(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្វាយសារលិខិតថ្លែងអំណរព្រះគុណ ព្រះករុណាព្រះបាទសម្ដេចព្រះ បរមនាថ នរោត្តម សីហមុនីព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលបានប្រទានពរដល់សម្តេច ក្នុងឱកាសខួបចម្រើនជន្មាយុ នាថ្ងៃ០៥ ខែសីហា ឆ្នាំ២០២២។

ក្នុងសារលិខិតសម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ទាំងស្រុងដូច្នេះថា ៖

«ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត

ទូលព្រះបង្គំជាខ្ញុំ ព្រមទាំងក្រុមគ្រួសារ មានសេចក្តីរំភើបសោមនស្សរីករាយឥតឧបមា សូមព្រះបរម រាជានុញ្ញាតក្រាបថ្វាយនូវសេចក្តីថ្លែងអំណរព្រះរាជគុណដ៏ខ្ពង់ខ្ពស់បំផុត ថ្វាយ ព្រះករុណាជាអម្ចាស់ជីវិត លើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គសព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទានព្រះរាជសារ ចុះថ្ងៃទី១ ខែសីហា ឆ្នាំ២០២២នេះ ដែលមានខ្លឹមសារប្រទានព្រះពរជ័យ បវរមហាប្រសើរ និងផ្កាដ៏ស្រស់ល្អ មួយផើង ក្នុងឱកាសនៃខួបកំណើតរបស់ទូលព្រះបង្គំជាខ្ញុំ។

នាឱកាសដ៏មហានក្ខត្តឫក្សវិសេសវិសាលនេះ ទូលព្រះបង្គំជាខ្ញុំ ព្រមទាំងក្រុមគ្រួសារទាំងអស់ សូម ព្រះបរមរាជានុញ្ញាតសម្ដែងនូវស្វាមីភក្តិដ៏ខ្ពង់ខ្ពស់បំផុត ថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរព សក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលជានិច្ចកាលព្រះអង្គតែងតែ ប្រោសព្រះរាជទាននូវព្រះព្រហ្មវិហារធម៌ដ៏ឧត្តុង្គឧត្តម ដល់ទូលព្រះបង្គំជាខ្ញុំ និងក្រុមគ្រួសារ ដែលជាព្រះរាជគុណដ៏មហាធំធេងមិនអាចរកវត្ថុអ្វីមកប្រៀបផ្ទឹមបានឡើយ។

ទូលព្រះបង្គំជាខ្ញុំ សូមព្រះបរមរាជានុញ្ញាតបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ កែវទាំងបី ទេវតា ថែរក្សាព្រះមហាស្វេតច្ឆ័ត្រ ព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រីយានីខ្មែរគ្រប់ព្រះអង្គ សូម ព្រះមេត្តាប្រសិទ្ធពរជ័យ បវរសួស្តី មហាប្រសើរថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈ ដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គមានព្រះរាជសុខភាព ល្អបរិបូរណ៍ ព្រះកាយពលមាំមួន ព្រះជន្មាយុយឺនយូរ ដើម្បីគង់ប្រថាប់ដ៏សុខដុមរមនាជាមហាម្លប់ដ៏ត្រជាក់ដល់ប្រជារាស្ត្រជាកូនចៅ ចៅទួត របស់ព្រះអង្គនៅ ទូទាំងព្រះរាជាណាចក្រកម្ពុជា ជាយូរអង្វែងតរៀងទៅ។

សូម ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះមេត្តាទទួលនូវ ភក្តីភាពដ៏ស្មោះ និងសេចក្តីគោរពដ៏ខ្ពង់ខ្ពស់បំផុត អំពីទូលព្រះបង្គំជាខ្ញុំ»៕