(ភ្នំពេញ)៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៅរសៀលថ្ងៃទី០២ ខែសីហា ឆ្នាំ២០២២នេះ បានអនុញ្ញាតឱ្យលោកស្រី ង្វៀន ធីថាញ់ សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ នៃរដ្ឋសភា និងជាប្រធានសមាគមមិត្តភាពវៀតណាម-កម្ពុជា ចូលជួបសម្តែងការគួរសម ក្នុងឱកាសដែលលោកស្រី និងគណៈប្រតិភូអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា។

សម្តេចប្រធានព្រឹទ្ធសភា ជឿជាក់ថា ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូនៅកម្ពុជានាឱកាសនេះ នឹងរួមចំណែកពូនជ្រុំ និងលើកកម្ពស់ទំនាក់ទំនងដ៏ល្អរវាងប្រទេស និងប្រជាជននៃប្រទេសទាំងពីរ ដែលមានស្រាប់ឱ្យកាន់តែរឹងមាំថែមទៀត ដើម្បីជាគុណប្រយោជន៍ដ៏ធំធេងទាំងពេលបច្ចុប្បន្ន និងពេលអនាគតសម្រាប់ប្រទេស និងប្រជាជនទាំងពីរ។

ក្នុងនាមគណៈប្រតិភូ លោកស្រី ង្វៀន ធីថាញ់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចប្រធានព្រឹទ្ធសភា ដែលបានចំណាយពេលដ៏មានតម្លៃទទួលជួបគណៈប្រតិភូនាពេលនេះ។ លោកស្រី បានជម្រាបថា នេះជាលើកទី១ហើយ ដែលលោកស្រីបានមកបំពេញទស្សនកិច្ចនៅកម្ពុជា ក្នុងនាមប្រធានសមាគមមិត្តភាពវៀតណាម-កម្ពុជា។

លោកស្រី បានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យរបស់ប្រទេសកម្ពុជា ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់ព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាល ហើយក៏បានវាយតម្លៃខ្ពស់ ចំពោះប្រទេសកម្ពុជាដែលឈានមុខគេក្នុងការគ្រប់គ្រងជំងឺកូវីដ-១៩ និងបានស្តា និងអភិវឌ្ឍន៍សេដ្ឋកិច្ចឡើងវិញយ៉ាងឆាប់រហ័ស។

ជាមួយគ្នានេះ លោកស្រី ង្វៀន ធីថាញ់ បានសម្តែងនូវការអបអរសាទរចំពោះសមិទ្ធផលនានា ដែលប្រទេសកម្ពុជាសម្រេចបាន ក្រោមការដឹកនាំរបស់ព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាល ដូចជាការទទទួលបានជោគជ័យ ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ និងការទទួលធ្វើជាប្រធានប្តូរវេនអាស៊ាន និង AIPA ព្រមទាំងធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំស៊ីហ្គេម នៅឆ្នាំ២០២៣ ខាងមុខនេះ។

លោកស្រី ង្វៀន ធីថាញ់ បានគូសបញ្ជាក់ថា ក្នុងរយៈពេល៥៥ឆ្នាំកន្លងទៅនេះ ចាប់តាំងពីការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ រដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរ បានពូនជ្រុំទំនាក់ទំនង មិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការបានយ៉ាងល្អប្រពៃ តាមទស្សនៈ «អ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបតិ្តការ លើគ្រប់វិស័យ និងស្ថិតស្ថេរ» ហើយភាពជោគជ័យ និងការសប្បាយរីករាយរបស់កម្ពុជា គឺជាជោគជ័យ និងការសប្បាយរីករាយរបស់វៀតណាម។

ក្នុងនាមប្រជាជនវៀតណាម លោកស្រី ង្វៀន ធីថាញ់ បានថ្លែងអំណរអរគុណចំពោះព្រះមហាក្សត្រ ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ដែលតែងតែជួយគាំទ្រ និងពូនជ្រុំទំនាក់ទំនងមិត្តភាពល្អប្រពៃណីរវាងប្រទេសទាំងពីរ។ ឆ្លៀតឱកាសនោះ លោកស្រីបាននាំនូវការសួរសុខទុក្ខពីសំណាក់ អគ្គលេខាបក្ស ប្រធានរដ្ឋ នាយករដ្ឋមន្រ្តី និងប្រធានរដ្ឋសភា ជូនចំពោះសម្តេចប្រធានព្រឹទ្ធសភាផងដែរ។

ក្នុងឱកាសនោះ សម្តេចប្រធានព្រឹទ្ធសភា បានគូសបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូនាពេលនេះ ធ្វើឡើងស្របពេលដែលប្រទេសទាំងពីរ បាននិងកំពុងប្រារព្ធខួបអនុស្សាវរីយ៍លើកទី៥៥ឆ្នាំ ថ្ងៃបង្កើតទំនាក់ទំនងការទូត និងជាឆ្នាំមិត្តភាពកម្ពុជា-វៀតណាម។ ប្រទេសទាំងពីរបានរៀបចំកម្មវិធីសកម្មភាពជាច្រើន ដូចជាការផ្លាស់ប្តូរទស្សនកិច្ចទៅវិញទៅមករវាងថ្នាក់ដឹកនាំមន្រ្តី ជាន់ខ្ពស់ អាជ្ញាធរខេត្ត ក្រុង។ កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២ ប្រទេសទាំងពីរបានប្រារព្ធមីទ្ទិញដើម្បីអបអរសាទរខួបលើកទី៥៥ឆ្នាំ ប្រកបដោយបរិយាកាសសប្បាយរីករាយយ៉ាងក្រៃលែង។

