(បាត់ដំបង)៖ លោក ហឿង សុគន្ធ ត្រូវបានប្រកាសតែងតាំងជាអភិបាលរង ខេត្តបាត់ដំបង នារសៀលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៦នេះ ដែលប្រព្រឹត្តទៅសាលាខេត្តបាត់ដំបង ក្រោមវត្តមាន លោក សក់ សេដ្ឋា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងសម្ដេចក្រឡាហោម ស ខេង និងមានការចូលរួមពីមន្រ្ដីប្រមាណជាង៣០០នាក់ផងដែរ។

ក្នុងឱកាសនោះដែរ លោក ច័ន្ទ សុផល បានបញ្ជាក់​ពីលទ្ធផល​ការងារបាន និងកំពុងកសាង និងអភិវឌ្ឍន៍មានភាពការរីកចម្រើន លើគ្រប់វិស័យធ្វើឲ្យខេត្តបាត់ដំបង មានការទទួលស្គាល់​ពីគ្រប់​មជ្ឈដ្ឋាន​ជាតិ និងអន្តរជាតិសម្រាប់បច្ចុប្បន្ន ក៏ដូចនាពេល​អនាគតផងដែរ។លោក សក់ សេដ្ឋា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានធ្វើការផ្តាំផ្ញើ ដល់លោក ហឿង សុគន្ធ ដែលទើបទទួល​ការតែងតាំង​ថ្មីថា និងមន្ត្រីទាំងអស់ ត្រូវយកចិត្តទុកដាក់ទៅលើការងារ ដែលរាជរដ្ឋាភិបាលបានប្រគល់ជូន ត្រូវចេះរួមសហការគ្នា ត្រូវខិតខំក្នុងការអនុវត្តន៍កម្មវិធីនយោបាយ និងយុទ្ធសាស្រ្តចតុកោណ​ដំណាក់កាល​ទី៣ របស់រាជរដ្ឋាភិបាល សម្រាប់នីតិកាលទី៥ នៃរដ្ឋសភា ដោយជំរុញការអភិវឌ្ឍន៍ឲ្យមានការរីកចម្រើន លើគ្រប់វិស័យ និងការអភិវឌ្ឍន៍គ្រប់មូលដ្ឋាន ការផ្តល់សេវាសាធារណៈ ការជួយសង្គ្រោះ​ប្រជាពលរដ្ឋ ពីគ្រោះធម្មជាតិនានា ដែលជាការរួមចំណែកយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍន៍សង្គមជាតិរបស់យើង។

លោក ហឿង សុគន្ធ ដែលទើបប្រកាសតែងតាំង ជាអភិបាលរងខេត្តថ្មី បានឡើងប្តេជ្ញាចិត្តថា នឹងខិតខំឲ្យអស់ពីសមត្ថភាព ដើម្បីបម្រើប្រជាពលរដ្ឋ ជាពិសេសរឹតចំណងសាមគ្គីភាពផ្ទៃក្នុង ជាមួយមន្ត្រីក្រោមឱវាទ ជាមួយប្រជាពលរដ្ឋ ដោយមិនប្រកាន់និន្នាការនយោបាយ ឬប្រកាន់នូវពូជសាសន៍ព័ណ៌សម្បុរណាមួយឡើយ៕