(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានស្នើរដ្ឋាភិបាលចិន ឱ្យគាំទ្រគំនិតផ្តួចផ្តើមបង្កើតលេខាធិការដ្ឋាននៃកិច្ចព្រមព្រៀងទំនាក់ទំនងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) នៅរាជធានីភ្នំពេញ។
សំណើរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារជាមួយលោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិន កាលពីថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២កន្លងទៅនេះ។
កិច្ចព្រមព្រៀង RCEP បានចូលជាធរមានជាផ្លូវការកាលពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២២កន្លងទៅនេះ។ កិច្ចព្រមព្រៀងនេះ ជាតំបន់ពាណិជ្ជកម្មសេរីធំបំផុតលើពិភពលោក ដោយមានប្រទេសជាសមាជិកចំនួន១៥ រួមមាន៖ ប្រទេសសមាជិកអាស៊ានទាំង១០ បូកជាមួយប្រទេសចិន ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី និងនូវែលហ្សេឡង់។
ក្នុងពិធីបើកកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធនៅសណ្ឋាគារសុខា រាជធានីភ្នំពេញ នាថ្ងៃទី០៣ ខែសីហា សម្តេចតេជោនាយករដ្ឋមន្ត្រី បានលើកឡើងថា កិច្ចព្រមព្រៀង RCEP ត្រូវការចាំបាច់នូវលេខាធិការដ្ឋានដាច់ដោយឡែកមួយឱ្យបានឆាប់បំផុត ដើម្បីសម្របសម្រួលការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងនេះ។
សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់ផងដែរថា កម្ពុជាបានត្រៀមខ្លួនរួចជាស្រេច ក្នុងការធ្វើជាម្ចាស់ផ្ទះនៃលេខាធិការដ្ឋាន RCEP ដោយកំណត់ទីតាំងក្នុងរាជធានីភ្នំពេញ។ ក្នុងពិធីនោះ សម្តេចតេជោ បានបង្ហាញក្តីសង្ឃឹមថា ប្រទេសសមាជិកអាស៊ាន និងប្រទេសសមាជិកដទៃទៀតនឹងគាំទ្រគំនិតផ្តួចផ្តើមនេះ ពេលកម្ពុជាដាក់សំណើ។
ក្នុងជំនួបជាមួយប្រមុខការទូតរបស់ចិន សម្តេចតេជោ ហ៊ុន សែន ក៏បានលើកឡើងលើគំនិតផ្តួចផ្តើមនេះផងដែរ។ សម្តេចតេជោ ហ៊ុន សែន បានស្នើឱ្យរដ្ឋាភិបាលចិនគាំទ្រលើគំនិតផ្តួចផ្តើមនេះ ដោយសារតែចិនជាសមាជិកមួយនៅក្នុងកិច្ចព្រមព្រៀងនេះផងដែរ។
សូមបញ្ជាក់ថា RCEP គឺជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលមានទ្រង់ទ្រាយធំបំផុតលើពិភពលោក ដោយមានប្រជាជនសរុបប្រមាណ ២,២៧០លាននាក់ ទំហំសេដ្ឋកិច្ចសរុប ២៦ទ្រីលានដុល្លារអាមេរិក ទំហំនាំចេញសរុប ៥.២ទ្រីលានដុល្លារអាមេរិក ត្រូវជា ៣០ភាគរយ នៃទំហំសរុបលើពិភពលោក៕