(កំពង់ធំ)៖ លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ បានជំរុញឲ្យអាជ្ញាធរមូលដ្ឋាន និងមន្ទីរជំនាញខិតខំបន្តចុះជួបប្រជាពលរដ្ឋកំណត់អត្តសញ្ញាណដីដែលអាស្រ័យផលជុំវិញបឹងទន្លេសាប ឲ្យបានច្បាស់លាស់ដើម្បីស្នើសុំកាត់ឆ្វៀលជូនពួកគាត់។

លោក ងួន រតនៈ បានលើកឡើងនៅក្នុងកិច្ចប្រជុំពិភាក្សាស្តីពី ការកាត់ឆ្វៀលដីតំបន់ជុំវិញបឹងទន្លេសាប ក្នុងស្រុកតាំងគោក ស្រុកបារាយណ៍ សន្ទុក ក្រុងស្ទឹងសែន និងស្រុកកំពង់ស្វាយថ្ងៃទី៣ ខែសីហា ឆ្នាំ២០២២ នៅសាលប្រជុំសាលាខេត្តកំពង់ធំ។

លោកបានបន្តថា «ដោយអនុវត្តតាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា, មន្រ្តីជំនាញបានសម្រេចកាត់ឆ្វៀលដីអភិរក្សបឹងទន្លេសាបចេញពីតំបន់៣ និងតំបន់២ ជូនទៅប្រជាពលរដ្ឋ ដែលបានអាស្រ័យផលជាក់ស្តែងចាប់ពី១០ឆ្នាំឡើងទៅ»

លោកថា អាជ្ញាធរមូលរដ្ឋាន រួមជាមួយមន្ទីរជំនាញពាក់ព័ន្ធ បានខិតខំបន្តចុះជួបប្រជាពលរដ្ឋដើម្បីកំណត់អត្តសញ្ញាណដីជុំវិញបឹងទន្លេសាប ដោយភ្ជាប់ជាមួយផែនទីគោលនៅក្នុងឆ្នាំនីមួយៗ ដែលប្រជាពលរដ្ឋបានរស់នៅ និងអាស្រ័យផលនាពេលកន្លងមក ដើម្បីធ្វើការកែសម្រួលទិន្ន័យឲ្យបានច្បាស់លាស់ ក្នុងការរៀបចំសំណើស្នើសុំគោលការណ៍ពីប្រមុខរាជរដ្ឋាភិបាល កាត់ឆ្វៀលដីជុំវិញបឹងទន្លេសាបនេះ ជូនប្រជាពលរដ្ឋឲ្យទទួលបាន នូវសិទ្ធិបន្ថែមក្នុងការកាន់កាប់ ការអាស្រ័យផល ប្រកបដោយមានទំនុកចិត្ត។

ចំពោះដីនៅក្នុងតំបន់៣ និងតំបន់២ ដែលជាប់មាត់បឹង ស្ទឹងផ្លូវ ត្រូវកំណត់ព្រំឲ្យបានច្បាស់លាស់និងដីដែលមានព្រៃ គឺមិនអនុញ្ញាតឲ្យឈូសឆាយពង្រីកបន្ថែមទៀតនោះទេ ដោយឡែកសម្រាប់ដីដែលមានពាក្យដណ្តឹងរបស់តុលាការត្រូវរក្សាទុក៕