(ភ្នំពេញ)៖ សហព័ន្ធកីឡាវាយសីកម្ពុជា បានសហការជាមួយ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា រៀបចំការប្រកួតជម្រុះកីឡាវាយសី យុវជនអាយុក្រោម ១៥ឆ្នាំ ដើម្បីចម្រាញ់រកជើងខ្លាំងវ័យក្មេង ១០នាក់មកបំប៉នសមត្ថភាពត្រៀមចូលរួមប្រកួតកីឡាវាយសី យុវជន កម្រិតពិភពលោក World Youth Games 2018 នៅប្រទេសអាហ្សង់ទីន។

ការប្រកួតជម្រុះនេះ នឹងធ្វើឡើងរយៈពេល ២ថ្ងៃ នៅថ្ងៃទី២៨-២៩ ខែឧសភា ឆ្នាំ២០១៦នេះ នៅលើទីលានក្នុងពហុកីឡដ្ឋានជាតិ ដោយមានការចូលរួមពីកីឡាករ-កីឡាការិនីអាយុក្រោម ១៥ឆ្នាំចំនួន ២៥នាក់ ក្នុងនោះមានកីឡាការិនី២នាក់ ដែលមកពីតាមបណ្ដាក្លឹប កីឡាវាយសីនានាទូទាំងប្រទេសកម្ពុជា។

លោក ជាម សុភា អគ្គលេខាធិការសហព័ន្ធកីឡាវាយសីកម្ពុជា បានថ្លែងឲ្យដឹងថា នៅក្នុងចំណោមអ្នកកីឡាករវ័យក្មេងទាំង២៥នាក់ ដែលចូលរួម គឺជម្រុះយកតែ ១០នាក់ប៉ុណ្ណោះ សម្រាប់បំប៉នសមត្ថភាពពួកគេ ត្រៀមចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាវាយសី កម្រិតពិភពលោកខាងលើ ប៉ុន្ដែក្នុងនោះកីឡាការិនី ២រូប ដែលចូលរួមត្រូវបានសហព័ន្ធផ្ដល់សិទ្ធិពិសេសឲ្យជាប់ដោយស្វ័យប្រវត្តិ តែម្ដង។

លោកបន្ដថា ការប្រកួតនេះបែងចែកជា ៤ពូល សម្រាប់ផ្នែកយុវជន ដោយត្រូវឆ្លងកាត់ប្រកួតវិលជុំ ដើម្បីជម្រុះយកកីឡាករលេខ១ និងលេខ២ ឡើងទៅវគ្គបន្ដ។ ជាមួយគ្នានេះ សហព័ន្ធក៏មានរៀបចំប្រាក់រង្វាន់លើកទឹកចិត្តដល់អ្នក ដណ្ដើមបានជ័យលាភីផងដែរ ដោយលេខ១ ទទួលបាន ២០ម៉ឺនរៀល, លេខ២ នឹងទទួលបាន ១២ម៉ឺនរៀល និងលេខ៣ ទទួលបាន ៨ម៉ឺនរៀល៕