(សៀមរាប)៖ អនុសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជូនគ្រួសាររងគ្រោះដោយភ្លើងឆេះផ្ទះឈ្មួយគ្រួសារស្ថិតក្នុងភូមិព្រៃលាន ឃុំពពេល ស្រុកសូទ្រនិគម ខេត្តសៀមរាប។

គ្រួសារជួបគ្រោះភ្លើងឆេះផ្ទះនេះ មានឈ្មោះ ឡឹក រើន ភេទប្រុស អាយុ ៤៣ឆ្នាំ មានសមាជិកគ្រួសារ៧នាក់ ស្រី ០២នាក់។

ក្នុងឱកាសចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សជូនគ្រួសាររងគ្រោះដោយភ្លើងឆេះផ្ទះ នាថ្ងៃទី០២ ខែសីហា ឆ្នាំ២០២២ លោកស្រី ងិន មុំ ប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកសូទ្រនិគម បានពាំនាំនូវការផ្ដាំផ្ញើ និងការយកចិត្តទុកដាក់ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក៏ដូចជាលោក ទៀ សីហា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ដែលតែងតែគិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូបដោយមិនប្រកាន់វណ្ណៈ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។ ដូចពាក្យស្លោករបស់កាកបាទក្រហមដែលលើកឡើងថា «កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែងសម្រាប់គ្រប់ៗគ្នា ដោយមិនទុកនរណាម្នាក់ចោលឡើយ»

ទន្ទឹមនឹងនោះលោកស្រីក៏បានចូលរួមសោកស្ដាយ និងផ្ដាំផ្ញើដល់ប្រជាពលរដ្ធទាំងអស់ សូមមានការប្រុងប្រយ័ត្នខ្ពស់ចំពោះការអុជធូប ទៀន ដែលជាហេតុបង្កឱ្យមានគ្រោះអគ្គិភ័យឆាបឆេះដល់ផ្ទះ ខូចខាតទ្រព្យសម្បត្តិ និងបង្កគ្រោះថ្នាក់ដល់មនុស្ស សត្វជាដើម។

អំណោយមនុស្សធម៌ដែលផ្តល់ជូនគ្រួសារជួបគ្រោះអគ្គិភ័យនេះរួមមាន៖ អង្ករ ២០គីឡូក្រាម មី ១កេស ត្រីខ ១យួរ ទឹកត្រី ១យួរ ទឹកស៊ីអ៉ីវ ១យួរ តង់១ កន្ទេល១ មុង១ ភួយ១ សារុង១ ក្រមា១ ឆ្នាំបាយ-សម្លរ ចានដែកធំ១ ធុងទឹកកកតូច១ ធុងទឹកក្ដៅ១ កំសៀវ១ វែកបាយ វែកសម្លរ វែកឆា បោយដងទឹក ចង្អើរអាំងត្រី ស្លាបព្រា ចាន ធុងទឹក ចានស្រាក់១ និងថវិកា៥ម៉ឺនរៀលផងដែរ៕