(ភ្នំពេញ)៖ លោក ថេង សុថុល អភិបាលខណ្ឌ និងជាប្រធានអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌចំការមន នៅព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០២២នេះ បាននាំយក អំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា តាមរយៈលោក ឃួង ស្រេង ប្រធានសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ ជូនដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត និងជនចាស់ជរា ដែលរស់នៅក្នុងសហគមន៍សាមគ្គីរុងរឿង ចំនួន ១០៤គ្រួសារ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន។

ថ្លែងក្នុ្ងឱកាសនេះ លោក ថេង សុថុល ក៏បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនដល់គ្រួសារទាំងអស់ ប្រកបដោយសេចក្តីនឹករលឹក និងបានបញ្ជាក់ថា កាកបាទក្រហមកម្ពុជា ដែលមានសម្តេចគតិព្រឹទ្ធបណ្ឌិត ជាប្រធាន តែងបានយកចិត្តទុកដាក់ជានិច្ច ចំពោះសុខទុក្ខ របស់ប្រជាពលរដ្ឋគ្រប់កាលៈទេសៈ និងនៅគ្រប់ទីកន្លែង ដោយមិនដែលប្រកាន់និន្នាការនយោបាយ ជាតិសាសន៍ ឬពណ៌សម្បុរ អ្វីឡើយ ដូចពាក្យថា ទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា ។

លោក ថេង សុថុល បានបន្តថា ប្រជាពលរដ្ឋជនចាស់ជរា ជនពិការ និងអ្នកផ្ទុកមេរោគអេដស៍ ត្រូវបានចាត់ទុកថា ជាមុខសញ្ញាងាយរងគ្រោះ ហើយក៏ជាមុខសញ្ញា ត្រូវសង្រ្គោះជាបន្ទាន់ ដែលត្រូវទទួលបានអំណោយនៅពេលនេះ ដើម្បីជាការដោះស្រាយជីវភាពក្នុងអំឡុងពេលរងផលប៉ះពាល់ដោយសារជំងឺកូវីដ១៩ និងបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ បន្តប្រុងប្រយ័ត្ន ជាពិសេសបន្តអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន គឺ ៣ការពារ និង ៣កុំ ដើម្បីចូលរួមទប់ស្កាត់ និងការពារការរីករាលដាលនៃជំងឺកូវីដ១៩ ទាំងអស់គ្នា ។

លោកអភិបាលខណ្ឌ ក៏បានណែរនាំដល់លោកចៅសង្កាត់ ក្នុងមូលដ្ឋានខណ្ឌ ត្រូវតែបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានលឿន និងមានប្រសិទ្ធភាព ព្រោះអាជ្ញាធរមិនមែនជាចៅហ្វាយនាយប្រជាពលរដ្ឋនោះទេ ប្រសិនបើប្រជាពលរដ្ឋ ត្រូវការបំពេញឯកសារ ឬលិខិតស្នាមផ្សេងៗ។

សូមបញ្ជាក់ដែរថា ប្រជាពលរដ្ឋក្នុងខណ្ឌចំការមន ក៏បានបង្ហាញអារម្មណ៍ក្ដុកក្ដួល នៅពេលដែលទទួលបានដំណឹងថា លោក ថេង សុថុល អភិបាលខណ្ឌចំការមន ត្រូវបានរាជរដ្ឋាភិបាល សម្រេចផ្លាស់ប្ដូរភារកិច្ចផ្ទេរមុខតំណែងពីអភិបាលខណ្ឌចំការមន ឱ្យទៅជាអភិបាលខណ្ឌ ៧មករាវិញ និងបានជូនពរឱ្យលោកជួបតែសេចក្តីសុខ ចំរើនផងដែរ។

សូមជម្រាបដែរថា អំណោយមនុស្សធម៌ដែលផ្តល់ជូននាឱកាសនោះ ក្នុង១គ្រួសារៗទទួលបាន៖ អង្ករ ២៥គីឡូក្រាម ទឹកត្រី ទឹកស៊ីអ៊ីវ មី ម៉ាស ជែលសម្លាប់មេរោគ និងថវិកាមួយចំនួនផងដែរ៕