(ស្វាយរៀង)៖ កសិករមានមុខរបរដាំដំណាំខ្ទឹមយកស្លឹករកចំណូលបានគួរសមសម្រាប់ផ្គត់ផ្គង់គ្រួសារ ហើយចំពោះទីផ្សារវិញគឺមានឈ្មួញមកទិញដល់កន្លែងដាំក្នុងផ្ទះសំណាញ់តែម្តង។

កសិកររស់នៅភូមិស្វាយក្អែរ ឃុំតាសួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង បានឲ្យដឹងថា ពីមុនមកខាងមន្ទីរកសិកម្មខេត្តស្វាយរៀង ចុះមករកកសិករមានជំនាញខ្លះៗ ខាងដាំដំណាំ និងចូលចិត្តដាំដំណាំ ដើម្បីផ្គត់ផ្គង់ទីផ្សារខ្លះ និងទុកសម្រាប់ហូបប្រចាំគ្រួសារខ្លះ ដោយខាងមន្ទីរកសិកម្មមានគម្រោងធ្វើផ្ទះសំណាញ់សម្រាប់ដាំដំណាំ បន្លែគ្រប់មុខ ដើម្បីការពារបន្លែមានសុវត្តិភាព កុំឱ្យពពួកសត្វល្អិតគ្រប់ប្រភេទមកស៊ីបំផ្លាញ ហើយផ្ទះសំណាញនេះ អាចការពារកំដៅបានស្ទើរតែ១០០% នៃផលដំណាំខូច ឬសត្វល្អិតស៊ី។

កសិករបន្តថា ការដាំដំណាំខ្ទឹមស្លឹកមិនងាយស្រូលប៉ុន្មានទេ មុនដាក់ដាំត្រូវ កាប់ដី កាយដីធ្វើឱ្យស្មើ និងលើកជារងដាក់លាមកគោ លាមកមាន់តិចៗច្បល់ឲ្យទៅជាល្បាយស្មើរដី ទើបដាំបានល្អឆាប់ទទួលផល ហើយដំណាំខ្ទឹមស្លឹកនេះ មិនសូវមានសត្វល្អិតមកស៊ីទេ អាយុកាលរបស់វាចាប់ពី១ខែ១០ថ្ងៃ និងអាចដកលក់បានហើយមានឈ្មួញមកទិញដល់កន្លែងដាំ ដោយក្នុង១គីឡូលក់បានចន្លោះ៤៥០០ទៅ៦០០០រៀល។

កសិករបន្ថែមទៀតថា កាលដែលគម្រោងផ្ទះសំណាញរបស់មន្ទីរកសិកម្ម មិនទាន់ខូច និងធ្លុះធ្លាយ អាចដាំដំណាំ បន្លែបានច្រើនមុខទៅតាមរដូវ រដូវប្រាំង រដូវវស្សាក៏ដាំបាន ហើយបានចំណូលផ្គត់ផ្គង់គ្រួសារគួរសម បើតាមគម្រោងផ្ទះសំណាញ់នេះគាត់ថា មានរយៈពេល៥ឆ្នាំទើបខូច តែមកដល់ឥឡូវ ដោយសារមានខ្យល់បោក បក់ខ្លាំង បានជាង២ឆ្នាំធ្វើឱ្យរហែកសំណាញដំបូលខ្លះៗ សំណាញ់ជញ្ជាំងបាំងខាងអស់ខ្លះហើយដែរ មិនដឹងរកទិញឯណាបានទេ ដោយទាក់ទងទៅមន្ទិរកសិកម្មខេត្តស្វាយរៀង ក៏គេប្រាប់ថាមិនដឹងកន្លែងណាមានលក់ទេ៕