(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២២នេះ បានអះអាងថា បច្ចុប្បន្នជារៀងរាល់ខែ រាជរដ្ឋាភិបាលត្រូវបន្តចំណាយ៤០លានដុល្លារ ដើម្បីជួយដល់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយជំងឺឆ្លងកូវីដ១៩ ហើយឥឡូវនៅបន្តចិញ្ចឹមប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដដែល។

ការអះអាងបែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្ដេចតេជោ ហ៊ុន សែន អញ្ជើញទទួលសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកអភិវឌ្ឍន៍ ពីសាកលវិទ្យាល័យភ្នំពេញ នាព្រឹកថ្ងៃសុក្រ ទី០៥ ខែសីហា ឆ្នាំ២០២២នេះ។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «ឥឡូវយើងកំពុងតែបន្ដចិញ្ចឹមប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ពីកូវីដ រងផលប៉ះពាល់ដោយអតិផរណា ដោយក្នុងមួយខែ យើងត្រូវចំណាយប្រមាណ៤០លានដុល្លារ ដើម្បីជួយប្រជាជន»

សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា ខ្មែរក្រ ក៏ប៉ុន្តែខ្មែរយកចិត្តទុកដាក់ ទៅលើសុខមាលភាព និងការរស់រានរបស់ប្រជាជន។

សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ទៀតថា កម្មករឥឡូវមិនមានបញ្ហាទៀតទេ នៅសល់តែកម្មករផ្នែកសណ្ឋាគារ នៅខេត្តសៀមរាបតែប៉ុណ្ណោះ ដែលត្រូវផ្តល់ប្រាក់ឲ្យគាត់ប្រចាំខេត្ត ហើយកម្មវិធីសង្គមទាក់ទងនឹងអ្នកមានផ្ទៃពោះ៖ ពីចាប់ផ្តើមមានផ្ទៃពោះ រហូតដល់កូនអាយុពីរឆ្នាំ នៅតែអនុវត្តធម្មតា និងកម្មវិធីជួយកម្មការិនីរោងចក្រដែលឆ្លងទន្លេ នៅតែផ្តល់ធម្មតា។

បន្ថែមពីនោះទៀត សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា រាជរដ្ឋាភិបាល នឹងបន្តជួយដល់មនុស្សជិត៣លាននាក់បន្ថែមទៀត ដែលមិនឲ្យគាត់ស្ថិតក្នុងស្ថានភាពលំបាក ក្នុងកាលៈទេសៈនៃកូវីដ-១៩ និងអតិផរណានោះទេ។

ក្នុងឱកាសនោះ សម្ដេចតេជោ ហ៊ុន សែន បានអំពាវនាវឲ្យនៅតែបន្ដការខិតខំ ការទប់ស្ដាត់ជំងឺឆ្លងកូវីដ-១៩ និងអំពាវនាវឲ្យប្រជាពលរដ្ឋ បន្ដអនុវត្ដ៣កុំ ៣ការពារ និងបន្តយកវ៉ាក់សាំង ហើយក្មួយៗជាសិស្សសាលា និងនិស្សិតប្រមាណជិត៤លាននាក់ ត្រូវដាក់ជាក្រុមអាទិភាព ដែលនឹងទទួលបានវ៉ាក់សាំង ដូចជាកម្លាំងប្រដាប់អាវុធ។

ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវឲ្យយកចិត្តទុកដាក់ ទៅលើបញ្ហាជំងឺអុតស្វាយ ដែលត្រូវការការពារ និងពិនិត្យតាមដានឲ្យជាប់ នៃផ្នែកវិស័យសុខាភិបាលផងដែរ។

សូមជម្រាបថា គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាល ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន១៣៦,៩៥៩នាក់, អ្នកជាសះស្បើយសរុបចំនួន ១៣៣,៦៤០នាក់, ស្លាប់សរុបចំនួន ៣,០៥៦នាក់៕