(ភ្នំពេញ)៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅពេលបច្ចុប្បន្ននេះ កំពុងមមាញឹកខ្លាំងក្នុងការវាស់ស្ទង់កម្រិតសេវាទូរស័ព្ទ ក្រោយមានការត្អូញត្អែរ ពីសំណាក់ប្រជាពលរដ្ឋ ដោយសារតំបន់ខ្លះស្ទើរតែគ្មានសេវាប្រើប្រាស់តែម្ដង។

វិធានការចំពោះមុខ ក្រសួង និងប្រតិបត្តិការផ្គត់ផ្គង់សេវាទូរស័ព្ទ កំពុងរួមគ្នាសិក្សា ដើម្បីរៀបចំតម្លើងបង្គោលអង់តែនបន្ថែមទៀត នៅរាជធានីភ្នំពេញ ពិសេសនៅតាមបណ្ដាបុរី។

លោក ជា វ៉ាន់ដេត រដ្ឋមន្ដ្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានអះអាងថា នៅពេលកំពុងសិក្សាតម្លើងបង្គោលអង់តែនបន្ថែមទៀតនេះ ក៏មានប្រជាពលរដ្ឋមួយចំនួនហាក់ សម្ដែងនូវការមិនពេញចិត្ត ចំពោះការតម្លើងបង្គោលនេះ នៅក្បែរផ្ទះរបស់ពួកគាត់នោះទេ ដោយពួកគាត់មានការយល់ច្រឡំថា បង្គោលអង់តែននេះមានផលប៉ះពាល់ដល់សុខភាពរបស់ពួកគាត់ជាដើម។

ក្នុងសន្និសីទសារព័ត៌មានរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២២នេះ ក្រោមប្រធានបទ «សមិទ្ធផលដែលសម្រេចបានរយៈពេល៥ឆ្នាំ របស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍» លោក ជា វ៉ាន់ដេត បានគូសបញ្ជាក់ថា តាមអ្វីដែលលោកបានសិក្សាស្រាវជ្រាវគ្មានស្ថាប័នអន្ដរជាតិមួយណា វាយតម្លៃថា បង្គោលអង់តែនេះប៉ះពាល់ដល់សុខភាពនោះឡើយ។

ឆ្លើយតបនឹងសកម្មភាពរារាំងនេះ លោករដ្ឋមន្ដ្រី ជា វ៉ាន់ដេត បានសង្កត់ធ្ងន់ថា ក្រសួងនឹងប្រើប្រាស់វិធានការច្បាប់ ចំពោះជនទាំងឡាយណា ដែលរារាំងដល់សកម្មភាពនៃការតម្លើងបង្គោលអង់តែន ក្រោមហេតុផលមិនសមស្រប។

លោករដ្ឋមន្ដ្រី បានថ្លែងយ៉ាងដូច្នេះថា «តំបន់មួយចំនួនប្រជាពលរដ្ឋអត់ព្រមឲ្យសង់បង្គោលអង់តែន ដោយលើកមូលហេតុថា បង្គោលអង់តែនធ្វើឲ្យប៉ះពាល់សុខភាពរបស់គាត់។ អញ្ចឹងសួរទៅវិញ បើគាត់ថាប៉ះពាល់សុខភាព ចុះប្រជាជនពិភពលោកទាំងមូល គេប្រើបង្គោលអង់តែនទាំងអស់។ នេះជាមូលហេតុដែលគ្មានសមហេតុផល។ បើសិនតែនៅរឹងទទឹងទៀតនឹងចាត់វិធានការ»

បើតាមលោក ជា វ៉ាន់ដេត, តាមការសិក្សាកំដៅដែលចេញពីបង្គោលអង់តែននេះ គឺតិចជាងកំដៅព្រះអាទិត្យ ដែលយើងប៉ះរាល់ថ្ងៃ ដល់ទៅ១០ដងឯណោះ ដូច្នេះហើយគ្មានហេតុផលណាដែលបង្គោលអង់តែនេះ ប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋនោះទេ។

ពាក់ព័ន្ធការពង្រឹងគុណភាពសេវាទូរស័ព្ទនៅតាមបណ្ដាបុរីក្នុងរាជធានីភ្នំពេញ លោករដ្ឋមន្ដ្រី បានឲ្យដឹងថា ក្រសួងបានបង្កើតក្រុមការងារចំនួន៨ សម្រាប់ចុះពង្រឹងគុណភាពសេវា និងស្នើសុំកិច្ចសហការពីម្ចាស់បុរីក្នុងការជំរុញគុណភាព។ បច្ចុប្បន្នក្រុមការងារបានចុះដល់បុរីជាង៦០ ក្នុងចំណោមបុរីជាង១០០នៅរាជធានីភ្នំពេញ ហើយក្រោយកែសម្រួល និងតម្លើងអង់តែនថ្មី ឃើញថា សេវាទូរស័ព្ទមានឡើងវិញ អាចឲ្យប្រជាពលរដ្ឋប្រើប្រាស់បាន។

លោក ជា វ៉ាន់ដេត នៅតែអះអាងថា បញ្ហាគុណភាពសេវាទូរស័ព្ទអន់ថយនេះ នឹងត្រូវបញ្ចប់នៅពេលឆាប់ៗខាងមុខនេះ ប៉ុន្ដែការងារនេះទាមទារឲ្យមានការចូលរួមពីប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋានទាំងអស់ ពិសេសប្រជាពលរដ្ឋ ត្រូវចូលរួមសហការដោះឧបករណ៍ពង្រីកកម្លាំងសេវា ដែលពួកគាត់បំពាក់បន្ថែមនេះចេញ ទើបក្រុមការងារវាយតម្លៃរកវិធីសាស្ដ្រដោះស្រាយបានលឿន៕