(ភ្នំពេញ)៖ បណ្ឌិត សឿង ម៉ូរ៉ារិទ្ធ ប្រធាននាយកប្រតិបត្តិ ធនាគារពាណិជ្ជ ឈីហ្វ (ខេមបូឌា) ម.ក នៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០២២នេះ បានផ្ញើសារលិខិតចូលរួមរំលែកទុក្ខ ចំពោះមរណភាពរបស់លោកស្រី នាវ ច័ន្ទថាណា ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា ដែលបានទទួលមរណភាព នៅថ្ងៃចន្ទ ៤កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង៦:៥០នាទីព្រឹក ក្នុងជន្មាយុ ៦៨ឆ្នាំ ដោយរោគាពាធ។

សារលិខិតរបស់ បណ្ឌិត សឿង ម៉ូរ៉ារិទ្ធ បានបញ្ជាក់យ៉ាងដូច្នេះថា៖ តាងនាមថ្នាក់គ្រប់គ្រង ព្រមទាំងនិយោជិត ធនាគារពាណិជ្ជ ឈីហ្វ (ខេមបូឌា) ម.ក ទាំងអស់ ពិតជាមានក្តីក្តុកក្តួលរន្ធត់ចិត្តឥតឧបមា ដោយទទួលបានដំណឹងថា លោកជំទាវ នាវ ច័ន្ទថាណា ទេសាភិបាលរង ធនាគារជាតិនៃ កម្ពុជា បានទទួលមរណភាព នៅថ្ងៃចន្ទ ៤កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង៦:៥០នាទីព្រឹក ក្នុងជន្មាយុ ៦៨ឆ្នាំ ដោយរោគាពាធ។

មរណភាពរបស់ លោកជំទាវ នាវ ច័ន្ទថាណា គឺជាការបាត់បង់នូវ ម្តាយ ម្តាយក្មេក និងជីដូន ជាទីគោរពស្រលាញ់បំផុត ប្រកបដោយព្រហ្មវិហារធម៌សព្វគ្រប់បែបយ៉ាង និងបានបូជាលះបង់អស់កម្លាំងកាយ កម្លាំងចិត្ត និងប្រាជ្ញាស្មារតីក្នុងការរួមចំណែកអភិវឌ្ឍប្រព័ន្ធធនាគារ និងហិរញ្ញវត្ថុ នៅក្នុងប្រទេសកម្ពុជានាពេលកន្លងមក។

ក្នុងឱកាសប្រកបដោយក្តីខ្សឹកខ្សួលរំជួលចិត្តជាអនេកនេះ យើងខ្ញុំទាំងអស់គ្នា សូមសម្តែងនូវក្តីក្រៀមក្រំយ៉ាងក្រៃលែង ពោរពេញដោយក្តីសោកស្តាយស្រណោះអាឡោះអាល័យ និងសូមចូលរួមរំលែកទុក្ខជូនចំពោះក្រុមគ្រួសារសព និងញាតិសាលោហិតទាំងអស់ដោយក្តីសង្វេគជាពន់ពេក។

ជាមួយសមានទុក្ខដ៏សែនក្រៀមក្រំនេះ «យើងខ្ញុំទាំងអស់គ្នា សូមឧទិ្ទសបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់ លោកជំទាវ នាវ ច័ន្ទថាណា សូមបានចាប់បដិសន្ធិ និងសោយសុខក្នុងសុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ»