(កោះកុង)៖ បុរសម្នាក់ស្រវឹងស្រាជោគជាំ បើករថយន្ដរកកន្លែងដេកមិនទាន់ បុកចូលគ្លីនិកលក់ថ្នាំពេទ្យ បង្កឱ្យមានភាពភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ នៅក្រុងខេមរភូមិន្ទខេត្តកោះកុង។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងនៅយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិ២ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។

សមត្ថកិច្ចមូលដ្ឋាន បានឱ្យដឹងថា មុនពេលកើតហេតុបុរសម្នាក់ឈ្មោះ ឃុន សៅរិទ្ធ អាយុ២៧ឆ្នាំ បំរើការនៅក្រុមហ៊ុនស្រាបៀរ បើករថយន្ដហ៊ីយ៉ានដាយ ពាក់ស្លាកលេខបន្ទាយមានជ័យ2A-5836 រួមជាមួយអ្នករួមដំណើរបីនាក់មិនស្គាល់ឈ្មោះ បានបុកចូលគ្លីនិកលក់ថ្នាំពេទ្យ១កន្លែង ស្ថិតជិតរង្វង់មូលយាយរែល សំណាងគ្មានអ្នករងគ្រោះធ្ងន់ធ្ងរ តែបណ្ដាលឲ្យគ្លីនិច និងរថយន្ដខូចខាតយ៉ាងដំណំ។

ក្រោយពេលកើតហេតុ រថយន្ដត្រូវបានសមត្ថកិច្ចយកទៅរក្សាទុក នៅអធិការដ្ឋាននគរបាលក្រុងខេមរភូមិន្ទ ដើម្បីរង់ចាំការដោះស្រាយ៕