហីម៉ាវ៉ារី រាជធានីភ្នំពេញ នារសៀល ថ្ងៃទី១ ខែសីហា ឆ្នាំ២០២២។

ថ្លែងក្នុងឱកាសនោះ លោស្រីបណ្ឌិត បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះគណប្រតិភូសមាគមមិត្តភាពវៀតណាម-កម្ពុជា ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីរឹតបន្តឹងចំណង មិត្តភាពរវាងសមាគម មិត្តភាពយើងទាំងពីរ ក៏ដូចជាជម្រុញសាមគ្គីភាព និងសហប្រតិបត្តិការរវាងប្រជាជាតិយើងទាំងពីរកម្ពុជា-វៀតណាម ឲ្យកាន់តែរឹងមាំស្ថិតថេរយូរអង្វែងថែមទៀត បន្ទាប់ពីវិប្បត្តិកូវីដ១៩បានធូរស្រាលបន្តិច។

ម៉្យាងទៀត ដំណើរទស្សនកិច្ចនេះក៏ជាការចូលរួមអបអរសារទរខួបលើកទី៥៥ នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា-វៀតណាម (២៤ មិថុនា ១៩៦៧-២៤ មិថុនា ២០២២)ផងដែរ។

ពិធីនេះធ្វើឡើងគឺស្របពេលដែលឆ្នាំនេះជាឆ្នាំមិត្តភាព និងការអបអរខួបអនុស្សាវរីយ៍លើកទី៥៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា និងវៀតណាម។ ម៉្យាងទៀតក៏ជាការពង្រឹងនូវចំណងមិត្តភាពរវាងសមាគមមិត្តភាព យើងទាំងពីរ ក៏ដូចជាជំរុញសាមគ្គីភាព និងសហប្រតិបត្តិការរវាងប្រជា ជាតិយើងទាំងពីរកម្ពុជា-វៀតណាមឲ្យកាន់តែរឹងមាំស្ថិតថេរយូរអង្វែងថែមទៀត។

នាឱកាសនោះដែរលោកស្រី ង្វៀង ធីថាញ់ បានអញ្ជើញលោកស្រីបណ្ឌិត ម៉ែន សំអន ទៅបំពេញទស្សនកិច្ចនៅខេត្តប៊ិញហ្វឿក ប្រទេសវៀតណាម នៅក្នុងខែតុលាខាងមុខនេះ។ ខេត្តប៊ិញហ្វឿកនេះ ជាខេត្តដែលកាល ៤៥ឆ្នាំមុន ដែលជាកន្លែងខេត្តមួយ នៃប្រវត្តិនៃដំណើរឆ្ពោះទៅរកការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត របស់សម្តេចតេជោ៕