(កំពង់ស្ពឺ)៖ លោក ហ៊ុន ម៉ាណែត បានបញ្ជាក់ឲ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា បាននិងធ្វើអ្វីៗគ្រប់បែបយ៉ាង ដើម្បីឲ្យប្រជាជនឲ្យរស់នៅបានសុខ និងមានជីវភាព ធូរធា និងមានការអភិវឌ្ឍហើយរាជរដ្ឋាភិបាល ប្រៀបដូចជាឪពុកម្តាយចិញ្ចឹមកូនចៅ នៅក្នុងគ្រួសារមួយ និងគ្មានឪពុក ម្តាយណា មិនស្រឡាញ់កូនចៅខ្លួននោះទេ គឺយកចិត្តទុកដាក់ចិញ្ចឹមបីបាច់ថែរក្សាកូនចៅរបស់ខ្លួន។

នេះគឺជាការលើកឡើងរបស់ លោក ហ៊ុន ម៉ាណែត តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ក្នុងពិធីកាត់ឬសសីមា នៅវត្តគីរីសោភ័ណ្ឌ ឃុំកាត់ភ្លុក ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៦។

លោក ហ៊ុន ម៉ាណែត បានថ្លែងទៅកាន់ប្រជាពលរដ្ឋរាប់រយនាក់ថា ថ្នាក់ដឹកនាំដែលទទួលខុសត្រូវ គឺបានយល់ និងគិតពីប្រជាពលរដ្ឋជានិច្ច ហើយ រាជរដ្ឋាភិបាល បានផ្តល់ឱកាស ឲ្យយុវជនបានសិក្សារៀនសូត្រ ខិតខំរកជំនួយពីបរទេស ដើម្បីអភិវឌ្ឍប្រទេសជាតិ និងខិតខំស្វែងរកវិនិយោគិនបរទេស ដើម្បីផ្តល់ឱកាសការងារជូនកូនចៅប្រជាពលរដ្ឋ និយាយជារួមធ្វើអ្វីៗ ដើម្បីឲ្យគាត់រស់នៅបានសុខសប្បាយ និងមានជីវភាពធូធារ។

ក្នុងឱកាសនោះ លោក ហ៊ុន ម៉ាណែត បានអបអរសាទរ និងថ្លែងអំណរគុណ ចំពោះព្រះសង្ឃ និងប្រជាពលរដ្ឋ ដែលមានទឹកចិត្ត សទ្ធាជ្រះ ថ្លានិងខិតខំកសាងរួមគ្នា នូវសមិទ្ធផលនានា នៅក្នុងទីអារាមនេះ ដែលនេះគឺជាការចូលរួមការ អនុវត្តគោលនយោបាយ រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍប្រទេសជាតិ។

លោក យឹម សុខុន ប្រធានក្រុមប្រឹក្សាខេត្ត បានលើកឡើងក្នុងពិធីនោះថា «ប្រទេសជាតិទាំងមូល និយាយជារួម និងនិយាយដោយឡែក ស្រុកបរសេដ្ឋបានទទួលនូវសមិទ្ធផលជាច្រើន ក្នុងនោះសមិទ្ធផល ដែលមិនអាចកាត់ថ្លៃបានគឺសុខសន្តិភាព និងស្ថេរភាពដែលធ្វើឱ្យ ប្រជាពលរដ្ឋរស់នៅ មានសេចក្តីសុខ និងជីវភាពរស់នៅធូធារ ព្រោះបើគិតពីប្រាក់ចំណូល ដែលកូនចៅប្រជាពលរដ្ឋកម្មករ កម្មការិនី ប្រមាណ១២ម៉ឺននាក់ ទទួលបាននៅក្នុងមួយខែ គឺមានទឹកប្រាក់ចំនួន២០លានដុល្លារ ដែលទាំងអស់នេះ គឺជាគោលនយោបាយរបស់ រាជរដ្ឋាភិបាល ក្នុងការបង្កើនកំរិតជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ»

បើតាមរបាយការណ៌សាងសង់បានឱ្យដឹងថា ព្រះវិហារនេះ មានក្បាច់រចនា ដែលត្រូវបានបា្ររព្ធពិធីកាត់ឬសសីមានេះ និងសមិទ្ធផលនានា រួមមានកុដ សាលាឆាន់ ស្រះទឹក ក្លោងទ្វា ដងទង់ បង្គន់អានាម័យ ដែលដាក់សម្ពោធ បានចាប់ផ្តើមកសាង នៅឆ្នាំ១៩៩៨ និងបញ្ចប់ជាស្ថាពរនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៦ ដែលថវិកាចំណាយនេះ បានមកពីការចូលរួមពីសំណាក់ ពុទ្ធបរិស័ទចំណុះ ជើងវត្ត ​និងពុទ្ធបរិស័ទ ក្នុងនិងក្រៅប្រទេស ដើម្បីសម្រេចបាននូវសមិទ្ធផលទាំងនេះ៕