(កំពង់ស្ពឺ)៖ រថយន្តបែនដឹកដីមួយគ្រឿង ដែលមានអ្នកបើកបរមានស្ថានភាពស្រវឹងផងនោះ បានបើកទៅបុកចំហៀង រថយន្តកូរ៉េដឹកកម្មករ បណ្តាលឲ្យមានអ្នករងរបួសមិនតិចជាង៥០នាក់នោះទេ នៅល្ងាចថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៦នេះ ស្ថិតនៅតាមផ្លូវជាតិលេខ៤ ជិតរោងចក្រសាន់វ៉ូ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ នេះបើយោងតាមសេចក្តីរាយការណ៍ជាបឋម ពីសាក្សីដែលបានឃើញហេតុការណ៍នេះ បានប្រាប់អង្គភាព Fresh News។

លោក សាន​ វុទ្ធី នាយនគរបាលប៉ុស្តិ៍ឃុំត្រពំាងគង បានឲ្យដឹងថា ជនរងគ្រោះទាំងអស់ ខ្លះបាក់ដៃ ខ្លះបាក់ជើង រងរបួសធ្ងន់ស្រាលនោះ ត្រូវបានរថយន្តពេទ្យដឹកយកទៅសង្គ្រោះអស់ហើយ ក្រោយកើតហេតុ តែលោកមិនទាន់ដឹងចំនួនពិតប្រាកដនោះទេ ប៉ុន្តែអ្នកជិះនៅលើរថយន្តមានចំនួនច្រើន ក្រោយចេញពីធ្វើការ។ លោកមេប៉ុស្តិ៍ បានបន្តទៀតថា គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងដោយសារតែរថយន្តបែនដឹកដី បានធ្វើដំណើរពីក្រោយរថយន្តដឹកកម្មករ ហើយជ្រុលទៅបុកចំហៀង បណ្តាលឲ្យកម្មករដែលកំពុងជិះ នៅលើរថយន្តរងរបួសធ្ងន់ស្រាល។ យ៉ាងណាក៏ដោយ អ្នកបើករថយន្តបង្ក ត្រូវបានប្រជាពលរដ្ឋ ចាប់ប្រគល់ជូនសមត្ថកិច្ចផងដែរ៕