(សៀមរាប)៖ រដ្ឋបាលខេត្ដសៀមរាប បានដាក់គម្រោងឱ្យសហគមន៍ទេសចរណ៍ចំនួន៣ នៅជាប់បឹងទន្លេសាប នៃខេត្ដសៀមរាប បង្កើតរចនាសម្ព័ន្ធគ្រប់គ្រងសម្រាម ដើម្បីប្រកួតប្រជែងយកជយលាភីតំបន់ទេសចរណ៍បរិស្ថានស្អាត ដើម្បីឱ្យមានការទាក់ទាញអ្នកទេសចរណ៍នៅពេលខាងមុខ។

ថ្លែងក្នុងពិធីពិភាក្សាពីការវិចខ្ចប់កាកសំណល់ នៅសហគមន៍ទេសចរណ៍កំពង់ភ្លក់ ស្រុកប្រាសាទបាគង នាថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២ លោក អ៉ឹង គឹមលាង អភិបាលរងខេត្ដសៀមរាប បានលើកឡើងថា តំបន់ទេសចរណ៍ ដែលត្រូវប្រឡងគ្នាជាតំបន់ទេសចរណ៍បៃតងស្អាតទាំងនោះរួមមាន៖ នៅសហគមន៍ទេសចរណ៍កំពង់ភ្លក់ ក្នុងស្រុកប្រាសាទបាគង, សហគមន៍ទេសចរណ៍កំពង់ឃ្លាំង នៅស្រុកសូទ្រនិគម និងសហគមន៍ទេសចរណ៍ចុងឃ្នៀស ក្នុងក្រុងសៀមរាប។

ដោយឡែក អាជ្ញាធរមូលដ្ឋានត្រូវបង្កើតរចនាសម្ព័ន្ធ ពីការគ្របគ្រងសម្រាម សំណល់រឹង ឱ្យបានត្រឹមត្រូវនៅក្នុងតំបន់ក្រោមការគ្រប់គ្រងរបស់ខ្លួន ទាំងនៅក្នុងរដូវវស្សា និងរដូវប្រាំង ដើម្បីប្រគួតប្រជែងយកជ័យលាភីតំបន់ទេសចរណ៍ បៃតងបរិស្ថានស្អាត។ ចំពោះរចនាសម្ព័ន្ធនៃការគ្រប់គ្រងកាកសំណល់ ត្រូវមានអ្នកទទួលទុកដាក់សម្រាម អ្នកគ្រប់គ្រងពីការដឹកជញ្ជូនសម្រាម និងការផ្សព្វផ្សាយពីបរិស្ថានស្អាត ដោយបង្កើតរចនាសម្ព័ន្ធនេះ ក្នុងរយៈពេលមួយខែ។

លោកបានបន្ដថា សហគមន៍ទេសចរណ៍នីមួយៗ ត្រូវសហការគ្នាជាមួយអង្គការដៃគូរ និងប្រជាសហគមន៍ ព្រះសង្ឃ យុវជនស្ម័គ្រចិត្ដ ដោយបំផុសគំនិតឱ្យពួកគាត់ឱ្យចេះស្រលាញ់បរិស្ថាន ដូចជា៖ ការដើររើសសម្រាម ត្រូវវេចខ្ចប់សម្រាមឱ្យបានត្រឹមត្រូវ និងយកសម្រាមទៅដាក់ក្នុងធុងសម្រាម។ ចំណែកនៅតាមទូកទេសចរណ៍ត្រូវដាក់ពាក្យស្លោកពីបរិស្ថានស្អាត ជាមួយនឹងនៅតាមផ្ទះផងដែរ។ ការគ្រប់គ្រងសម្រាមនៅតំបន់ទេសចរណ៍បឹងទន្លេសាប បានល្អប្រសើរនឹងទទួលបានប័ណ្ណសរសើរ ចាប់ពីថ្នាក់ឃុំរហូតដល់ថ្នាក់ខេត្ដ។ អាជ្ញាធរ និងថ្នាក់ដឹកនាំសហគមន៍ទេសចរណ៍ ត្រូវយកចិត្ដទុកដាក់ពីការថែរក្សាបរិស្ថានប្រកបដោយនិរន្ដរភាព ដើម្បីទាក់ទាញអ្នកទេសចរ។

ទន្ទឹមនឹងនោះលោក អ៉ឹង គឹមលាង បានគូសបញ្ជាក់ថា តំបន់ទេសចរណ៍កំពង់ភ្លក់ ជាតំបន់ទេសចរណ៍គំរូផ្នែកបរិស្ថានស្អាត ក្នុងចំណោមតំបន់ទេសចរណ៍ទាំង៣ នៅបឹងទន្លេសាប។ សហគមន៍ទេសចរណ៍កំពុងភ្លុក ជារមណីយដ្ឋានទេសចរណ៍បែបធម្មជាតិ និងវប្បធម៌ មានទីតាំងស្ថិតនៅក្នុងភូមិគោកក្តុល ឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ដែលមានចម្ងាយប្រមាណជា៣២គីឡូម៉ែត្រ ពីទីរួមខេត្ត នៅទីនេះមានសក្តានុពលទេសចរណ៍សំខាន់ៗ ដូចជា៖ បឹងទន្លេសាប អាហារធម្មជាតិ និងព្រៃធម្មជាតិគួរឱ្យចង់គយគន់ផងដែរ។

ជាមួយនេះដែរ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ អាចមកជិះទូកលំហែកម្សាន្ត ស្វែងយល់ពីជីវភាពរស់នៅរបស់ប្រជានេសាទក្នុងតំបន់នេះ។ ដោយអាចធ្វើដំណើរដោយជិះទូក ឬកាណូត ដើម្បីបានទៅមើលព្រៃលិចទឹក មើលផ្ទះបណ្តែតទឹក បែរចិញ្ចឹមត្រី និងទស្សនាកន្លែងផ្សេងៗទៀត ហើយនៅពេលល្ងាចក៏អាចគយគន់ថ្ងៃលិចដ៏ស្រស់ស្អាត នៅលើផ្ទៃទឹកដ៏ធំល្វឹងល្វើយ នៃបឹងទន្លេសាបផងដែរ៕