(ភ្នំពេញ)៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជា បានផ្ញើសារលិខិតមួយជូនពរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីណៃកម្ពុជា នៅក្នុងឱកាសខួបចម្រើនជន្មាយុគម្រប់៧០ឈានចូល៧១ឆ្នាំ នាថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២២នេះ។

នៅក្នុងសារលិខិត សម្តេចវិបុលសេនាភក្តី តាងនាមឱ្យ សមាជិក សមាជិកាព្រឹទ្ធសភា និងក្នុងនាមខ្លួនសម្តេចផ្ទាល់ បានសម្តែងនូវអំណរសាទរ ប្រកបដោយក្តីគោរព ស្រឡាញ់ដ៏ខ្ពង់ខ្ពស់បំផុតជូន សម្តេចតេជោ សូមមានជន្មាយុយឺនយូរ សុខុមាលភាពល្អបរិបូរណ៍ និងកាយពលមាំមួន។

សម្តេចបានអនុញ្ញាតសម្ដែងនូវមោទនភាព និងគោរពកោតសរសើរ ដ៏ខ្ពង់ខ្ពស់បំផុតជូន សម្ដេចអគ្គមហាសេនាបតីតេជោ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតយ៉ាងសកម្ម ក្នុងបេសកកម្មការពារជាតិមាតុភូមិ និងប្រជាជនកម្ពុជា ប្រទេសជាតិទទួលបាននូវមហាសុខសន្តិភាពពេញលេញ ឯកភាពជាតិ បូរណភាពទឹកដី ស្ថិរភាពនយោបាយ សន្តិសុខសង្គម សណ្តាប់ធ្នាប់សាធារណៈ និងអភិវឌ្ឍលើគ្រប់វិស័យ។

សម្តេចបានបន្ថែមថា វីរភាពដ៏ធំធេង របស់ សម្តេចអគ្គមហាសេនាបតីតជោ បានធ្វើអោយប្រជាជនកម្ពុជាចងចាំ និងដឹងគុណជានិច្ចមិនអាចបំភ្លេចបាន ក្នុងការធ្វើឱ្យប្រទេសជាតិរស់ឡើងវិញ ប្រកបដោយកិត្តិយស និងកិត្យានុភាព ប្រជាជនរស់នៅក្នុងសេចក្ដីថ្លៃថ្នូរ និងសេចក្តី សុខក្សេមក្សាន្ត ក្រោមម្លប់នៃសុខសន្តិភាព។

ជាថ្មីម្តងទៀត សម្តេចសូមលើកហត្ថបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ឫទ្ធិបារមីខ្លាំងក្លា ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមព្រះអង្គតាមជួយបីបាច់ថែរក្សាការពារប្រោះព្រំនូវសព្ទ សាធុការពរជ័យគ្រប់ប្រការជូន សម្តេចអគ្គមហាសេនាបតីតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត បុត្រី ចៅប្រុស ចៅស្រី សូមសមប្រកបដោយព្រះពុទ្ធពរដ៏ប្រពៃថ្លៃថ្លាបួនប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្តរ៍ តរៀងទៅ៕

ខាងក្រោមនេះជាសារលិខិតរបស់សម្តេចសាយ ឈុំ៖