(ភ្នំពេញ)៖ សញ្ញាបត្រផ្តល់ជូននិសិ្សត ដែលបញ្ចប់ការសិក្សាដោយជោគជ័យ សរុបចំនួន៣៧១នាក់ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ចំនួន៥នាក់ និសិ្សតថ្នាក់បរិញ្ញាបត្រ ចំនួន៣៣៧នាក់ (នារី១០៩នាក់) និងថ្នាក់បរិញ្ញាបត្ររង ចំនួន២៩នាក់ (នារី៧នាក់)។

ក្នុងនោះដែរ និសិ្សត អាហាររូបករណ៍របស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត មានចំនួន៥០នាក់ (នារី១៦នាក់) អាហារូបករណ៍របស់ក្រសួងអប់រំ យុវជន និងកីឡា សរុបចំនួន៣៩នាក់ (នារី១៥នាក់) អាហារូបករណ៍របស់គម្រោងធនាគារពិភពលោក សរុបចំនួន៨នាក់ (នារី៣នាក់) និងអាហារូបករណ៍របស់ សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តសៀមរាប ចំនួន៣នាក់។

ឆ្លងកាត់កាងារជាក់ស្តែង១២ឆ្នាំកន្លងមកនេះ ពោលគឺចាប់តាំងពីការចាប់ផ្តើមដំណើរការ សាកលវិទ្យាល័យអង្គរ នៅក្នុងឆ្នាំ២០០៤ ជាមេរៀនបទពិសោធន៍ដ៏មានតម្លៃបានបង្ហាញឲ្យឃើញថា គុណភាពនៃការបណ្តុះបណ្តាលគឺ ស្ថិតនៅលើសមត្ថភាពនៃការដឹកនាំ សីលធម៌វិជ្ជាជីវៈ សមត្ថភាពនៃការបង្រៀន ការខិតខំប្រឹងប្រែងសិក្សារបស់និសិ្សតខ្លួនឯង កម្មវិធីសិក្សាល្អ ស្របតាមទីផ្សាការងារព្រមទាំង​ មានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគ្រប់ផ្នែក និងការផ្តល់ធនធានសម្ភារៈរូបវន្តគ្រប់គ្រាន់ដើម្បីធានាឲ្យបាននូវការបណ្តុះបណ្តាល ស្របតាមស្តង់ដាជាតិ ដែលទទួលស្គាល់គុណភាព ពីគណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំ នៃកម្ពុជា៕