(ភ្នំពេញ)៖ លោក ជា វ៉ាន់ដេត រដ្ឋមន្ដ្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២២នេះ បានបញ្ជាក់ឲ្យដឹងថា ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ កំពុងធ្វើកំណែទម្រង់ លើក្រុមហ៊ុនទូរគមនាគមន៍កម្ពុជា (Telecom Cambodia) ឲ្យប្រែក្លាយជាប្រភពចំណូលជូនរដ្ឋ។

ការបញ្ជាក់បែបនេះធ្វើឡើងក្នុងឱកាសដែល លោក ជា វ៉ាន់ដេត អញ្ជើញចូលរួម ក្នុងសន្និសីទសារព័ត៌មាន ស្តីពី «សមិទ្ធផលសម្រេចបាន រយៈពេល៥ឆ្នាំកន្លងមក របស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍» នៅទីស្តីការគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២២នេះ។

រដ្ឋមន្ដ្រី ជា វ៉ាន់ដេត បានបញ្ជាក់យ៉ាងដូច្នេះថា «យើងក៏បានកែទម្រង់ទូរគមនាគមន៍កម្ពុជា (Telecom Cambodia) ប៉ុន្ដែការកែទម្រង់នេះ យើងគ្រាន់តែគោលដៅកុំឲ្យខាន ព្រោះទូរគមនាគមន៍កម្ពុជា៣ឆ្នាំមុន ក្នុងពេលខ្ញុំចូលមកដល់ មានការខាតអស់ចំនួន១៤លានដុល្លារ»

បន្ថែមពីនោះទៀត លោក ជា វ៉ាន់ដេត បានគូសបញ្ជាក់ថា ក្រសួងធ្វើកំណែទម្រង់ឲ្យលែងខាត ហើយក៏មិនទាន់ចំណេញ ហើយក៏មិនមានអនាគតល្អដែរ ចំពោះក្រុមហ៊ុនទូរគមនាគមន៍កម្ពុជា ប៉ុន្ដែការកែទម្រង់នេះ ធ្វើម្ដេចជៀងវាងកុំឲ្យខាត ដោយរកដៃគូដែលមានសមត្ថភាព ចូលមកវិនិយោគ ដើម្បីរុញឲ្យក្រុមហ៊ុននេះ ឲ្យទៅជាក្រុមហ៊ុនចំណេញវិញ។

លោករដ្ឋមន្ដ្រីបានថ្លែងថា «ទស្សនៈរបស់ខ្ញុំ ចង់ឃើញក្រុមហ៊ុននេះរកចំណូលបាន ដើម្បីរកចំណូលបាន ទាល់តែមានដៃគូសហការ»

លោក ជា វ៉ាន់ដេត បានលើកឡើងថា លោកចង់ឃើញក្រុមហ៊ុនទូរគមនាគមន៍កម្ពុជា រកចំណូលបាន ដោយលោកឧទាហរណ៍ថា បច្ចុប្បន្ននេះ ក្រុមហ៊ុននេះអត់ចំណេញទេ ប៉ុន្តែបើមានដៃគូសហការក្រុមហ៊ុននេះអាចរកចំណូល ឧទាហរណ៍ថា បាន១០០ដុល្លារ គ្រាន់តែបង់ចំណូលបែងចែកជូនរដ្ឋ ១០លានដុល្លារ បង់ VAT ១០លានដុល្លារ ដូច្នេះក្រុមហ៊ុននេះ ក្លាយទៅជាក្រុមហ៊ុនមួយ ដែលរកចំណូលចូលរដ្ឋបាន។

រដ្ឋមន្ដ្រី ជា វ៉ាន់ដេត បានបញ្ជាក់ថា ក្រុមហ៊ុនទូរគមនាគមន៍កម្ពុជា អត់មានបានចំណេញទេ ប៉ុន្តែបើសិនជាមានរៀបចំឲ្យត្រូវ ទោះបីមិនបានចំណេញ ក៏ប៉ុន្តែបានចំណូលបង់ចូលរដ្ឋ ដោយក្រុមហ៊ុនជាដៃគូ។

ក្រុមហ៊ុន ទូរគមនាគមន៍កម្ពុជា ជាសហគ្រាសសាធារណៈរបស់រដ្ឋ ដែលធ្វើប្រតិបត្តិការបណ្តាញ និងផ្តល់សេវាទូរគមនាគមន៍ បង្កើតឡើងនៅឆ្នាំ២០០៥។

សូមជម្រាបថា បច្ចុប្បន្នកម្ពុជា មានប្រតិបត្តិករកំពុងប្រតិបត្តិការ ក្នុងវិស័យទូរគមនាគមន៍ រួមមាន៖

* ប្រតិបត្តិករទូរសព្ទចល័តចំនួន ៥
* ប្រតិបត្តិករផ្តល់សេវាអ៊ីនធឺណិត (ISP) ចំនួន៣៨
* ប្រតិបត្តិករហេដ្ឋារចនាសម្ព័ន្ធខ្សែកាបអុបទិកលើគោក និងខ្សែកាបអុបទិកក្រោមបាតសមុទ្រចំនួន៥។
* ចំនួនស្ថានីយ៍អង់តែនទូរសព្ទចល័តកំពុងប្រើប្រាស់ទូទាំងប្រទេស ១១,៤៨៩
* បណ្តាញខ្សែកាបអុបទិកឆ្អឹងខ្នង មាន ១៩,២៧៩ គីឡូម៉ែត្រ
* បណ្តាញខ្សែកាបអុបទិកក្រោមបាតសមុទ្រ មានប្រវែងក្នុងដែនសមុទ្រកម្ពុជា ៦៤០ គីឡូម៉ែត្រ
* គម្រោងបណ្តាញខ្សែកាបអុបទិកក្រោមបាតសមុទ្រ ហុងកុង-ព្រះសីហនុ ប្រវែងសរុប ២,៧១៥ គីឡូម៉ែត្រ
* ទិន្នន័យអ្នកប្រើប្រាស់សេវាទូរសព្ទនិងអ៊ីនធឺណិត៖ សេវាទូរសព្ទចល័ត ១៩,៣៤៧,៨៩២ និងសេវាអ៊ីនធឺណិតចល័ត ១៧,៤៨៧,៩២២, សេវាទូរសព្ទអចល័ត ៣៩,៩៥២ និងសេវាអ៊ីនធឺណិតអចល័ត ៣១២,២៣៣
* ទិន្នន័យអ្នកប្រើប្រាស់បណ្តាញសង្គម Facebook: ១៣.២ លាន, Messenger: ១១.៩ លាន, Instagram: ២.០៧លាន៕