(ភ្នំពេញ)៖ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតា នរោត្ដម មុនិនាថ សីហនុ នៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើព្រះរាជសារមួយប្រទានពរដល់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅក្នុងឱកាសខួបចម្រើនជន្មាយុ នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២២នេះ។

នៅក្នុងព្រះរាជសារនេះ ព្រះមហាក្សត្រីមានព្រះបន្ទូលថា៖ «ក្នុងឱកាសដ៏នក្ខត្តឫក្ស នៃខួបចម្រើនជន្មាយុរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២២ខាងមុខនេះ ខ្ញុំមានហឫទ័យសោមនស្សរីករាយ សូមប្រសិទ្ធពរជ័យ សិរីមង្គល បវរមហាប្រសើរគ្រប់ប្រការ ជូន សម្តេចអគ្គមហាសេនាបតីតេជោ សូមទទួលបាននូវ មហាជោគជ័យថ្មីៗបន្តទៀត ក្នុងបេសកកម្មដ៏ឧត្តុង្គឧត្តមដើម្បីជាឧត្តមប្រយោជន៍ប្រជាជាតិ មាតុភូមិ និងប្រជារាស្ត្រកម្ពុជា»។

សម្តេចម៉ែ ទ្រង់បានកោតសរសើរ សម្តេចអគ្គមហាសេនាបតីតេជោ ជាប្រមុខដឹកនាំជាតិដ៏ឆ្នើម និងដ៏ឈ្លាសវៃ និងប៉ិនប្រសប់ បំផុត ក្នុងការកសាងសមិទ្ធផលជាតិលើគ្រប់វិស័យ ព្រមទាំងបានខិតខំបំបាត់ភាពក្រីក្រក្នុងសង្គម ជាតិ បានខិតខំកសាង អភិវឌ្ឍប្រទេសជាតិ និងលើកតម្កើងកិត្យានុភាពនៃប្រជាជាតិយើង នៅលើ ឆាកអន្តរជាតិ ។

ព្រះមហាក្សត្រី បានប្រសិទ្ធពរជូន សម្តេចអគ្គមហាសេនាបតីតេជោ និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំង ក្រុមគ្រួសារ សូមបានប្រកបតែនឹងព្រះពុទ្ធពរគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

ខាងក្រោមនេះជាព្រះរាជសារព្រះមហាក្សត្រ៖