ក្នុងរយៈពេល៥៥ឆ្នាំកន្លងមកនេះ ប្រទេសទាំងពីរធ្លាប់បានឆ្លងកាត់នូវវិញ្ញាសារដ៏លំបាកស្មុគស្មាញជាច្រើន ហើយបានរួមសាមគ្គីគ្នារឹងមាំប្រយុទ្ធប្រឆាំងសត្រូវរួមដើម្បីបុព្វហេតុឯករាជ្យភាព អធិបតេយ្យភាព បូរណភាព និងការអភិវឌ្ឍ។ ហេតុនេះ ថ្នាក់ដឹកនាំបច្ចុប្បន្នត្រូវបន្តខិតខំរក្សាប្រពៃណីសាមគ្គីភាព មិត្តភាពឱ្យកាន់តែរឹងមាំជាងទៀត ដើម្បីទុកជាមរតកសម្រាប់ថ្នាក់ដឹកនាំជំនាន់ក្រោយនៃប្រទេសទាំងពីរ។

សម្តេចប្រធានព្រឹទ្ធសភា បានសម្តែងនូវសេចក្តីពេញចិត្តជាខ្លាំងចំពោះចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេស និងប្រជាជនទាំងពីរនេះ ដែលបន្តរីកចម្រើនលើគ្រប់វិស័យ ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែស៊ីជម្រៅ មានលក្ខណៈគ្រប់ជ្រុងជ្រោយ និងរឹងមាំយូរអង្វែង ក្រោមស្មារតី «ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបតិ្តការគ្រប់ជ្រុងជ្រោយ ស្ថិរភាពយូរអង្វែង»។ សភា រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាប្រកាន់ខ្ជាប់ខ្ជួនឥតងាករេ ដោយចាត់ទុកវៀតណាម គឺជាមិត្តល្អ ជាបងប្អូនល្អ ជាអ្នកជិតខាងល្អ និងជាដៃគូល្អ។

សម្តេច សាយ ឈុំ បានគូសបញ្ជាក់ថា ព្រឹទ្ធសភាតែងតែគាំទ្រ និងលើកទឹកចិត្តដល់រដ្ឋាភិបាលនៃប្រទេសទាំងពីរ អនុវត្តន៍នូវរាល់កិច្ចព្រមព្រៀងរវាងរដ្ឋាភិបាល នៃប្រទេសទាំងពីរ។ ជាមួយគ្នានេះ សម្តេចបានវាយតម្លៃខ្ពស់ និងអបអរសាទរចំពោះសមិទ្ធផលទាំងឡាយ ដែលសមាគមមិត្តភាព នៃប្រទេសទាំងពីរសម្រេចបាន ជាពិសេសក្នុងការជួយឧបត្ថម្ភគាំទ្រគ្នាទៅវិញទៅមក ទាំងស្មារតី សម្ភារ និងថវិកា ក៏ដូចជាការឃោសនាអប់រំ ឲ្យប្រជាជន នៃប្រទេសទាំងពីរបានយល់ច្បាស់អំពីសភាពការណ៍ និងសមិទ្ធផលរួមនៃប្រទេសទាំងពីរ ក្នុងនោះឲ្យយល់ច្បាស់អំពីកត្តាស្លាប់រស់ នៃចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។

ប្រជាជននៃប្រទេសទាំងពីរ មានសេចក្តីសប្បាយរីករាយណាស់ ដោយមើលឃើញរដ្ឋាភិបាល នៃប្រទេសទាំងពីរបានកសាងខ្សែបន្ទាត់ព្រំដែន ឲ្យក្លាយជាខ្សែបន្ទាត់ព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងអភិវឌ្ឍន៍។ សម្តេចប្រធានព្រឹទ្ធសភា បានលើកទឹកចិត្តឱ្យសមាគមមិត្តភាព នៃប្រទេសទាំងពីរ បន្តនូវការខិតខំប្រឹងប្រែងពួនជ្រំទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឲ្យកាន់តែរឹងមាំ និងខ្លាំងក្លាជានេះទៀត ដែលគ្មានអ្នកណាមកបំបែកបំបាក់បានឡើយ។

ក្នុងនាមព្រឹទ្ធសភា សម្តេចប្រធានព្រឹទ្ធសភា បានសម្តែងការអបអរសាទរដ៏ស្មោះស្ម័គ្រចំពោះសមិទ្ធផលដ៏ធំធេងដែលរដ្ឋាភិបាល និងប្រជាជនវៀតណាមសម្រេចបានក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់ខ្លួន។ សម្តេចមានជំនឿថា ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់រដ្ឋាភិបាល និងសភាវៀតណាម វៀតណាមនឹងបន្តសម្រេចបាននូវសមិទ្ធផលសង្គម-សេដ្ឋកិច្ចធំៗបន្ថែមទៀត ក្នុងការអនុវត្តសេចក្តីសម្រេចរបស់មហាសន្និបាតលើកទី១៣ នៃបក្សកុម្មុយនីស្តវៀតណាម។

សម្តេចប្រធានព្រឹទ្ធសភា បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំកំពូល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលបានផ្តាំផ្ញើការសួរសុខទុក្ខចំពោះសម្តេច។ តាមរយៈគណៈប្រតិភូ សម្តេចបានផ្តាំផ្ញើសួរសុខទុក្ខដោយសេចក្តីនឹករលឹកជូនចំពោះថ្នាក់ដឹកនាំជាន់ខ្ពស់ និងរដ្ឋាភិបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាមទាំងអស់។ សម្តេចបានប្រសិទ្ធពរជូនពរគណៈប្រតិភូ មានសុខភាពល្អ និងដំណើរទស្សនកិច្ចនៅលើទឹកដីកម្ពុជាបានប្រកបដោយជោគជ័យ៕