(កំពត)៖ ស្ត្រីម្នាក់កំពុងជិះម៉ូតូ ស្រាប់តែត្រូវរថយន្តសាំយ៉ុងបុកស្លាប់ គួរឲ្យអាណោចអាធ័ម នៅកន្លែងកើតហេតុ នៅរសៀលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៦នេះ លើកំណាត់ផ្លូវជាតិលេខ១ ស្ថិតក្នុងភូមិបឹងធំខាងលិច ឃុំអង្គសុភី ស្រុកកំពង់ត្រាច ខេត្តកំពត។ មន្ត្រីនគរបាលស្រុកកំពង់ត្រាច បានប្រាប់ភ្នាក់ងារ Fresh News ថា ស្ត្រីរងគ្រោះ ឈ្មោះ វ៉ាន់ ឌឿន អាយុ៤៥ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុខាងលើ បើកបរម៉ូតូម៉ាកHonda Dream C១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខកំពត1B-3780។

មន្ដ្រីនគរបាលបន្ដថា ចំណែកអ្នកបើករថយន្តបង្ក ឈ្មោះ កៅ វ៉េត ភេទប្រុស អាយុ២១ឆ្នាំ និងព្រូឡាន ឈ្មោះ កៅ យ៉ា ភេទប្រុស អាយុ២០ឆ្នាំ អ្នកទាំង២ រស់នៅភូមិថ្កូវ ឃុំឬស្សី ស្រុកខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត។ លោកបានបន្ថែមទៀតថា មុនពេលកើតហេតុ រថយន្តបង្កបើកក្នុងល្បឿនលឿន ទិសដៅពីជើងទៅត្បូង លុះដល់ចំណុចកើតហេតុ បានបុកម៉ូតូជនរងគ្រោះ​ទិសដៅ​បញ្ច្រាសគ្នា ខណៈជនរងគ្រោះបត់ម៉ូតូ ចូលផ្ទះមកខាងឆ្វេងដៃ កាត់ទទឹងថ្នល់ ដោយមិនបានប្រុងប្រយ័ត្ន ក៏បណ្តាលឲ្យស្លាប់នៅកន្លែងកើតហេតុតែម្តង។

ក្រោយហេតុការណ៍ សពត្រូវបានក្រុមគ្រួសារ​យកទៅធ្វើបុណ្យតាមប្រពៃណី ខណៈអ្នកបើកបររថយន្តបង្ក ត្រូវកម្លាំងនគរបាលឃាត់ខ្លួនបាន បញ្ជូនមកស្នងការដ្ឋាននគរបាលខេត្តកំពត ដើម្បីចាត់ការតាមច្បាប់៕