(ភ្នំពេញ)៖ លោក ប៊ូ វង្សសុខា អគ្គលេខាធិការងនៃអគ្គនាយកដ្ឋានហិរញ្ញវត្ថុ រដ្ឋបាលថ្នាក់ក្រោមជាតិ បានថ្លែងបញ្ជាក់ថា រយៈពេល៥ឆ្នាំ គិតចាប់ពីឆ្នាំ២០១៧ ដល់ឆ្នាំ២០២២នេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានផ្ទេរកញ្ចប់ថវិកាដល់ថ្នាក់ក្រោមជាតិ កើនដល់ប្រមាណ ១ពាន់លានដុល្លារអាមេរិក។

ការលើកឡើងរបស់លោក ប៊ូ វង្សសុខា ធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មានស្តីពី «សមិទ្ធផលសម្រេចបានរយៈពេល៥ឆ្នាំ របស់ក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ» នៅទីស្តីការគណៈរដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២២នេះ។

លោក ប៊ូ វង្សសុខា បានថ្លែងដូចនេះថា «ក្នុងរយៈពេល៥ ទៅ៦ឆ្នាំ ចុងក្រោយនេះ កញ្ចប់ថវិកាដែលបានផ្ទេរជូនរដ្ឋបាលថ្នាក់ក្រោមជាតិ ឡើងប្រហែល ១២០% [...] តួលេខមូល ៣៩២ លានដុល្លា នៅឆ្នាំ២០១៧ រហូតមកដល់ឆ្នាំ២០២២នេះឡើងដល់៨២៨លានដុល្លារ នេះមិនទាន់បានគិតដល់ការងាជាលទ្ធផលនៃការងារកំណែរទម្រង់ ពាក់ព័ន្ធនឹងការ ផ្ទេរមុខងារនោះទេ គឺវិស័យសុខាភិបាល មន្ទីរសុខាភិបាល និងមន្ទីរអប់រំ បានផ្ទេរទៅជាការទទួលខុសត្រូវរបស់រដ្ឋបាលរាជធានីខេត្ត ហើយកញ្ចប់ប្រហែល២០០លានដុល្លារទៀតនិយាយលេខមូល សរុបទាំងអស់ប្រហែល ១ ០០០លានដុល្លារ បានផ្ទេរឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ»

អគ្គលេខាធិការងនៃអគ្គនាយកដ្ឋានហិរញ្ញវត្ថុរូបនេះ បានបន្ថែមទៀតថា សម្រាប់ការចំណាយថវិកាចំនួន ១ពាន់លានដុល្លារនោះ សម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ គឺបានធ្វើទៅលើការងាសំខាន់ៗលើវិស័យចំនួន៥ រួមមាន៖ វិស័យសេដ្ឋកិច្ច៖ ទាក់ទងនឹងការរកចំណូល រកចំណាយ ការកសាងហេដ្ឋារចនាសម្ព័ន្ធ, វិស័យសង្គមកិច្ច, វិស័យបរិស្ថាន, វិស័យសន្តិសុខសង្គម និងសេវារដ្ឋបាលទូទៅផ្សេងៗផងដែរ។

លោក ប៊ូ វង្សសុខា បានបន្ថែមថា សម្រាប់ជួយដល់រដ្ឋបាលថ្នាក់ក្រោយជាតិ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានធ្វើការងារសំខាន់ៗតែ២នោះទេ គឺ ខិតខំរកថវិកាបន្ថែម និងខិតខំកសាង លិខិត បទដ្ឋានគតិយុទ្ធ សម្រាប់គាំទ្រដល់រដ្ឋបាលថ្នាក់ក្រោមជាតិផងដែរ៕