(សេអ៊ូល)៖ កូរ៉េខាងជើង នៅថ្ងៃសៅរ៍នេះ បានគំរាម​បាញ់នាវា​របស់កូរ៉េខាងត្បូង បើសិនជា​ពួកគេ​មានឆ្លងកាត់​ព្រំដែន​មាន​ជម្លោះនៅ​ភាគខាងលិច ដែលការគំរាមបាញ់នេះ ត្រូវបានធ្វើឡើងមួយថ្ងៃបន្ទាប់ពីនាវាកូរ៉េខាងត្បូងបានបាញ់​ព្រមាន​នាវាល្បាត​របស់​កូរ៉េខាងជើង ដែលបានឆ្លងចូលព្រមដែនមានជម្លោះ នេះបើយោងតាមការចេញផ្សាយសារព័ត៌មាន AP នៅថ្ងៃទី២៨ ខែឧសភា។

នៅក្នុងសេចក្ដីថ្លែងការណ៍ដែលចេញផ្សាយដោយសារព័ត៌មានជាតិកូរ៉េខាងជើង បានឲ្យដឹងថា មេបញ្ជាការកងទ័ព​ប្រជាជនកូរ៉េ បានបញ្ជាឲ្យកងទ័ពនៅតាមព្រំដែន​​ ជាពិសេសគឺនៅតាមដែនសមុទ្របង្កើនការប្រុងប្រយ័ត្ន ហើយបើសិន​ជា​នាវារបស់កូរ៉េខាងត្បូងហ៊ានឆ្លងដែនចូលត្រឹមតែ «០.០០១មីលីម៉ែត្រ» ក៏មិនលើកលែងឲ្យដែរ។

គួរបញ្ជាក់ផងដែរថា នៅព្រឹកថ្ងៃសុក្រម្សិលមិញនេះ មន្ត្រីជាន់ខ្ពស់យោធាកូរ៉េខាងត្បូង បានថ្លែងថា នាវាកូរ៉េខាងត្បូង បាន​បាញ់ព្រមានដល់នាវាល្បាតកូរ៉េខាងជើង ដែលបានឆ្លងកាត់ព្រំដែនហាមឃាត់ និងជាទីមាន​ជម្លោះ៕